កីឡាជាតិ
ជាតិ
លោក ថោង ខុន ជំរុញឱ្យអត្តពលិក ដាក់គោលដៅយកមេដាយនៃការប្រកួតបាល់ទាត់លើតុ នៅស៊ីហ្គេម ប្រទេសថៃ
27, Dec 2023 , 4:50 pm        
រូបភាព
លោក ថោង ខុន ប្រធាន NOCC អង្គុយខាងមុខគេ
លោក ថោង ខុន ប្រធាន NOCC អង្គុយខាងមុខគេ
ដ្បិតតែកីឡាបាល់ទាត់លើតុ ទើបមានវត្តមាននៅកម្ពុជាក្តី ប៉ុន្ដែអត្ដពលិកទាំងអស់ បានប្រឹងប្រែងហ្វឹកហាត់ ដែលបង្ហាញឲ្យឃើញនូវការវិវឌ្ឍទៅមុខ នៃប្រភេទកីឡាមួយនេះ។ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់លើតុជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ថោង ខុន បានថ្លែងក្នុងពិធីបិទការប្រកួតនេះថា សហព័ន្ធ គ្រូបង្វឹក និងមន្ដ្រីបច្ចេកទេស បានខិតខំយ៉ាងសកម្ម ដើម្បីរៀបចំការប្រកួតនេះ ដោយជោគជ័យ ដែលបានបង្ហាញឲ្យឃើញនូវការវិវឌ្ឍទៅមុខ។ ប្រធានអូឡាំពិកកម្ពុជារូបនេះ ក៏បានជំរុញឲ្យកីឡាករ-កីឡាការិនី ប្រឹងប្រែងហ្វឹកហាត់ ដើម្បីដាក់គោលដៅប្រកួតយកមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ឆ្នាំ២០២៥។
 
«នេះ បានបង្ហាញពីការវិវឌ្ឍបន្ថែមទៀតសម្រាប់វិស័យកីឡាបាល់ទាត់លើតុ នៅកម្ពុជា។ កីឡាករ-កីឡាការិនី ត្រូវបន្ដការប្រឹងប្រែងហ្វឹកហាត់សម្រាប់ការប្រកួតអន្ដរជាតិនានា ជាពិសេសការប្រកួតស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។»។ លោក ថោង ខុន បាននិយាយដូច្នេះ។
 
កីឡាបាល់ទាត់លើតុ ជាកីឡាថ្មីមួយទើបតែហូរចូលកម្ពុជា កាលពីឆ្នាំ២០១៨ ។ កម្ពុជា បានបង្កើតសហព័ន្ធកីឡាបាល់ទាត់លើតុ នៅឆ្នាំ២០២១ ដោយមានលោក វ៉ាត់ ចំរើន ជាប្រធានសហព័ន្ធ។ 
 
កីឡាបាល់ទាត់លើតុ (Teqball) ត្រូវបានដាក់ចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជាលើកដំបូង នៅប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដោយជាប្រភេទកីឡាបង្ហាញ (Demonstration Sport)។ ក្នុងព្រឹត្តិការណ៍នោះ អត្ដពលិកកម្ពុជា ដណ្ដើមបានមេដាយមាស១ ប្រាក់៣ និងសំរិទ្ធ៣។
 
គួរបញ្ជាក់ផងដែរថា ការប្រកួតកីឡាបាល់ទាត់លើតុជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១ មានក្លិបចូលរួមចំនួន៩ ដោយអត្ដពលិកសរុប ៣៧រូប ក្នុងនោះកីឡាករ ២៥នាក់ និងកីឡាការិនី ១២រូប។ 
 
វិញ្ញាសាឯកត្តជននារី៖ កីឡាការិនី យ៉ន សោភ័ណ្ណរស្មី ក្លិបក្រសួងមហាផ្ទៃ មេដាយដាយមាស និង មេដាយប្រាក់ កីឡាការិនី ឌី គឹមយាន ក្លិបជ័យជម្នះ 
វិញ្ញាសាឯកត្ដជនបុរស៖ កីឡាករ រៀម សុខភិរម្យ មកពីក្លិបជ័យជំនះ មេដាយមាស និងមេដាយប្រាក់ កីឡាករ ហ៊ូ សំបូរ មកពីក្លិបវិទ្យាល័យព្រះស៊ីសុវត្ថិ 
វិញ្ញាសាទាត់គូនារី៖ មេដាយមាស ក្លិបក្រសួងមហាផ្ទៃ និងមេដាយប្រាក់ ក្លិបជ័យជម្នះ 
វិញ្ញាសាទាត់គូបុរស៖ ក្លិប We are DN មេដាយមាស និងមេដាយប្រាក់ ក្លិបក្រសួងមហាផ្ទៃ
វិញ្ញាសាទាត់គូចម្រុះ៖ មេដាយមេដាយមាស ក្លិបជ័យជម្នះ និងមេដាយប្រាក់ ក្លិបក្រសួងមហាផ្ទៃ៕

Tag:
 (ថោង ខុន
  បាល់ទាត់លើតុ)
© រក្សាសិទ្ធិដោយ thmeythmey.com