ជាតិ
ប្រជានេសាទ ប្រមូលផលត្រីប្រហុក ផ្អកបាន១១ពាន់តោន ច្រើនជាងឆ្នាំមុន
27, Dec 2023 , 2:10 pm        
រូបភាព
រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ មួយសប្ដាហ៍ នៃរដូវត្រីប្រហុក ប្រជានេសាទ អាចប្រមូលផលបានប្រមាណ១១ពាន់តោន។ បរិមាណនេះ កើនឡើង១ពាន់តោន ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២។

 
លោក ហេង គង់ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប បានឱ្យដឹងថា នៅក្នុងរដូវត្រីប្រហុក ដែលចាប់ផ្ដើមតាំងពីថ្ងៃទី១៩ ដល់២៥ ខែធ្នូ កន្លងទៅនេះ ប្រជានេសាទប្រមូលផលបានប្រមាណ១១ពាន់តោន។ បរិមាណនេះ កើនឡើង១ពាន់តោន ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមានត្រឹមតែ១០ពាន់តោនប៉ុណ្ណោះ។ 
 
លោក អះអាងថា ការកើនបរិមាណត្រីឆ្នាំនេះ ដោយសារតែរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិបង្រ្កាបបទល្មើសជុំវិញបឹងទន្លេសាប ដោយទប់ស្កាត់បានបទល្មើសធំស្ទើរតែ១០០ភាគរយ។ លើសពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានកាត់បន្ថយដាយត្រីពី៧០គន្លង មកត្រឹម៤៤គន្លង ដើម្បីទុកលទ្ធភាពឱ្យត្រីពងកូន។ ចំណែក ទឹកជំនន់ដែលកើតមានច្រើននៅឆ្នាំនេះ​ ក៏ជាផ្នែកមួយបង្កើនលទ្ធភាពត្រីពងកូន ផងដរ។  
 
លោក ហេង គង់ ប្រាប់ដូច្នេះថា៖«ផលត្រីឆ្នាំនេះកើនឡើង ដោយសារតែរដ្ឋាភិបាល បង្កើតគណៈកម្មាធិការបង្រ្កាបបទល្មើសជុំវិញបឹងទន្លេសាប ដែលជាចំណែកធំជួយឱ្យត្រីកើនឡើង។ បច្ចុប្បន្ន បទល្មើសធំៗ ពួកយើង ទប់ស្កាត់ស្ទើរតែ១០០ភាគរយហើយ ពោលគឺនៅតែលក្ខណៈគ្រួសារ តូចតាចទេ។ មួយវិញទៀត ឆ្នាំស្ថានភាពទឹកមានការលិចលងច្រើន ដូច្នេះ វាបង្កឱ្យត្រីមានលទ្ធភាព ពងកូនបានច្រើនដែរ»។ 
 
ដ្បិតថា ទិន្នផលត្រីកើនឡើង ប៉ុន្តែ ត្រីរៀល ដែលគេនិយមយកទៅធ្វើប្រហុកនោះ មិនសូវចេញប៉ុន្មាននោះទេនៅខ្នើតនេះ។ ជាក់ស្ដែង បើតាមក្រសួងកសិកម្ម នៅដើមដៃនេះ មានត្រីប្រមាណ៧០ភាគរយ ជាប្រភេទត្រីស្លឹកឫស្សី, ១០ភាគរយ ត្រីឆ្វៀត និង២០ ភាគរយត្រីចម្រុះ។
 
យ៉ាងណា តាមការសង្កេតរបស់ លោក ហេង គង់ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប វត្តមានត្រីរៀល អាចនឹងចេញច្រើននៅខ្នើតក្រោយមួយទៀត ដែលនឹងចាប់នៅពាក់កណ្ដាលខែមករា។ នៅខ្នោតក្រោយនេះ បរិមាណត្រី ក៏អាចកើនឡើងប្រមាណ១០ភាគរយដែរ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ កាលពីខែមករា ឆ្នាំ២០២២ ប្រជានេសាទ ប្រមូលផលត្រីប្រហុក ផ្អកបានប្រមាណ ៦៥០តោន។ 
 
លោក ប្រាប់ដូច្នេះថា៖«នៅខ្នើតនេះ(ខែធ្នូ) ត្រីដែលចេញភាគច្រើន ជាប្រភេទ ស្លឹកឫស្សី។ ត្រីនេះ គេមិននិយមយកទៅធ្វើប្រហុកបានទេ ដោយភាគច្រើនគេយកទៅធ្វើផ្អក ឬហូបភ្លាមៗ។

ដូច្នេះ យើងរំពឹងថា ផលត្រីរៀលនឹងកើនឡើងនៅខ្នើតក្រោយ (ខែមករា)»៕  

Tag:
 ត្រីប្រហុក
  រដ្ឋបាលជលផល
  ហេង គង់
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com