អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហេតុអ្វីវៀតណាមអាចរក្សាតុល្យភាពរវាងចិន​និងអាម៉េរិក ?
27, Dec 2023 , 9:30 pm        
រូបភាព
វៀតណាម ទទួលបានជោគជ័យក្នុងការអញ្ជើញប្រមុខដឹកនាំមហាអំណាចចិន និងអាម៉េរិកមកទស្សនកិច្ចប្រទេសខ្លួនក្នុងឆ្នាំតែមួយ។ ទាំងនេះជាផ្លែផ្កានៃការអនុវត្តគោលនយោបាយការទូតឫស្សី និងភាពប៉ិនប្រសប់របស់អ្នកការទូតវៀតណាម។ បន្ថែមពីនេះ ទីតាំងភូមិសាស្រ្ត ភាពសម្បូរបែបវត្ថុធាតុដើម និងកត្តាសេដ្ឋកិច្ចក៏ជាទឡ្ហីករណ៍ដែលធ្វើឲ្យមហាអំណាចទាំងពីរមិនអាចមើលរំលង។

  
នៅឆ្នាំ២០២៣នេះ វៀតណាមជាប្រទេសតែមួយគត់ក្នុងពិភពលោកដែលធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងប្រធានាធិបតីចិន ស៊ី ជិនភីង ដែលសុទ្ធតែជាប្រមុខនៃប្រទេសមហាអំណាចពីរប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លានៅទីក្រុងហាណូយ។
 
ក្នុងដំណើរទស្សនកិច្ចរបស់លោក បៃឌិន វៀតណាមបានបង្កើនកម្រិតទំនាក់ទំនងថ្មី ដោយនាំអាម៉េរិកទៅជាដៃគូស្មើភាពជាមួយចិន។ បីខែក្រោយ នៅពេលលោក​ ស៊ី បានមកដល់ទីក្រុងហាណូយ វៀតណាមបានយល់ព្រមកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាជាមួយទីក្រុងប៉េកាំង។
 
ថ្នាក់ដឹកនាំទីក្រុងហាណូយចាត់ទុកថា លទ្ធផលទាំងនេះជាសមិទ្ធិផលដ៏អស្ចារ្យក្នុងកិច្ចការទូតរបស់ខ្លួនដែលកំពុងស្វែងរកតុល្យភាពទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសមហាអំណាច តាមរយៈយុទ្ធសាស្ត្រ«ការទូតឫស្សី»។ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ្វ៊ូជុង  ថ្លែងក្នុងសន្និសីទការទូតនាថ្ងៃទី១៩ ខែធ្នូនៅទីក្រុងហាណូយ ថា សាលាការទូតវៀតណាមនេះ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយលើឆាកអន្តរជាតិ។
 
ការទូតឫស្សី (Bamboo Diplomacy) ជាទម្រង់នៃសិល្បៈការទូតដែលបានព្យាយាម ចាក់ប្ញសគល់យ៉ាងរឹងមាំ និងអាចបទបែនទៅបានគ្រប់ទិសទី ទៅតាមបរិបទនៃនយោបាយ ដែលប្រៀបបានទៅហ្នឹងដើមឫស្សី មួយគុម្ពដែលមានប្រសប្ញសគល់យ៉ាងរឹងមាំ បើទោះបីដើមត្រូវខ្យល់បក់បោកធ្វើឱ្យទោរទន់ទៅទិសណាក៏ដោយ។
 
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ស៊ី នៅពាក់កណ្តាលខែនេះ ប្រព័ន្ធផ្សព្វផ្សាយបរទេសបានឡើងសំណេរជុំវិញយុទ្ធសាស្ត្រតុល្យភាពរបស់វៀតណាមក្នុងកិច្ចការបរទេស និងការទូតដើមឫស្សី ដែលមេដឹកនាំប្រទេសអាស៊ីអាគ្នេយ៍មួយនេះអនុវត្តក្នុងទំនាក់ទំនងពហុភាគីជាមួយប្រទេសជុំវិញពិភពលោក។
 
សារព័ត៌មាន Reuters បានចេញផ្សាយអត្ថបទមួយថា វៀតណាមបានពង្រឹងទំនាក់ទំនងជាមួយចិនដោយអរគុណចំពោះការទូតឫស្សី បន្ទាប់ពីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយអាម៉េរិក។ បើតាមសារព័ត៌មានអង់គ្លេសមួយនេះ ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយមហាអំណាចទាំងពីរបានកត់សម្គាល់ពីសមិទ្ធិផលនៃការទូតដើមឫស្សីរបស់វៀតណាម។
 
ទន្ទឹមនេះ​ កាសែត Wall Street Journal បានឡើងចំណងជើងថា ហេតុអ្វីបានជាមនុស្សគ្រប់គ្នាចង់ធ្វើជាមិត្តជាមួយវៀតណាម? ក្នុងនោះក៏បានបញ្ជាក់អំពីការទូតឫស្សី ថាជាយុទ្ធសាស្រ្តធ្វើឱ្យមានតុល្យភាពក្នុងទំនាក់ទំនងជាមួយអាម៉េរិក និងចិន។
 
ស្រដៀងគ្នានេះ វិចារណកថារបស់ Bloomberg ដោយពន្យល់ពីមូលហេតុដែលយុទ្ធសាស្រ្តការទូតវៀតណាមមានប្រសិទ្ធភាព ស្របពេលទាំងអាម៉េរិក និងចិនចង់ទាញទីក្រុងហាណូយទៅប្លុកពួកគេ។ ជាពិសេស គោលនយោបាយការបរទេសពហុប៉ូល បានធានាឱ្យប្រទេសកុម្មុយនិស្តមួយនេះ មានស្វ័យភាពក្នុងការដោះស្រាយជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។
 
លើសពីនេះដោយសរសើរយុទ្ធសាស្ត្រការទូតវៀតណាម កាសែត South China Morning Post បានលើកឡើងថា ទីក្រុងហាណូយជាកម្រិតខ្ពស់មួយសម្រាប់ការប្រកួតប្រជែងរវាងអាម៉េរិក និងចិន ដើម្បីទាក់ទាញប្រទេសមហាអំណាចទាំងពីរឱ្យមកបណ្តាក់ទុនក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ព្រមទាំងបានបង្កើនជំហររបស់ខ្លួននៅក្នុងតំបន់។ 
 
ការទូតឫស្សី រឹងមាំហើយអាចបត់បែនបាន 
 
ស្ថានភាពបច្ចុប្បន្ន គឺយុគ្គសម័យនៃការប្រកួតប្រជែងរវាងមហាអំណាច ជាពិសេសរវាងចិន និងអាម៉េរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វៀតណាមជាប្រទេសមួយស្ថិតនៅតំបន់កំពុងមានជម្លោះសមុទ្រចិនខាងត្បូង ដែលទីតាំងភូមិសាស្រ្តនេះមានលក្ខណៈអំណោយផល សម្រាប់ជួយវៀតណាមអាចទាញយកសក្តានុពល និងប្រជាប្រិយភាពពីសំណាក់ចិន និងអាម៉េរិក។ 
 
សម្រាប់អាម៉េរិកយល់ថា នយោបាយការបរទេសវៀតណាមមានភាពច្បាស់លាស់ និងអាចបត់បែន។ វៀតណាមមិនបដិសេធពង្រឹងទំនាក់ទំនងជាមួយអាម៉េរិក ហើយក៏មិនបដិសេធជាមួយចិនក្នុងកិច្ចពង្រឹងទំនាក់ទំនង។ នេះជាភាពប៉ិនប្រសប់នៃថ្នាក់ដឹកនាំវៀតណាមក្នុងការប្រើប្រាស់គោលនយោបាយការបរទេសបត់បែនចំពោះមហាអំណាចទាំងពីរ។ 
 
បើតាមលោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ានៃរាជបណ្ឌិត្យសភាកម្ពុជាបានចែករំលែកជាមួយសារព័ត៌មានឌីជីថលថ្មីៗ ក្រៅពីនយោបាយការបទេស សេដ្ឋកិច្ចក៏ជាចំណុចអាទិភាពមួយដែលមហាអំណាចទាំងពីរមិនអាចមើលរំលង។ តួយ៉ាងភាពរីកចម្រើនរបស់វៀតណាមនៅក្នុងវិស័យបច្ចេកវិទ្យា និងធនធានមនុស្សជាដើម។ 
 
ត្រង់ចំណុចនេះលោកលើកឡើងថា ទាំងចិន និងអាម៉េរិកតែងតែគៀងគរវិនិយោគទុនធំៗមកបោះទុនរកស៊ីនៅវៀតណាម ដោយប្រទេសនេះសម្បូរទៅដោយធនធានរ៉ែកម្របន្ទាប់ពីចិន។ ទីក្រុងវ៉ាស៊ីតោនយល់ថា វត្ថុធាតុដើមទាំងនេះអាចជួយខ្លួននៅក្នុងច្រវាក់ផលិតកម្មរោងចក្របង្វែរចេញពីទីក្រុងប៉េកាំងបាន។ 
 
ចំណែកចិនក៏មិនបានឈរមើលអាម៉េរិកទាញវៀតណាមចូលក្នុងប្លុកខ្លួនឡើយ ដោយព្យាយាមបង្កើនកិច្ចសហប្រតិការក្នុងនាមជាប្រទេសជិត បើទោះបីមានជម្លោះដែនទឹកជាមួយគ្នាក៏ដោយ។ ចិនបានពង្រឹងទំនាក់ទំនងជាមួយវៀតណាមតាមរយៈការផ្តោះប្តូរពាណិជ្ជកម្ម ការផ្លាស់ប្រជាជននិងប្រជាជនជាមួយវៀតណាម។ ទាំងនេះជាភាពប៉ិនប្រសប់របស់អ្នកកាទូតវៀតណាម ដោយបានថ្លឹងថ្លែងយ៉ាងច្បាស់ក្នុងរក្សាជំហរជាមួយមហាអំណាចទាំងពីរ។
 
ក្រៅពីគោលនយោបាយការទូតឫស្សី វៀតណាមបានប្រើប្រាស់គោលនយោបាយឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។ បន្ថែមពីនេះ វៀតណាមកំពុងអនុវត្តនូវគោលនយោបាយដោយមិនបង្កើតសម្ព័ន្ធយោធាជាមួយប្រទេសដទៃ មិនចូលដៃប្រទេសមួយដើម្បីវាយប្រហារប្រទេសមួយទៀត មិនអនុញ្ញាតឲ្យបរទេសមកតាំងមូលដ្ឋានទ័ពនៅប្រទេសខ្លួន និងមិនប្រើកម្លាំងយោធាក្នុងទំនាក់ទំនងអន្តរជាតិ។ទាំងនេះសុទ្ធតែជា ភាពប៉ិនប្រសប់របស់អ្នកការទូតវៀតណាមក្នុងការរក្សាបាននូវតុល្យភាពទំនាក់ទំនងជាមួយមហាអំណាច ដើម្បីទាញប្រយោជន៍ដល់ប្រទេសខ្លួន៕  

Tag:
 វៀតណាម
  ការទូតឫស្សី
  អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com