ជាតិ
សេដ្ឋកិច្ច
អាជីវកម្មតាមចិញ្ចើមផ្លូវនៅកម្ពុជា មានជាង៧,៧ម៉ឺនទីតាំង ភាគច្រើនស្ត្រីជាម្ចាស់
27, Dec 2023 , 8:00 pm        
រូបភាព
ស្រ្តីម្នាក់ឈប់ម៉ូតូទិញភេសជ្ជៈពីតូបតាមចិញ្ចើមផ្លូវមុខសាលារៀន​​មួយកន្លែងនៅរាជធានីភ្នំពេញ។
ស្រ្តីម្នាក់ឈប់ម៉ូតូទិញភេសជ្ជៈពីតូបតាមចិញ្ចើមផ្លូវមុខសាលារៀន​​មួយកន្លែងនៅរាជធានីភ្នំពេញ។
កម្ពុជាមានអង្គភាពសេដ្ឋកិច្ចទូទាំងប្រទេសសរុប ៧៥៣ ៦៧០សហគ្រាស ដែលមានអ្នកចូលរួមការងារជិត៣លាននាក់។ នៅក្នុងនោះ អាជីវកម្មតាមចិញ្ចើមផ្លូវមាន ៧៧ ០៧៣ សហគ្រាស ស្មើនឹង១០,២ភាគរយនៃចំនួនអង្គភាពសេដ្ឋកិច្ចសរុប។ នេះជាលទ្ធចុងក្រោយនៃជំនឿសេដ្ឋកិច្ចក្នុងឆ្នាំ២០២២ ដែលត្រូវបានប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត ប្រកាសឱ្យប្រើប្រាស់នាថ្ងៃទី២៦ធ្នូ ឆ្នាំ២០២៣​។

 
អង្គភាពសេដ្ឋកិច្ចដែលធ្វើសកម្មភាពអាជីវកម្មតាមចិញ្ចើមផ្លូវ គឺជាអង្គភាពអាជីវកម្មដែលមានលក្ខណៈដូចជា តូប ឬស្តង់ ជាដើម ដោយមានទីតាំងអាជីវកម្មជាក់លាក់នៅលើចិញ្ចើមផ្លូវ។ របាយការណ៍ពីក្រសួងផែនការ បានបញ្ជាក់ថា ក្នុងចំណោមអង្គភាពអាជីវកម្មតាមចិញ្ចើមផ្លូវទាំង ៧៧ ០៧៣ សហគ្រាសនោះ គឺមាន៧៥ភាគរយ កាន់កាប់ដោយស្ត្រី។ រីឯ អ្នកចូលរួមការងារមានទំហំ១នាក់ ឬ២នាក់ មានប្រមាណ៨៩ភាគរយ នៃអ្នកចូលរួមធ្វើការងារដែលមានស្ត្រីជាម្ចាស់អង្គភាពអាជីវកម្ម។​
 
 
បើតាមក្រសួងផែនការ អាជីវកម្មតាមចិញ្ចើមផ្លូវមានអ្នកចូលរួមការងារចន្លោះពី១ទៅដល់៩នាក់។ ក្នុងនោះ អាជីវកម្មដែលមានចូលរួមការងារ១នាក់ មាន៤៨ ៣៣០សហគ្រាស ឬទីតាំង, អាជីវកម្មដែលមានចូលរួមការងារ៣នាក់ មាន២២ ៦៩០ទីតាំង, អាជីវកម្មដែលមានចូលរួមការងារ៣នាក់មាន ៣ ៦៥៩ទីតាំង, អាជីវកម្មដែលមានចូលរួមការងារ៤នាក់មាន ១ ៣៣១ទីតាំង, អាជីវកម្មដែលមានចូលរួមការងារ៥នាក់មាន​ ៥៣២ទីតាំង, អាជីវកម្មដែលមានចូលរួមការងារ៦នាក់មាន​ ២៥១ទីតាំង, អាជីវកម្មដែលមានចូលរួមការងារ៧នាក់មាន​១៥០ទីតាំង, អាជីវកម្មដែលមានចូលរួមការងារ៨នាក់មាន​៨៤ទីតាំង និងអាជីវកម្មដែលមានចូលរួមការងារ៩នាក់មាន​ ៤៦ទីតាំង។  
 
ដោយឡែក អាជីវកម្មតាមចិញ្ចើមផ្លូវដែលមានអ្នកចូលរួមការងារ៥នាក់ និងច្រើនជាងនេះ គឺមាន ១ ០៦៣ទីតាំង។
 
របាយការណ៍ដដែលបានបង្ហាញថា ក្រៅពីមានអាជីវកម្មតាមដងផ្លូវហើយនោះ នៅកម្ពុជាមានអាជីវកម្មតាមផ្ទះរហូតដល់៥១១ ៤១២ទីតាំង ស្មើនឹង៦៧,៩ភាគរយនៃ​អង្គភាពសេដ្ឋកិច្ចទូទាំងប្រទេស។  អាជីវកម្មតាមផ្ទះល្វែងមាន៣៧ ៥៣១ទីតាំង(ស្មើនឹង៥ភាគរយ), អាជីវកម្មតាមផ្សារប្រពៃណីមាន៩៣ ៩៨២ទីតាំង(ស្មើនឹង១២,៥ភាគរយ), អាជីវកម្មតាមផ្សារទំនើបមាន២ ១៥៩ទីតាំង(ស្មើនឹង០,៣ភាគរយ) អាជីវកម្មតាមប្លុក​ឬអគារផ្តាច់មុខមាន ២៧ ៩៥៤ទីតាំង(ស្មើនឹង៣,៧ភាគរយ) និងអាជីវកម្មផ្សេងៗមាន ៣ ៥៥៩ទីតាំង(ស្មើនឹង០,៥ភាគរយ) ផងដែរ៕ 

Tag:
 អាជីវកម្មតាមចិញ្ចឹមផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com