ជាតិ
«ដំណាំគម្របដី» បង្កើនទិន្នផលដំណាំ និងកែប្រែដីឱ្យមានគុណភាព
27, Dec 2023 , 9:00 pm        
រូបភាព
កសិករម្នាក់កំពុងបង្ហាញឫស ដំណាំគម្របដីមួយប្រភេទ ក្នុងខេត្តបាត់ដំបង។
កសិករម្នាក់កំពុងបង្ហាញឫស ដំណាំគម្របដីមួយប្រភេទ ក្នុងខេត្តបាត់ដំបង។
បាត់ដំបង៖ «ដំណាំគម្របដី» ជាការអនុវត្តកសិកម្មអភិរក្សឬកសិអេកូឡូស៊ី ដើម្បី​កែប្រែ​ដីឱ្យមានគុណភាពទប់ស្កាត់ការហូរច្រោះសារធាតុចិញ្ចឹមក្នុងដី ថែរក្សាសំណើម ការគ្រប់​គ្រងស្មៅចង្រៃនិងការស្រូបយកឧស្មនផ្ទះកញ្ចក់។ មិនត្រឹមជួយដល់ដី ដំណាំគម្របដី​គឺ​ចូលរួមក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុផងដែរ។

តទៅនេះសូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖

ដំណាំ​គម្រប​ដី គឺ​ការដាំ​ពពួក​ស្មៅ ដូចជា ប្រភេទ​ស្មៅ Sorghum,  Stylo, Jute, Sesbania, Pearl Millet, Juncea និង​ការដាំ​ដំណាំ   សណ្តែក ល្ង ជាដើម ដែលមាន​អាយុកាល​លូត​លាស់​​ពី​៦០​ ទៅ​៧៥​ថ្ងៃ ឬ​លើសពីនេះ​ទៅតាម​ប្រភេទ​ស្មៅ​នីមួយៗ​។ ចំពោះការជ្រើសរើស ដំណាំគម្របដី គឺអាស្រ័យលើដំណាំចម្បង ដែលនឹងដាំបន្ទាប់ពីដំណាំគម្របដី (ពិពិធកម្ម​ដំណាំ)។
 
«ដំណាំគម្របដី» ជាផ្នែកមួយនៃការអនុវត្តកសិកម្មអភិរក្សឬកសិអេកូឡូស៊ី។ ការអនុវត្ត​កសិកម្មនេះ លោក លោក ស វែង ជាទីប្រឹក្សាបច្ចេកទេសនៃមជ្ឈមណ្ឌលស្រាវជ្រាវ​អភិវឌ្ឍន៍កសិកម្មអភិរក្សនៅកម្ពុជា នៃក្រសួងកសិកម្មលើកឡើងថាគឺជាជួយដល់ការ​កែប្រែដីឱ្យមានជីវជាតិឡើងវិញបន្ទាប់ពីកសិករធ្វើការភ្ជួររាស់ដី ប្រើប្រាស់ថ្នាគីមី ដែល​ធ្វើឱ្យដីបាត់បង់គុណភាព។ 
 
លោកបន្ថែមទៀតថា ការអនុវត្តកសិកម្មនេះ មិនត្រឹមជួយកែខៃដីឱ្យមានគុណភាព​ប៉ុណ្ណោះ​ទេវាការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុផងដែរ តាមរយៈការចាប់យកឧស្ម័នផ្ទះ​កញ្ចក់​ពីបរិយាកាសដោយដំណាំគម្របដីនេះ និងជួយជាជម្រកដល់ប្រភេទសត្វរស់នៅ​ក្នុងដីដែលសត្វទាំងនោះបានធ្វើឱ្យដីធូរ។ 
 
ការដាំដំណាំគម្របដីនេះ ក៏ជាប្រភពចំណូលបន្ថែមបន្ទាប់ពីដំណាំចម្បងដែលកសិករ​ដាំ​ដុះផងដែរ។ លោក ស វែង បញ្ចាក់ថាការដាំប្រភេទដំណាំ «សង្ក្រងស្វាស្លឹកតូច» នៅលើ​ដី​មួយហិកតា កសិករអាចរកចំណូលបានប្រមាណ៥០០ ទៅ៦០០ដុល្លារក្នុងផ្ទៃដី១ហិកតា​៕

Tag:
 ThmeyThmey
  ដំណាំគម្របដី
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com