RFI
សុខភាព
អន្តរជាតិ
ដំណេកខ្លីជា​សម្ព័ន្ធភាព​ដ៏គ្រោះ​ថ្នាក់​នៃ​​​ជំងឺ​រ៉ាំរ៉ៃ
26, Dec 2023 , 9:59 pm        
រូបភាព
ចូលវ័យ ៥០ឆ្នាំ សំរាន្តមិនគ្រប់គ្រាន់ ងាយបង្កគ្រោះថ្នាក់ កើតជំងឺរ៉ាំរ៉ៃ ។ Shutterstock Prostock
ចូលវ័យ ៥០ឆ្នាំ សំរាន្តមិនគ្រប់គ្រាន់ ងាយបង្កគ្រោះថ្នាក់ កើតជំងឺរ៉ាំរ៉ៃ ។ Shutterstock Prostock
ដោយ៖អៀង សុខម៉ិញ
នៅពេល​មាន​ចាប់​ពីអាយុ​៥០​ឆ្នាំ​ឡើង​ទៅ ការ​សំរាន្ត​​តិចម៉ោងពេក​ អាច​នឹង​បង្កើន​គ្រោះ​កើត​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​។ នេះ​បើ​តាម​ការ​ដាស់​តឿន​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​បារាំង​ដែល​ទើប​ចេញ​ផ្សាយ​លទ្ធផល​នៃ​ការ​សិក្សា​របស់​ខ្លួន​ ស្តី​អំពី​ទំនាក់ទំនង​​ដ៏​គ្រោះ​ថ្នាក់​រវាង​ ការ​សំរាន្ត​តិច​ និង​ជំងឺ​រ៉ាំរ៉ៃរបស់​មនុស្ស​នៅពេល​ចូល​វ័យ​៥០​ឆ្នាំ។

ច្បាប់​​ធម្មជាតិ តម្រូវ​ឱ្យ​យើង​​ចំណាយ​ពេល​វេលាក្នុង​មួយ​ថ្ងៃ​ៗ​ យ៉ាង​ហោច​និង​ជា​មធ្យម​មួយ​ភាគបី​​ សម្រាប់​ដេក ព្រោះ ដំណេក​មាន​សារៈសំខាន់​ណាស់​។ ដំណេក​មាន​តួនាទី​គ្រប់គ្រងអារម្មណ៍ គ្រប់​គ្រង​ដំណើរការ​របស់​បញ្ញា របស់​ប្រព័ន្ធការ​ពារខ្លួន ឬ​ដំណើរការ​បំប្លែង​មេតាបូលិក។ ជាង​នេះ​ទៅ​ទៀត ដំណេក​មិន​គ្រប់គ្រាន់​នឹង​​ធ្វើ​ឱ្យ​ខូច​សុខភាព ដោយ​អាច​នឹង​នាំ​ឱ្យ​កើតជំងឺ​​រ៉ាំរ៉ៃ​ ផង សម្រាប់​មនុស្ស​ចាប់​ពី​អាយុ​៥០​ឆ្នាំឡើង​ទៅ​។
 
​បើ​តាម​ការ​ក្រុម​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​បារាំង សំរាន្ត​យប់​គ្រប់គ្រាន់​មាន​សារៈ​សំខាន់​ខ្លាំងណាស់​សម្រាប់​សុខភាព ជា​ពិសេស​សម្រាប់​មនុស្ស​ចាស់។ ដំណេក​គ្រប់គ្រាន់ គឺ​ជា​ថ្នាំព្យាបាលជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ធំ ដ៏​សក្តិសិទ្ធ។


 
 
តើ​ដូច​ម្តេច​ទៅ​ដែល​ហៅ​ថា​ដំណេក​គ្រប់គ្រាន់ ? សូម​ស្តាប់​ប្រសាសន៍​របស់​អ្នក​ស្រី​វេជ្ជបណ្ឌិត អិនដាយ ហ្វាទូ អិនដូយ គ្រូពេទ្យ​ជំនាញ​ប្រព័ន្ធប្រសាទ​នៅ​មន្ទីរពេទ្យ​សេណេហ្កាល់ ៖ “ដើម្បី​អាច​ប្រមូល​កម្លាំង​បាន​ពេញ​គ្រប់គ្រាន់​ល្អ គេ​ត្រូវ​គេង​ឱ្យ​បាន​ពី​ ៦ ទៅ​១០​ម៉ោង ឬ​ជា​មធ្យម​៨​ម៉ោង សម្រាប់​មនុស្ស​​ពេញ​វ័យ។ តែ​រយៈ​ពេល​គេង ​នេះ​ វា​អាច ប្រែប្រួល​តិច​ឬ​ច្រើន​​ទៅ​តាម​មនុស្ស។ អ៊ីចឹង​ហើយ​បាន​ជា​គេប្រើ​ពាក្យ​​ថា អ្នក​គេង​តិច អ្នកគេង​ច្រើន។ សេចក្តី​ត្រូវ​ការ​ផ្នែក​ដំណេក​ក៏​ប្តូរ​ផ្លាស់​ទៀត​ទៅ​តាម​វ័យ​ ដោយសារកត្តា​ច្រើន​យ៉ាង ដូច​ជា​ កត្តា​ចិត្ត កត្តាសរីរវិទ្យា និង​បរិស្ថាន ព្រមទាំង​កត្តា​ក្រៅ​ខ្លួន​ផ្សេង​ទៀត ដែលអាច​ជះ​​ឥទ្ធិពល​ទៅ​លើ​គុណភាព​នៃ​ដំណេក​របស់​មនុស្ស​យើង។ »
 
​តើ​ដំណេក​មានទំនាក់ទំនង​ជាមួយ​​ជំងឺ​រ៉ាំរ៉ៃ​យ៉ាង​ណា​ និង​តើ​កង្វះ​ដំណេក របស់​មនុស្ស​អាយុ​៥០​ឆ្នាំ អាច​សម្រួល​ឱ្យមាន​ផលវិបាក​​អ្វីខ្លះ ?
 
លទ្ធផលនៃ​​ការ​សិក្សា​របស់​​អ្នក​ស្រាវជ្រាវ​បារាំង បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ បើ​​គេ​សំរាន្ត​តិច​ជាង​៥ម៉ោងក្នុង​មួយ​យប់ នៅអាយុ​៥០ឆ្នាំ គ្រោះហានិភ័យកើត​ជំងឺ​រ៉ាំរ៉ៃ​ ទី​មួយ បាន​កើន​ឡើង​​២០%។ កាន់​តែអាក្រក់​ជាង​នេះ​ទៅ​ទៀត បើ​យើង​បន្ត​សំរាន្ត​មិន​គ្រប់គ្រាន់ ​នៅអាយុ ៥០​ឆ្នាំ នៅ៦០​ឆ្នាំ ឬដល់​​៧០ឆ្នាំ នោះ​ហានិភ័យលេច​ជំងឺពហុមុខ​​នឹងកើន​ឡើង​ប្រមាណ​ពី​ ៣០ ទៅ​៤០%។​ កំណើន​ហានិភ័យកំរិត​​នេះ គ្មាន​ពាក់​ព័ន្ធ​​​នឹង​របៀប​របប​ រស់​នៅ​និ​ងហូបចុក​ទេ មាន​ន័យ​ថា​ទោះ​អ្នក​មាន​របៀប​របប​រស់​ល្អ​ត្រឹម​ត្រូវ​ ធ្វើ​កីឡា ហាត់​ប្រាណ​ ធ្វើ​ចលនា​បញ្ចេញកម្លាំង​កាយ​សម្បទា មិនជក់​បារី មិន​ផឹក​ស្រា​ ក៏​ដោយ ក៏​ហានិភ័យ​មាន​ជំងឺ​រ៉ាំរ៉ៃ​កើន​ដែរ ឱ្យ​សំរាន្ត​មិន​គ្រប់។
 
កង្វះ​ដំណេក នាំ​ឱ្យ​​ឈឺ ហើយ​​អាចសម្លាប់​​​ជីវិត​បាន​​ទៀត។ ​អ្នក​គេង​តិច​ជាង​៥​ម៉ោង​ក្នុង​មួយ​យប់ មាន​ហានិភ័យ​ស្លាប់​លើសគេ​​២៥%​។ នេះ​ជា​ហេតុផល​ដែល​ងាយ​​ពន្យល់​​ ​ព្រោះអ្នក​​​ផ្ទុក​​ជំងឺ​រ៉ាំរ៉ៃ តែង​​មាន​អាយុ​សង្ឃឹម​រស់ខ្លី។ ដូច្នេះ​ សូម​កុំ​មើល​ស្រាល​ ការ​ដេក ឱ្យ​សោះ ! នៅពេល​ដេក​មាន​យន្តការ​ជា​ច្រើន​ឡើង​បន្ត​បន្ទាប់​គ្នា។
 
យន្តការ​នៃ​ដំណេក “ដេក​មិន​មែន​គ្រាន់​តែជា​​ការ​បិទ​ភ្នែកជិត​ទៅ​​លែង​ឃើញ​អ្វី ហើយ​គ្មាន​រឿង​អ្វី​កើត​ឡើង​សោះ​នោះ​ទេ។ ​ដំណេក​ជា​ដំណើរប្រទាក់គ្នា​ជា​ច្រើនវដ្ត​ ដែល​ក្នុង​មួយ​វដ្ត​ៗ​មាន​បី​​ដំណាក់កាល​ទៀត។ ដំណាក់ទីមួយ ឬ​មួយ​ភាំង​ដំបូង ជា​ការចាប់​ផ្តើម​​លក់​រលីវៗ ដោយ​​​វិញ្ញាណ​យើង​នៅ​ដឹង​ នៅ​ឮ​សំឡេង​ជុំ​វិញ​ខ្លួន​ ហើយ​ងាយនឹង​​ភ្ញាក់​បាន។ តែ​បើ​អ្វីៗ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដំណេក​ឈានចូល​ដល់វគ្គ​​លក់​ស្កប់ស្កល់ ដោយ​យើង​នឹង​លង់ក្នុង​ដំណេកយ៉ាងជ្រៅ។ គឺ​វេលានេះ​​ហើយ​ដែល​យើងបាន​សម្រាកដោយ​​ពិតៗ ដោយ​បាន​ស្រង់និង​ប្រមូល​​កម្លាំង​ឡើង​វិញ ប្រៀប​ដូច​ជាការ​​​សាក​បំពេញ​ថ្ម ព្រោះ​នៅ​ក្នុង​ពេល​នោះ ខួរក្បាល​កម្ចាត់​ចេញ​​ជាតិ​ពុល​ ហើយបង្កើត​ឡើង​វិញនូវ​ថាមពលសម្រាប់​ទៅ​បំពេញ​​កម្លាំង​ឱ្យ​កាយសម្បទា​ដែល​ប្រឹង​​អស់​ពេញ​មួយ​​ថ្ងៃ សម្រាប់​ពង្រឹង​ប្រព័ន្ធការពារ​ខ្លួន ឬ​ពង្រឹង​ការ​ចងចាំ​ជា​ដើម។ បន្ទាប់​មក​ទៀត​ បើ​គ្មាន​អ្វីមក​រំខាន ​ដំណេក​ឈាន​ចូល​ដល់​វគ្គ​ទីបី ឬ​ហៅ​ថាវគ្គ​សុបិន្ត (ជា​ភាសា​បច្ចេកទេស​ ដំណេក​​ប៉ារ៉ាដុកសាល់) ដែល​នៅពេល​នោះ ដោយ​មាន​សកម្មភាព​អគ្គីសនី​ខ្លាំង​ក្នុង​ខ្លួន យើង​ចាប់​ផ្តើម​យល់​សប្តិផ្សេង តែ​​យើង​បន្ត​លង់លក់​ហើយ​ខ្លួនប្រាណ​​នៅ​ដេក​ស្ងៀម​ឈឹង​ទេ។ វដ្ត​ដំណេក​ទាំង​​​បី​ដំណាក់​នេះ​​​មាន​រយៈពេល​ប្រមាណ​៩០នាទី​ ដែល​​ក្នុង​មួយ​យប់ៗ អាច​មាន​ពី​៤​ទៅ ៦​វដ្ត​វិល​បន្តឆ្លាស់​​គ្នា​ សម្រាប់​អ្នក​មាន​ដំណេក​ពី​៦ទៅ​៩ម៉ោង ដែល​ក្នុង​នោះ​ ជា​មធ្យម ​២៥%​ជា​ដំណាក់​កាលប្រមូល​​ថាមពល​ឡើង​វិញ។ ហេតុ​ដូច្នេះហើយ​បានមនុស្ស​យើង​ចាំ​បាច់​ត្រូវ​សំរាន្ត​ឱ្យ​បាន​ច្រើន​បំផុត​តាម​ដែរ​អាច​ធ្វើ​ទៅ​បាន។
 
ជា​ដំណឹងល្អ អ្នក​សំរាន្ត​ច្រើន​លើស​ពី៩​ម៉ោង ក្នុង​មួយ​​យប់ មិន​បង្ក​ឱ្យ​មាន​ហានិភ័យ​កើត​ជំងឺ​ពហុមុខ​ទេ។ ផ្ទុយ​ទៅ​វិញ បើអ្នក​​​មានផ្ទុក​​ជំងឺ​រ៉ាំរ៉ៃ​មួយ​ហើយ ហើយ​ប្រឹង​​ប្រតិបត្តិ​ដំណេក​បាន​យ៉ាង​​​ច្រើន​គ្រប់គ្រាន់​ ៩ម៉ោង តែ​​មាន​​ជំងឺ​រ៉ាំ​រ៉ៃ​ពហុមុខផ្សេង​ទៀតលេច​តាម​ក្រោយ​ នោះ​អ្នក​ស្រាវជ្រាវ​យល់​ថា ការ​គេង​ច្រើន​​​ជា​ផលវិបាក​នៃ​ជំងឺ មិនមែន​ជាមូលហេតុ​នៃ​​ជំងឺ​ទេ។
 
វ័យ៥០ឆ្នាំ វ័យ​ពិបាក​ដំណេក ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ​ ជិត​ពាក់​កណ្តាល​នៃ​មនុស្ស​វ័យ​៥៥​ឆ្នាំ​ មាន​​ជំងឺរ៉ាំរ៉ៃ​ យ៉ាង​ហោច​ណាស់​មួយជាប់​នឹង​ខ្លួន ឧទាហរណ៍ជំងឺ​លើស​ឈាម ឬ​ជំងឺ​មហារីក។ មនុស្ស​ចាស់​អាយុ​លើស​៦៥​ឆ្នាំ​ជាង​ពាក់​កណ្តាល​មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​នឹង​ខ្លួន​យ៉ាង​ហោច​ពីរ​មុខ និង​ឡើង​ដល់​ជាង​៧០%​សម្រាប់​អ្នក​មាន​អាយុ​លើស​ពី ៧៥​ឆ្នាំ។  បើ​​មាន​ជំងឺ​រ៉ាំរ៉ៃ​ទីមួយ​លេច​ឡើង​ហើយ គេ​ច្បាស់​ជា​មាន​ហានិភ័យ​អភិវឌ្ឍ​ជំងឺ​ពហុ​មុខ​ផ្សេង​ទៀត ដែល​អាច​ធ្វើ​ឱ្យឆាប់​​ស្លាប់​បាន។ មាន​ជំងឺ​ច្រើន ផលវិបាកក៏​មាន​ច្រើន គ្រោះ​ស្លាប់​មុន​អាយុ​ក៏​ខ្ពស់​ខ្លាំង​​ដែរ។
 
ហេតុ​ដូច្នេះ​ហើយបាន​ជា​យើង​ចាំបាច់​​ត្រូវ​ចេះ​ថែទាំ​សុខភាព​ដំណេក​។ ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវ​បារាំង​ មាន​កម្ម​វត្ថុ​បង្ហាញ​ឱ្យ​ឃើញ​អំពី​ភាព​សំខាន់​នៃ​ការ​រក្សា​អនាម័យ​ក្នុង​រស់​នៅ​ល្អ​ សម្រាប់​មនុស្ស​គ្រប់​វ័យ​ រាប់​ទាំង​មនុស្ស​ចូល​ដល់​វ័យ​​៥០​ឆ្នាំ​ឡើង​ទៅ​ដែរ។ វ័យ​ដែល​ល្បី​ថា​ពិបាក​ដេក ឬ​ចាប់​ផ្តើម​មាន​វិបត្តិ​ដំណេក ក្រ​សំរាន្ត​លក់​ឬ​ឆាប់​ភ្ញាក់។ ជា​ការ​ដាស់តឿន​រំលឹក ដំណេក​សមរម្យ​និង​គ្រប់គ្រាន់​សម្រាប់​​មនុស្ស​ធំ​ពេញ​វ័យ​ ត្រូវ​មាន​រយៈ​ពេល​៧​ទៅ​៨ម៉ោង។
 
ដើម្បីជួយ​សម្រួល​ឱ្យ​មាន​ដំណេក​មាន​គុណភាព​ល្អ​ប្រសើរ ត្រូវ​ប្តូរផ្លាស់​​ទម្លាប់​រស់​នៅល្អក្នុង​ជីវិត​ និងបរិស្ថាន​នៅ​ជុំ​វិញ​ខ្លួន ដែល​ប៉ះពាល់​ដល់​រយៈពេល​និង​គុណភាព​ដំណេក។​
 
​សូម​អញ្ជើញ​ចូល​សំរាន្ត​និង​ភ្ញាក់ពី​ដំណេក​ ឱ្យ​បាន​ទៀត​ទាត់​ម៉ោង ដើរ​ឬ​នៅ​ឱ្យ​ត្រូវ​ពន្លឺ​ព្រះអាទិត្យ​នា​ពេល​ថ្ងៃ ធ្វើ​កីឡា​ហាត់ប្រាណ​បញ្ចេញ​ចលនា​កាយសម្បទា ឧទាហរណ៍​ដើរ​ឱ្យ​បាន​យ៉ាង​ហោច​៣០នាទី ចៀសវាង​កុំ​លេង​ទូរស័ព្ទ មើល​ទូរទស្សន៍​នៅលើ​គ្រែមុន​ពេល​ហៀប​សំរាន្ត ចៀសវាងកុំ​ទទួល​ទាន​កាហ្វេ តែ សុរា ចាប់​ពី​ពេល​បាក់​រសៀល​ទៅ​ ឬ​ត្រូវ​សំរាន្ត​ក្នុង​បន្ទប់ ងងឹត បិទ​ភ្លើង ត្រជាក់ល្មម​និង​មាន​ខ្យល់​ចេញ​ចូល​ល្អ៕
 

Tag:
 នាទីសុខភាពនិងអនាម័យ
© រក្សាសិទ្ធិដោយ thmeythmey.com