សេដ្ឋកិច្ច
អន្តរជាតិ
ពិភពលោកប្រឈមមុខនឹងយុគសម័យនៃការដំឡើងពន្ធ?
26, Dec 2023 , 5:29 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
ប្រទេសអ្នកមានកំពុងប្រមូលពន្ធច្រើន បើធៀបទសវត្សរ៍មុន ដើម្បីមានថវិកាគ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការចំណាយសាធារណៈ ដែលកំពុងកើនឡើងក្នុងបរិបទនៃអត្រាការប្រាក់ខ្ពស់ ដែលធ្វើឱ្យការខ្ចីប្រាក់កាន់តែពិបាក។

យោងតាមទិន្នន័យពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) សមាមាត្រនៃប្រាក់ចំណូលពន្ធចំពោះផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅប្រទេសអភិវឌ្ឍន៍ធំៗមួយចំនួនរួមមាន បារាំង ជប៉ុន និងកូរ៉េខាងត្បូង។ ចំណូលពន្ធកើនបានរួមចំណែកដល់រដ្ឋាភិបាល ដែលប្រឈមមុខនឹងតម្រូវការចំណាយថ្មីៗ រាប់ចាប់ពីគោលនយោបាយយោធា រហូតដល់វិស័យឧស្សាហកម្ម។
 
នៅអាម៉េរិក ការប្រមូលពន្ធសរុបនៅគ្រប់កម្រិតបានកើនជិត ២៨ភាគរយនៃផលិតផលក្នុងស្រុកសរុប កាលពីឆ្នាំមុន ដែលនេះជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៦៥ ។ ចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៩០ អាម៉េរិកបានផ្លាស់ប្តូរពីឱនភាពថវិកា ទៅជាអតិរេកថវិកា ដោយសារការកើនឡើងចំណូលពន្ធ ការរឹតបន្តឹងការចំណាយ និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំ។
 
ទន្ទឹមនេះ បារាំង និងអាឡឺម៉ង់ចំណូលពន្ធបានកើនឡើងប្រហែល ៤៦ភាគរយនិង ៣៩ភាគរយនៃផលិតផលក្នុងស្រុកសរុបរៀងគ្នា។ ថ្មីៗនេះ រដ្ឋាភិបាលអាល្លឺម៉ង់បានប្រកាសអំពីវិធានការជាបន្តបន្ទាប់ដើម្បីបង្កើនពន្ធលើថាមពល និងកាត់បន្ថយការចំណាយដើម្បីធ្វើឲ្យមានតុល្យភាពថវិកានៅឆ្នាំក្រោយ។
 
ចំណែកទ្វីបអាស៊ី ជាកន្លែងមានចំណូលពន្ធ និងការចំណាយសង្គមកម្រិតទាបជាងបើធៀបនិងអឺរ៉ុប។ យ៉ាងណាមិញ  ថ្មីៗនេះចំណូលពន្ធដែលសមាមាត្រទៅផលិតផលក្នុងស្រុកសរុប បានឃើញការកើនឡើងដល់កម្រិតខ្ពស់នៅជប៉ុន និងកូរ៉េខាងត្បូង ដែលខិតជិតដល់កម្រិតនៅអឺរ៉ុបដែរ។
 
ការកើនឡើងនៃសមាមាត្រចំណូលពន្ធទៅនឹង GDP មានន័យថា ពន្ធកំពុងកើនឡើងលឿនជាងកំណើន GDP ដែលឆ្លុះបញ្ចាំងពីតួនាទីរបស់រដ្ឋាភិបាលក្នុងសេដ្ឋកិច្ចកាន់តែប្រសើរឡើង។ សេដ្ឋវិទូយល់ថា និន្នាការនេះមានទំនោរដាក់សម្ពាធលើការចំណាយប្រជាជន និងសកម្មភាពផលិតកម្ម ដោយសារចំណែកដ៏ធំនៃប្រាក់ចំណូលត្រូវបានប្រើប្រាស់ គឺសម្រាប់តែបង់ពន្ធ ដែលបង្ករឧបសគ្គដល់កំណើនសេដ្ឋកិច្ច។
 
យ៉ាងណា រដ្ឋាភិបាលមួយចំនួនបានបង្កើនចំណូលពន្ធដោយមិនចាំបាច់ដំឡើងអត្រាពន្ធ។ ត្រង់ចំណុចនេះ ចំណូលពន្ធបានកើនឡើងដោយសារអតិផរណាខ្ពស់ ដែលជំរុញឱ្យតម្លៃ និងប្រាក់ឈ្នួលកើនឡើង។ យ៉ាងណាអ្នកជំនាញលើកឡើងថា ការដំឡើងពន្ធពិតប្រាកដ អាចនឹងកើតមាននៅក្នុងសេដ្ឋកិច្ចអភិវឌ្ឍន៍មួយចំនួនរួមទាំងអាល្លឺម៉ង់ និងអង់គ្លេស។
 
និន្នាការកើនឡើងនៃប្រាក់ចំណូលពន្ធទំនងជានឹងបន្ត ដោយសារការកើនឡើងនៃថ្លៃដើមបំណុល ជាមួយតម្រូវការចំណាយសាធារណៈកើនរាប់ពីថវិកាយោធា ការទទួលបន្ទុកមនុស្សចាស់ និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ បើតាមលោក Kurt van Dender មន្ត្រីស្ថិតិពន្ធនៅ OECD  បានប្រាប់ Wall Street Journal ​ថា​៖ «​ការ​បង្កើន​តួនាទី​របស់​រដ្ឋាភិបាល​ក្នុង​សេដ្ឋកិច្ច ​គឺ​ជៀស​មិន​រួច​នៅ​ចំណុច​នេះឡើយ»។
 
បន្ថែមពីការបង្កើនប្រាក់ចំណូលពន្ធ រដ្ឋាភិបាលក៏កំពុងលើកកម្ពស់ការខ្ចីប្រាក់ពីទីផ្សារមូលបត្របំណុល។ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ បំណុលរបស់រដ្ឋាភិបាលកំពុងប្រែប្រួលប្រហែល ១១២ភាគរយនៃផលិតផលក្នុងស្រុកសរុបពី ១០៤ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០១៩ ហើយអាចបន្តកើនឡើងទៀត។ នេះបើយោងតាមទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។ 
 
បើតាមការវិភាគរបស់ IMF ដោយផ្អែកលើទិន្នន័យពីក្រុមហ៊ុនប្រឹក្សាស្រាវជ្រាវ Teal Insights រដ្ឋាភិបាលទូទាំងពិភពលោកនឹងចំណាយប្រាក់សុទ្ធចំនួន ២ទ្រីលានដុល្លារលើការទូទាត់ការប្រាក់បំណុលសាធារណៈនៅឆ្នាំនេះ ដែលកើនឡើងជាង ១០ភាគរយពីឆ្នាំ ២០២២។ 
 
នេះមានន័យថា ប្រទេសអ្នកមានដែលមានបំណុលសាធារណៈច្រើន ជាមួយឱនភាពថវិកាគ្មានជម្រើសអ្វីផ្សេង ក្រៅពីការបង្កើនចំណូលពន្ធឡើយ។ នៅតំបន់ចាយប្រាក់អឺរ៉ូប្រទេសចំនួន២០ មានការចំណាយរបស់រដ្ឋាភិបាលអាចដល់ ១,៥នៃ GDP ដែលទទួលបាននៅឆ្នាំនេះ។ ចំណែកនៅអាម៉េរិក ការចំណាយរបស់រដ្ឋាភិបាលគឺស្មើរ ៣៨ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលនេះជាអត្រាខ្ពស់ជាងមុនជំងឺកូវីដ-១៩៕ 
 

Tag:
 ពិភពលោក
  ពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com