សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
EU ត្រៀមថវិកាជាង២២ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន
27, Dec 2023 , 5:30 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
សហភាពអឺរ៉ុបកំពុងរៀបចំផែនការបម្រុងទុកដែលមានតម្លៃរហូតដល់ ២០ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន ក្រោយបរាជ័យកម្មវិធី ៥០ពាន់លានអឺរ៉ូ ដោយមានការជំទាស់ពីរដ្ឋសមាជិកហុងគ្រី។

 
សហភាពអឺរ៉ុប (EU) នៅថ្ងៃទី២៦ ខែធ្នូ បានរៀបចំផែនការបម្រុងដែលនឹងផ្តល់ប្រាក់ចំនួន ២០ពាន់លានអឺរ៉ូ (២២,០៨ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់អ៊ុយក្រែនទោះមានការប្រឆាំងពីហុងគ្រីក្ដី។ នេះបើតាមសារព័ត៌មាន Financial Times ។ 
 
ក្នុងកិច្ចប្រជុំកំពូល EU ធ្វើឡើងនៅថ្ងៃទី ១៤-១៥ខែធ្នូ នៅទីក្រុងព្រុចសែល មេដឹកនាំសហភាពអឺរ៉ុបបានបរាជ័យក្នុងការសម្រេចបានការឯកភាពលើសំណើរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុដល់អ៊ុយក្រែនរហូតដល់ ៥០ពាន់លានអឺរ៉ូដើម្បីជួយសង្រ្គោះហិរញ្ញវត្ថុដែលប្រទេសនេះកំពុងខ្វះខាត។ 
 
សំណើជំនួយ ៥០ពាន់លានដុល្លារនេះជាផ្នែកមួយនៃការត្រួតពិនិត្យយ៉ាងម៉ត់ហ្មត់សម្រាប់ថវិការយៈពេលវែងរបស់អឺរ៉ុប ហើយត្រូវបានយល់ព្រមដោយសមាជិក EU ចំនួន ២៧។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានជំទាស់នឹងសំណើនេះ។ 
 
គិតមកទល់ពេលនេះ អ៊ុយក្រែនបានទទួលជំនួយពីសហភាពអឺរ៉ុប (EU ) ទំហំ១,៥ពាន់លានអឺរ៉ូ (១,៦៤ពាន់លានដុល្លារ) ដែលធ្វើឲ្យជំនួយសរុបពីប្លុកនេះកើនដល់ ១៦,៥ពាន់លានអឺរ៉ូ ( ប្រហែល១៨ពាន់លានដុល្លារ) នៅឆ្នាំនេះ។
 
នៅឆ្នាំក្រោយ ទីក្រុងកៀវរំពឹងថា នឹងទទួលបានជំនួយប្រហែល ១៨ពាន់លានអឺរ៉ូពីកម្មវិធីហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនរបស់ EU ខណៈប្រទេសនេះក៏កំពុងស្វែងរកជំនួយសេដ្ឋកិច្ចចន្លោះ១២ ទៅ១៤ពាន់លានដុល្លារពីអាម៉េរិកផងដែរ។ យ៉ាងណាមិញ កញ្ចប់ជំនួយរបស់អាម៉េរិកមិនទាន់ត្រូវបានអនុម័តនៅឡើយ។​
 
ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសលោកខាងលិចបានគាំទ្រប្រទេសអឺរ៉ុបខាងកើតនេះ។ ថ្មីៗនេះ ប្រទេសចំនួនបីរួមមាន លីទុយអានី ស៊ុយអែត និងកាណាដា គ្រោងនឹងបង្កើតក្រុមផលប្រយោជន៍រួមសម្រាប់អ៊ុយក្រែន (CIG4U) ក្នុងក្របខ័ណ្ឌនៃវេទិកាដឹកជញ្ជូនអន្តរជាតិ ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃវិស័យដឹកជញ្ជូន និងអភិវឌ្ឍផ្លូវដឹកជញ្ជូននៃអ៊ុយក្រែន៕
 

Tag:
 អ៊ុយក្រែន
  អឺរ៉ុប
  ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com