សេដ្ឋកិច្ច
អន្តរជាតិ
រុស្ស៊ី មានបំណងរៀបចំដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា
26, Dec 2023 , 4:09 pm        
រូបភាព
អគ្គរដ្ឋទូត (ស្តាំ) និងអនុព័ន្ធយោធារុស្ស៊ីប្រចាំកម្ពុជា ថ្លែងសន្និសីទសារព័ត៌មាននៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៣ ។
អគ្គរដ្ឋទូត (ស្តាំ) និងអនុព័ន្ធយោធារុស្ស៊ីប្រចាំកម្ពុជា ថ្លែងសន្និសីទសារព័ត៌មាននៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៣ ។
លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាបាននិយាយថា ទីក្រុងមូស្គូមានបំណងរៀបចំការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា និងជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម។

រុស្ស៊ីប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងកម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ចជាមួយការថ្នាក់ដឹកនាំអណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា។ នេះជាការបញ្ជាក់របស់លោក អាណាតូលី បូរ៉ូវីក នៅសន្និសីទសារព័ត៌មានថ្ងៃទី២៦ ខែធ្នូ មុនបន្តថា រុស្ស៊ីមានបំណងរៀបការផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងខ្ពស់បំផុតជាមួយកម្ពុជា។ 
 
លោក បូរ៉ូវីក និយាយថា ស្ថានទូតរុស្ស៊ីកំពុងពិនិត្យលទ្ធភាព រៀបចំរបៀបវារៈមួយចំនួនដូចជា ឯកសារ ឬកិច្ចព្រមព្រៀមដើម្បីចុះហត្ថលេខាជាមួយគ្នាអំឡុងទស្សនកិច្ចខាងមុខដែរ។  
ចំពោះមុខអ្នកកាសែតកម្ពុជា អ្នកការទូតរូបនេះបញ្ជាក់ថា បើទោះបីរងទណ្ឌកម្មពីលោកខាងលិច ក៏រុស្ស៊ីអាចរក្សារនូវកំណើនសេដ្ឋកិច្ចរុស្ស៊ីនៅរង្វង់ ៥ភាគរយ។ ការណ៍នេះបង្ហាញថា រុស្ស៊ីនៅតែដើរតួនាទីយ៉ាងសកម្មក្នុងដោះដូរពាណិជ្ជកម្មជាមួយប្រទេសជាច្រើនរួមទាំងកម្ពុជា។  
 
ជុំវិញការប្តូររូបិយប័ណ្ណសម្រាប់ការទូទាត់រវាងភាគីទាំងពីរ លោក អាណាតូលី បូរ៉ូវី បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា (NBC) និងក្រសួងហិរញ្ញវត្ថុរុស្ស៊ីកំពុងបន្តពិភាក្សាដើម្បីសម្រេចបាននាពេលឆាប់ៗ។ ត្រង់ចំណុចនេះ លោកបានរិះគន់លោកខាងលិចដែលបានចាត់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ព្យាយាមរារាំងប្រទេសផ្សេងៗជុំវិញការទូទាត់ជាមួយប្រទេសខ្លួន។
 
បើតាមលោក អាណាតូលី បូរ៉ូវី ប្រាក់ដុលា្លរដែលកំពុងចរាចរសព្វថ្ងៃកំពុងទទួលការមិនពេញចិត្តជាច្រើនពីសំណាក់ប្រទេសនានា។ រុស្ស៊ី និងមហាអំណាចផ្សេងទៀតដូចជាចិន ឥណ្ឌាជាដើម កំពុងតែអនុវត្តនូវការទូទាត់រវាងគ្នាជារូបិយប័ណ្ណជាតិខ្លួនដើម្បីបញ្ចៀសការប្រើប្រាស់ប្រាក់ដុល្លារ។ 
 
ទន្ទឹមនេះ អាហារូបករណ៍រុស្ស៊ីបន្តផ្តល់ឲ្យសិស្សនិស្សិតកម្ពុជានាពេលបច្ចុប្បន្ន មានចំនួន ៤០កន្លែងរាល់ឆ្នាំ។ រុស្ស៊ីនឹងពិចារណាលើការផ្តល់កូតាអាហារូបករណ៍បន្ថែម ប្រសិនបើកម្ពុជាមានបំណងចង់បង្កើនការផ្លាស់ប្តូរ ឬបញ្ជូននិស្សិតទៅសិក្សានៅរុស្សី​។ 
 
ចំណែកបញ្ហាជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កម្ពុជាមិនបានបោះឆ្នោតគាំទ្រទីក្រុងមូស្គូជុំវិញប្រតិបត្តិការយោធាលើទីក្រុងកៀវឡើយ។ 
ត្រង់ចំណុចនេះ លោកឯកអគ្គរដ្ឋទូតបានបញ្ជក់ថា៖« រុស្ស៊ីគោរពការសម្រេចចិត្តរបស់កម្ពុជា ព្រោះកម្ពុជាជារដ្ឋឯករាជ្យ ប្រជាធិបតេយ្យ និងអាចអនុវត្តគោលនយោបាយពេញលេញ ដូច្នេះរុស្ស៊ីមិនដែលជ្រៀជ្រែករដ្ឋឯករាជ្យ និងអធិបតេយ្យប្រទេសណាមួយឡើយ។ យ៉ាងណាមិញ ជំហររុស្ស៊ីព្យាយាមពន្យល់ដល់សមភាគីកម្ពុជា អំពីការប៉ុនប៉ងរបស់បណ្តាប្រទេសខាងលិចដែលទាញអ៊ុយក្រែនឲ្យចូលស្ថានភាពវឹកវរនេះ​» ។
 
តំណាងរុស្ស៊ី ក៏ឆ្លៀតនិយាយការពារប្រតិបត្តិការនៅអ៊ុយក្រែន និងបកស្រាយមូលហេតុដែលនាំឱ្យរុស្ស៊ីលើកទ័ពចូលអ៊ុយក្រែនថែមទៀត៕
 
 
 

Tag:
 រុស្ស៊ី
  កម្ពុជា
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com