អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តុលាការ ថៃលើកលែងការចោទប្រកាន់លោកស្រី យីងឡាក់ ក្នុងបទល្មើសរំលោភអំណាច
27, Dec 2023 , 2:40 pm        
រូបភាព
លោកស្រី យីងឡាក់ ថតរូបជាមួយអ្នកគាំទ្រ ។ រូបភាពពីបណ្តាញ X/ Yingluck Shinawatra
លោកស្រី យីងឡាក់ ថតរូបជាមួយអ្នកគាំទ្រ ។ រូបភាពពីបណ្តាញ X/ Yingluck Shinawatra
អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ត្រូវបានតុលាការថៃសម្រេចលើកការចោទប្រកាន់ពីបទរំលោភអំណាច នៅពេលលោកស្រីផ្ទេរតំណែងមេដឹកនាំក្រុមប្រឹក្សាសន្តិសុខជាតិក្នុងឆ្នាំ ២០១១។

 
តុលាការព្រហ្មទណ្ឌដែលចំណុះតុលាការកំពូលថៃមានឯកទេសលើសំណុំរឿងអ្នកនយោបាយកាលនៅថ្ងៃទី២៦ ខែធ្នូ បានសន្និដ្ឋានថា អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ មិនបានប្រព្រឹត្តកំហុសនៅពេលផ្ទេរតំណែងជាអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) កាលពីឆ្នាំ ២០១១ ឡើយ។
 
បើតាមតុលាការព្រហ្មទណ្ឌថៃ  វាជាការសម្រេចផ្ទេរតំណែងធម្មតា ដែលមិនពាក់ព័ន្ធនឹងផែនការតែងតាំងសាច់ញាតិឱ្យកាន់តួនាទីជាអគ្គស្នងការនគរបាលជាតិនោះទេ។ តុលាការ​ក៏​បាន​ដក​ហូត​ដីកា​ចាប់​ខ្លួន​លោកស្រី​យីងឡាក់​ពី​បទ​ចោទ​ប្រកាន់​នេះ។
 
 
នៅក្នុងខែកញ្ញា ឆ្នាំ២០១១ ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ បានចុះហត្ថលេខាលើផ្ទេរលោក Thawil Pliensri ពីអគ្គលេខាធិការ NSC ទៅជាទីប្រឹក្សានាយករដ្ឋមន្ត្រី ហើយតែងតាំងលោក Wichean Potephosree ដែលពេលនោះជាអគ្គស្នងការនគរបាលជាតិ ធ្វើជាអគ្គលេខាធិការ NSC។
 
បន្ទាប់មក លោកស្រី យីងឡាក់ បានបន្តស្នើតែងតាំងលោក Priewphan Damapong ដែលជាអគ្គស្នងការរងនគរបាលជាតិ ជំនួសលោកមេបញ្ជាការ Wichean ។ លោក Priewphan ជាប្អូនប្រុសរបស់លោកស្រី Potjaman Na Pombejra ដែលជាអតីតភរិយារបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់។ 
 
ក្រោយមក លោក Thawil Pliensri បានដាក់ការតវ៉ាប្រឆាំងនឹងការផ្ទេររូបលោកទៅកាន់តុលាការរដ្ឋបាលដែលបណ្តាលឲ្យតុលាការលុបចោលការសម្រេចនេះ។ តុលាការធម្មនុញ្ញថៃក៏បានកាត់សេចក្តីថា លោកស្រី យីងឡាក់ បានរំលោភអំណាចរបស់ខ្លួន ដោយមានការជ្រៀតជ្រែកក្នុងកិច្ចការផ្លាស់ប្តូរមន្ត្រីរដ្ឋាភិបាល ហើយបានសម្រេចទម្លាក់តំណែងលោកស្រីចាប់ពីពេលនោះ។ 
 
កាលពីខែកក្កដា ឆ្នាំ២០២០ គណៈកម្មការប្រឆាំងអំពើពុករលួយជាតិថៃបាននិយាយថា លោកស្រី យីងឡាក់ មានភាពមិនស្មោះត្រង់ក្នុងពេលបំពេញភារកិច្ច ហើយព្រមទាំងបានស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដកពាក្យបណ្តឹងនៅតុលាការព្រហ្មទណ្ឌថៃទៀតផង។ ដោយ​សារ​តែ​លោកស្រី យីងឡាក់ មិន​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២២ តុលាការ​បានសម្រេច​ចេញ​ដីកា​ចាប់​ខ្លួនលោកស្រី។
 
លោកស្រី យីងឡាក់ បាន​ហៅ​ដីកា​ចាប់​ខ្លួនថាជារឿង​អយុត្តិធម៌ ដោយអះអាងថាខ្លួន​ជា​ជនរងគ្រោះ។ អតីតនាយករដ្ឋមន្ត្រីវ័យ ៥៦ឆ្នាំរូបនេះ បានចាកចេញពីប្រទេសកាលពីខែសីហាឆ្នាំ ២០១៧ នៅពេលដែលលោកស្រីបានខកខានក្នុងការបង្ហាញខ្លួននៅតុលាការដើម្បីស្តាប់សាលក្រមស្តីពីការមិនទទួលខុសត្រូវក្នុងកម្មវិធីឧបត្ថម្ភធនស្រូវបណ្តាលឱ្យមានការខាតបង់ជាង ៥០០ពាន់លានបាត (១៤,៤ពាន់លានដុល្លារ)។  ក្រោយ​មក​លោកស្រី​ត្រូវ​បានតុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៥​ឆ្នាំ​ ពី​បទ​ចោទ​ប្រកាន់​នេះ។
 
អតីតឧបនាយករដ្ឋមន្ត្រីថៃ លោក Wissanu Krea-ngam បាននិយាយនៅដើមសប្តាហ៍នេះថា ប្រសិនបើលោកស្រី Yingluck ចង់សុំការលើកលែងទោសពីព្រះមហាក្សត្រ នោះលោកស្រីត្រូវតែវិលត្រឡប់មកប្រទេសវិញជាមុនសិន ហើយបង្ហាញខ្លួនទៅកាន់តុលាការ។
 
បងប្រុសរបស់លោកស្រីយីងឡាក់ គឺលោក ថាក់ស៊ីន បានត្រឡប់មកចូលថៃវិញកាលពីខែសីហា បន្ទាប់ពីបាននិរទេសខ្លួនអស់ជាង ១៥ឆ្នាំ។ លោកត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍អំឡុងពេលដែលលោកកាន់អំណាច ប៉ុន្តែព្រះមហាក្សត្រថៃបានបន្ថយការកាត់ទោសមកត្រឹម១ឆ្នាំ។​ ប៉ុន្តែ លោក ថាក់ស៊ីន បានចំណាយពេលត្រឹមតែ១២ម៉ោងប៉ុណ្ណោះនៅក្នុងពន្ធនាគារ មុនពេលបញ្ជូនទៅមន្ទីរពេទ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីព្យាបាលជំងឺដោយមិនទាន់វិលចូលពន្ធនាគារវិញឡើយ៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com