កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេស៊ីលអាចត្រូវហាមឃាត់មិនឱ្យប្រកួត World Cup 2026 បើសហព័ន្ធហ៊ានលូកដៃក្នុងរឿងនយោបាយ
27, Dec 2023 , 8:30 pm        
រូបភាព
ក្រុមជម្រើសជាតិប្រេស៊ីល ជាក្រុមតែមួយគត់ដែលបានបង្ហាញវត្តមានរាល់ការប្រកួតព្រឹត្តិការណ៍ World Cup ចំនួន ២២លើកជាប់គ្នា ហើយក៏ជាប្រទេសតែមួយគត់ ដែលបានឈ្នះពានរង្វាន់ជើងឯកពិភពលោកចំនួន ៥លើកដាច់គេផងដែរ។ ប៉ុន្តែប្រេស៊ីលអាច នឹងត្រូវបានហាមឃាត់ដោយសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ចំពោះការប្រកួត World Cup ឆ្នាំ ២០២៦ ប្រសិនបើសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) លូកដៃក្នុងកិច្ចការនយោបាយរបស់ប្រទេសប្រេស៊ីល។

FIFA បានព្រមានទៅកាន់ប្រេស៊ីល ចំពោះវត្តមាននៅក្នុងការប្រកួតពានរង្វាន់ World Cup 2026 ដែលនឹងធ្វើឡើងនៅក្នុងប្រទេសអាមេរិក, កាណាដា និងម៉ិកស៊ិក និងការចូលរួមប្រកួតអន្តរជាតិនានា ក្រោយពេលរកឃើញថា ស្ថាប័នបាល់ទាត់ប្រេស៊ីលមានចេតនាជាក់ស្តែង ក្នុងការអន្តរាគមន៍ និងបញ្ជាឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដើម្បីជំនួសលោក Ednaldo Rodrigue​s ដែលជាប្រធានាធិបតី នាពេលបច្ចុប្បន្ន។
 
កាលពីដើមខែធ្នូ លោក E. Rodrigues ដែលមានវ័យ ៦៩ឆ្នាំ ព្រមទាំងសហការីរបស់លោក ដែលបានកាន់កាប់តំណែង ត្រូវបានដកចេញពីតំណែង បន្ទាប់ពីមានសេចក្តីសម្រេចរបស់តុលាការ នៅក្នុងទីក្រុងរីអូ ដោយចៅក្រមបានលើកឡើងពីភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោត កាលពីឆ្នាំ ២០២២។ CBF បានជ្រៀតជ្រែកចូលក្នុងបញ្ហានេះ ដែលជាហេតុធ្វើឱ្យ FIFA ដាក់ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើខ្លួន។
 
លោក Jose Perdiz ដែលជាប្រធានតុលាការកីឡាកំពូលរបស់ប្រេស៊ីល ត្រូវបានតុលាការទីក្រុងរីអូ ចាត់ទុកលោកជាមនុស្សម្នាក់ ដែលអាចធ្វើអន្តរាគមន៍ក្នុងការរៀបចំការបោះឆ្នោតថ្មី សម្រាប់តំណែងប្រធានាធិបតី ក្នុងរយៈពេល ៣០ថ្ងៃ ។ ប៉ុន្តែ FIFA បានហាមឃាត់ការជ្រៀតជ្រែករបស់រដ្ឋាភិបាល និងភាគីទីបីនៅក្នុងសមាគមសមាជិករបស់ខ្លួន។
 
FIFA បានផ្ញើលិខិតទៅកាន់នាយកប្រតិបត្តិបាល់ទាត់ប្រេស៊ីល ​ដើម្បីព្រមាន CBF ដោយសហព័ន្ធ​និងក្រុមបាល់ទាត់ទាំងអស់របស់ប្រេស៊ីល ប្រឈមនឹងការព្យួរ បើសិនមិនអនុវត្តតាមការណែនាំរបស់ FIFA ដែលបានព្រមានទៅលើសហព័ន្ធ។ បើតាមការផ្សាយរបស់ទូរទស្សន៍ ESPN និងកាសែត The Associated Press អាជ្ញាធរបាល់ទាត់អាមេរិកខាងត្បូង CONMEBOL បានគាំទ្រដល់ចំណាត់ការរបស់ FIFA។
 
«FIFA និង CONMEBOL សូមបញ្ជាក់យ៉ាងមុតមាំថា រហូតទាល់តែមានបេសកកម្មបែបនេះកើតឡើង គ្មាការសម្រេចចិត្តណាមួយដែលប៉ះពាល់ដល់ CBF រួមទាំងការបោះឆ្នោត ឬការអំពាវនាវឱ្យមានការបោះឆ្នោតណាមួយឡើយ។ ប្រសិនបើរឿងនេះមិនត្រូវបានគោរពទេ FIFA និងមិនមានជម្រើសផ្សេងទៀតក្រៅពីបញ្ជូនបញ្ហាទៅស្ថាប័នដើម្បីសម្រេចចិត្តដែលពាក់ព័ន្ធរបស់ខ្លួនសម្រាប់ការពិចារណា និងសម្រេចការព្យួរផងដែរ។»។ នេះបើតាមការលើកឡើងរបស់ FIFA នៅក្នុងលិខិត ដែលបានផ្ញើទៅកាន់នាយករបស់ CBF។
 
ក្នុងលិខិតដដែលនោះ ប្រេស៊ីលអាចនឹងបាត់បង់សមាជិកភាពជាមួយនឹង FIFA ភ្លាមៗ រហូតដល់ការព្យួរត្រូវបានលើកលែង ដោយស្ថាប័នបាល់ទាត់ពិភពលោកឡើងវិញ ប្រសិនមិនគោរពតាមការណែនាំរបស់​ FIFA។
 
បច្ចុប្បន្នក្រុមជម្រើសជាតិប្រេស៊ីលកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៦ នៅក្នុងតារាងប្រកួតជម្រុះ ​World Cup ឆ្នាំ ២០២៦ ក្នុងតំបន់ទ្វីបអាមេរិកខាងត្បូង (CONMEBOL) ក្រោយមានត្រឹម ៧ពិន្ទុ ក្នុងដៃប៉ុណ្ណោះ ពីការប្រកួតចំនួន ៦លើក។ លទ្ធផលការប្រកួត ៦លើកនេះ បានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងរបស់ក្រុមជម្រើសជាតិប្រេស៊ីល លើការប្រកួតប្រជែងនៅឆាកអន្តរជាតិ ខុសពីឆ្នាំ ២០២២ ដែលពួកគេជាក្រុមមួយដែលប្រជែងគ្នាយ៉ាងខ្លាំងជាមួយនឹងក្រុមអាហ្សង់ទីន ដែលជាម្ចាស់ពាន World Cup ឆ្នាំ ២០២២៕

Tag:
 (ប្រេស៊ីល
  World Cup 2026
  FIFA)
© រក្សាសិទ្ធិដោយ thmeythmey.com