RFI
សុខភាព
អន្តរជាតិ
ហេតុ​អ្វីជង្គង់​ឈឺ ? តើ​ត្រូវធ្វើ​ដូចម្តេច ?
28, Dec 2023 , 8:00 am        
រូបភាព
ជង្គង់ជាសន្លាក់ដែលមិនគួរធ្វេសប្រហែសសម្រាប់សុខភាព ។ iStock
ជង្គង់ជាសន្លាក់ដែលមិនគួរធ្វេសប្រហែសសម្រាប់សុខភាព ។ iStock
ដោយ៖ អៀង សុខម៉ិញ

ស្ពោត រលាក​សន្លាក់​ បុក​ទង្គិច គ្រេច ... រោគ​នៅ​ជង្គង់​មាន​ច្រើន។ មូលហេតុ​នាំ​ឱ្យ​ឈឺ​ជង្គង់​ក៏​មាន​ច្រើន និង​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ តែ​ការ​ឈឺ​ចុក​ចាប់នៅ​​ក្បាល​ជង្គង់​ គាំង​តឹង​រោយ ជា​រោគ​សញ្ញា​រួម​។​ ហេតុអ្វី ឈឺជង្គង់ និង​ត្រូវ​ធ្វើ​ដូចម្តេច ? តើ​គេ​អាច​ថែ​រក្សា​ជង្គង់​ និង​កាត់​បន្ថយ​​ការ​ឈឺ​ចាប់​នៅ​ជង្គង់​បាន​ដោយ​វិធីណា​ខ្លះ ?-
ជង្គង់​គឺ​ជា​សន្លាក់​ដ៏​ចម្បង​​គេ​របស់​សរីរាង្គកាយ​មនុស្ស ព្រោះ​វា​ជា​ទម្រ​ភ្ជាប់ពី​​ជើង​ទៅ​ភ្លៅ។ សន្លាក់​ជង្គង់​ ស្នូល​សម្រាប់​ការ​បត់​បែន​នៃរាងកាយ​ ដោយ​ចេះ​បែង​ចែកការ​ទ្រ​​ទម្ងន់​នៃ​​ខ្លួន​ប្រាណ និង​ដើរ​តួរ​សំខាន់​​ក្នុង​ការ​ធ្វើ​ចលនា​របស់​ជើង​ផង។ សន្លាក់​ជង្គង់​ទាំង​មូល គឺរាប់​តាំងពី​ចុង​ខាង​ក្នុង​នៃ​ឆ្អឹង​កំភួន​ជើង ទៅដល់​ចុង​ឆ្អឹង​ភ្លៅ​ ព្រមទាំង​គ្រាប់​អង្គុញ​ក្បាល​ជង្គង់​នៅ​ផ្នែក​ខាង​មុខ​ផង។



 
ដោយ​សារ​តួនាទី​ដ៏​ច្រើន និង​ដ៏​សំខាន់​របស់​សន្លាក់របស់​ជង្គង់​នេះ​ហើយ ទើប​ពេល​ខ្លះ ជង្គង់​ងាយ​​រិច​រិល​និង​ទ្រុឌទ្រោម ហើយ​អាច​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង​នៅក្បាល​ជង្គង់។

អាការៈ​សញ្ញា​រោគ​នៃ​ការ​ឈឺ​ក្បាល​ជង្គង់​ មានសំខាន់​ពីរ គឺ​ ការ​ឈឺ​ចុកចាប់ និងការ​រឹង​គាំង។ នេះ​បើ​តាមកា​រពន្យល់​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អាឡាំង សូតតេ ដោយ​លម្អិត​ទៀត​ថា ការ​ឈឺ​ចុកចាប់​អាច​កើត​ឡើង​ដោយ​ចលនា មាន​ន័យ​ថា ឈឺដោយ​ពេល ឈឺ​​​​ខ្លាំង​ពេល​ធ្វើ​ចលនា និង​អន់​ឈឺ​ពេល​នៅស្ងៀម ឬ​ជា​ការ​ឈឺ​ចុកចាប់​ដោយ​មាន​ការ​រលាក។ ក្នុង​ករណី​នេះ ការ​ឈឺ​ចុកចាប់​អាច​ខ្លាំង​ រហូត​ដាស់​អ្នក​ទាំង​យប់​។ ជា​ទូទៅ ជង្គង់​ឡើង​ប៉ោង​ហើម ក្តៅ និង​ជួន​ឡើង​ក្រហម​ទៀត​ផង។ បើ​​​ជង្គង់​​​រឹង​គាំងវិញ ​វានឹង​​បង្កការ​លំបាក​នៅពេល​បត់ ឬ​នៅពេល​លា ហើយ​​រំខាន​ខ្លាំង​នៅពេល​ដើរ។
 
ចុះ​តើ​នៅ​ពេល​ណា និង​មាន​រោគ​សញ្ញាយ៉ាងណា ​ដែល​ជំរុញ​ឱ្យ​អ្នក​ជំងឺត្រូវ​តែ​​ទៅ​ស្វែង​រក​ការ​ព្យាបាល ពិគ្រោះ​ជំងឺ​ពី​គ្រូពេទ្យ ? សូម​ស្តាប់​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អាឡាំង​សូតតេ  គ្រូពេទ្យ​ឯកទេស​នៅមន្ទីរ​ពេទ្យ សាំងអង់ទាន់ ក្រុង​ប៉ារីស ៖ លោក​សាស្ត្រាចារ្យ អាឡាំង សូតតេ ៖
 
“ទីមួយ គឺ​នៅពេល​អាការៈ​ឈឺ​ជង្គង់​មាន​អម​ដោយការ​​លំបាក​ក្នុង​ការ​ដើរ ក្នុង​ការ​ឡើង​ជណ្តើរ ឬ​មាន​សញ្ញា​រោគ​អម​សម្គាល់​​មួយ​ទៀត គឺ​ជង្គង់​ឡើង​ប៉ោងធំ​លើស​ប្រក្រតី ដែល​រំខាន​ការ​ធ្វើ​ចលនា ជាពិសេស​​មិន​អាច​បត់​-បន្ទន់​បាន។”

ក្នុង​នាម​​ជា​សន្លាក់​ទម្រ ជង្គង់​​​​ងាយនឹង​ឈឺ​ណាស់​។ តើ​នេះ​បណ្តាល​មក​ពី​អ្វី​ ? ឬ​អាច​ចោទ​សួរ​បញ្ច្រាស​មក​វិញ​ថា តើ​អ្វី​ជា​បញ្ហា​ដែលអាច​​កើត​មាន​ច្រើន​ចំពោះ​ជង្គង់ ? សូម​ស្តាប់​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ សូតតេ ជា​ថ្មី ៖
 
“ជង្គង់អាច​ជួប​​បញ្ហា អាស្រ័យ​ទៅ​លើ​ដំណាក់កាល​នៃ​ជីវិត។ ចំពោះ​មនុស្ស​វ័យ​ក្មេង សកម្ម និង​ជា​អ្នក​កីឡា នោះ​ជំងឺ​របស់​ជង្គង់​មាន​ពាក់​ព័ន្ធ​នឹង​ប្រភេទ​កីឡា ដូច​ជា​គ្រេច ដាច់ឬ​ព័ន្ធ​សរសៃ​ជង្គង់ ឬ​បាក់។ជា​មួយ​ពេលវេលា​កាន់​តែ​ទៅ​មុខ ជង្គង់​អាច​ជួប​បញ្ហា​បង្ក​ឡើង​ដោយ​ការ​ឡើង​ទម្ងន់។ ចំពោះ​មនុស្ស​ចំណាស់ ចូល​ដល់​មជ្ឈិមវ័យ ការ​ឈឺ​​ជង្គង់​ច្រើន​តែ​បញ្ហា​ដែល​បង្ក​ឡើង​ដោយជំងឺ​សឹកខូច​​សន្លាក់។ សន្លាក់​ដែល​តភ្ជាប់​ពី​ជង្គង់​ទៅ​ឆ្អឹង​កំភួន​ជើង ឬត​ ​​ទៅ​ឆ្អឹង​ភ្លៅ។ តំណដែល​មាន​ឈ្មោះ​បច្ចេកទេស​ Patella ដែល​យើង​តែ​ទម្លាប់​ហៅ​​គ្រាប់​អង្គុញ​ជង្គង់។

ការ​រលាក​សន្លាក់ រលាក​សរសៃ រលាក​ឆ្អឹង ក៏​ជា​ដើមហេតុ​មួយ​ដែល​នាំ​ឱ្យ​ឈឺក្បាល​ជង្គង់​ដែរ។ តែ​វា​ករណី​ដ៏​កម្រ​បំផុត​ដែល​ការ​ឈឺ​ក្បាល​ជង្គង់​អាច​បណ្តាល​មក​ពី​មានដុះ​ដុំ​សាច់ ឬ​ដុំ​មហារីក​ នៅលើ​ផ្នែក​ណាមួយ​នៃសន្លាក់​ជង្គង់​ (​ឆ្អឹង ឆ្អឹង​ខ្ចី ...)។ ដើម្បី​អាច​រក​ឃើញ​មូលហេតុ​នៃ​ការ​ឈឺ​ជង្គង់ គ្រូពេទ្យ​អាច​តម្រូវឱ្យ​អ្នក​ជំងឺ​ទៅ​ថត​ឆ្លុះ​ ធ្វើ​Radio ថត​ពី​មុខ និង​ពី​ចំហៀង។ ការ​ថត​រ៉ាយោ​ សឹង​តែ​គ្រប់​គ្រាន់​សម្រាប់​ផ្តល់​ការ​វិនិច្ឆ័យ​រោគ​​ឈឺ​ជង្គង់ ភាគ​ច្រើន។ មាន​ករណី​ឈឺ​តិច​តួច​ណាស់ ដែល​គ្រូពេទ្យ​អាចណែនាំឱ្យ​ថត​អឹមរ៉ាយ ឬ​ថត​ស្កាន​។ ការ​ថត​បែបនេះ​មិន​ត្រូវ​ធ្វើ​ឡើង​ជា​ស្វ័យប្រវត្តិ​ឡើយ ព្រោះ​គ្មាន​ប្រយោជន៍។ ជា​ទូទៅ​មនុស្ស​គ្រប់រូប​នៅពេល​ចូល​ដល់​វ័យ​ចាប់​៤០​ឆ្នាំ​ ជង្គង់ច្រើន​ចាប់​មាន​សញ្ញា​ចាស់​ទ្រុឌទ្រោម ថត​ទៅ​ឃើញ​មាន​ស្នាម នាំ​ឱ្យ​គិត​ថា​មាន​បញ្ហា​សន្លាក់​ រួច​ទៅ​ចាក់​រុក​មើល​បន្ថែម​ឥត​អំពើ។ វិធី​សាស្ត្រ​វិភាគមួយ​ទៀត គឺការ​ចាក់​យក​ទឹក​នៅក្បាល​ជង្គង់​មក​វិភាគ​ដើម្បី​បែង​ចែក​​អាការៈ​ហើម​ឈឺ​បណ្តាលមក​ពី​ការ​បង្ក​រោគ ឬ​ការ​រលាក។
 
ក្នុង​ពេល​រង់​ចាំ​ការ​ពិគ្រោះ​ជំងឺ​វែក​រក​មូល​ហេតុ​នៃ​ការ​ឈឺ​ជង្គង់ គេ​អាច​បំបាត់​ឬ​បញ្ចុះ​ការ​ឈឺចាប់​ ​ដោយ​អាច​​សាកល្បង​ព្យាបាល​ដោយខ្លួន​ឯង ដោយ​​ប្រើ​ថ្នាំ លាបថ្នាំ​រឹត ឬថ្នាំ​​លេប​បំបាត់​ការ​ឈឺ​ចុកចាប់​ពពួក​ប៉ារ៉ាសេតាម៉ុល ពីរបី​ថ្ងៃយ៉ាងយូរ និង​ ដោយ​ការ​ប្តូរ​ផ្លាស់​ទម្លាប់​ប្រចាំ​ថ្ងៃ​បន្តិច​បន្តួច​ ដ៏​សាមញ្ញ។
 
បើ​ជា​ការ​ឈឺ​ជង្គង់​បង្ក​ឡើង​ដោយ​ការបុក​ទង្គិច-ដួល​ ៖
  • ត្រូវ​​បញ្ឈប់​ធ្វើ​ចលនា និង​សកម្មភាព​កីឡា​។
  • ថ្នម​ជង្គង់​ដោយ​ចៀស​កុំ​ប្រើកម្លាំង​សង្កត់​លើ​ជើង
  • ស្អំជង្គង់​ដោយ​ទឹក​ត្រជាក់ឬ​ទឹកកក​
  • រុំ​ជើងតែ​កុំ​រឹតតឹង​ត្រង់​​ក្បាលជង្គង់
  • ឧស្សាហ៍​លើក​ជើង ដើម្បី​កុំ​ឱ្យ​ហើម​ជើង
បើជាការ​ឈឺ​ដោយ​មូលហេតុ​ផ្សេង
  • ចៀសវាង​កុំ​ដើរនៅពេល​កំពុង​ឈឺ​ និង​កុំ​ឈរ​យូរ​
  • ឧស្សាហ៍​ទម្រេខ្លួន និង​សម្រាក
  • ចៀសវាង​កុំ​លើក​-យួរ របស់​ធ្ងន់
  • បន្ត​ដើរ​ជា​ប្រចាំ​នៅពេល​ឈប់​ឈឺ
  • បើ​ចាំបាច់​ ​គួរ​តែ​ប្រើ​ឈើច្រត់​ ដើម្បី​ជួយ​សម្រាល​ទម្ងន់​កុំ​ឱ្យ​សង្កត់​ទៅ​លើ​សន្លាក់​ពេក
  • ពេល​សំរាន្ត​ សណ្តូក​ជើង​យក​ខ្នើយ​កល់​ចុង​ជើង​ឱ្យ​ខ្ពស់​​ស្មើ​ក្បាល
  • ថែទាំជើង ដោយ​ជ្រើសរើស​ស្បែក​ស្រួលពាក់​ និង​គ្មាន​កែង
  • ហើយ​បើចង់​ឱ្យ​​កាន់​តែ​ប្រសើរ​ខ្លាំងទៀត ត្រូវ​សម្រក​ទម្ងន់ ព្រោះ​ធាត់​ជា​មារ​ចាំ​ផ្ចាញ់​ជង្គង់។
​នេះ​ដំបូន្មានណែនាំដោយ​​លោក​សាស្ត្រាចារ្យ​ សូតតេ​​ ស្តីពី​ការ​ថែរក្សា​សុខភាព​ជង្គង់​ឱ្យ​បាន​មាំ​មួន​ល្អ​យូរអង្វែង។ សូម​ស្តាប់​ប្រសាសន៍​របស់​​លោក​សាស្ត្រាចារ្យ​ ៖ “កត្តា​អវិជ្ជមាន​ដ៏​សំខាន់​ដែល​ជំរុញ​ឱ្យ​មាន​ជំងឺ​សន្លាក់​គឺ​ ជំងឺ​ធាត់។ ជា​ឧទាហរណ៍​ជាក់​ស្តែង​នៅ​ក្នុង​ប្រទេស​បារាំង មាន​ការ​វះកាត់​ប្តូរ​ឆ្អឹង​ត្រគៀក​ ចំនួន ១២៥០០០​ករណីនិង​​៩០០០០​ជា​ការ​វះកាត់ប្តូរ​​ជង្គង់។ ចំណែក​នៅសហរដ្ឋ​អាមេរិក​ដែល​មាន​ប្រជាជន​ជិត​៤០%​ជា​មនុស្ស​ធាត់​ជ្រុលវិញ មាន​ការ​វះកាត់​ប្តូរ​ឆ្អឹង​ត្រគៀក និង​ជង្គង់ ច្រើន​ជាង​នៅ​បារាំង​ដល់​ពីរ​ដង។ ដូច្នេះ ការ​ធាត់​ជ្រុល​ជា​កត្តា​សម្រួល​ឱ្យ​មាន​បញ្ហា​សន្លាក់​ក្បាល​ជង្គង់។​”
 
បញ្ចុះ​ទម្ងន់ ធ្វើកីឡា​ហែលទឹក ធ្វើ​ចលនា​សរសៃ សុទ្ធ​សឹង​ជា​មធ្យោបាយ​ព្យាបាល​ការ​ឈឺ​ជង្គង់។ គ្រូ​ពេទ្យ​ក៏​អាច​ផ្តល់​ថ្នាំ​រឹត​ ជា​ជែល ជា​បង់​រុំ ឬ​ការ​ប្រើប្រាស់​ថ្នាំលេប​​​ ពពួក​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ​ក្នុង​ករណី​ចាំបាច់​ខ្លាំង។ ជួន​អាច​មាន​ការ​ផ្តល់​ថ្នាំពពួក​Corticoïde។ ការ​វះកាត់​ប្តូរ​ជង្គង់​អាចនឹង​មាន​​ស្នើ​ឡើង​ ប្រសិន​បើ​គ្រប់​វិធី​ព្យាបាល​ជួប​បរាជ័យ៕

Tag:
 (នាទីសុខភាពនិងអនាម័យ)
© រក្សាសិទ្ធិដោយ thmeythmey.com