RFI
សុខភាព
អន្តរជាតិ
ហេតុ​អ្វី​ជំងឺ​មហារីកស្ទុះ​ឡើង​​ខ្លាំងក្នុង​ចំណោម​មនុស្ស​​វ័យ​​ក្រោម​៥០​ឆ្នាំ ?
27, Dec 2023 , 10:00 pm        
រូបភាព
ជំងឺ មហារីក កើតកាន់តែច្រើនឡើងៗ លើមនុស្សអាយុក្រោម៥០ឆ្នាំ។ common streams
ជំងឺ មហារីក កើតកាន់តែច្រើនឡើងៗ លើមនុស្សអាយុក្រោម៥០ឆ្នាំ។ common streams
ដោយ៖ អៀង សុខម៉ិញ

ក្មេង​ជំនាន់​ក្រោយ​មាន​ហានិភ័យ​កើត​ជំងឺ​មហារីកច្រើន​ជាងមុន និងក្នុង​វ័យ​​ក្មេង​ជាង​​មនុស្ស​ជំនាន់​មុន។ បើ​តាម​ការ​សិក្សាអាមេរិក​​ទើ​បចេញ​ថ្មី​ ជំងឺ​មហារីក​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​មនុស្ស​អាយុ​ក្រោម​៥០​ឆ្នាំ តាំងពី​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​។ តើ​អ្នក​ស្រាវជ្រាវ​ពន្យល់​អំពី​បាតុភូត​នេះ​យ៉ាង​ដូចម្តេច ?

ចំនួន​មនុស្ស​កើត​ជំងឺ​មហារីក​និង​ស្លាប់​ដោយ​ជំងឺ​មហារីក​ថ្លើម នៅ​លើ​ពិភពលោក នឹង​កើន​ឡើង​ជាង​៥៥%​ នៅរវាង​ពី​ពេលនេះ​ទៅ ២០​ឆ្នាំ​ខាង​មុខ​ ប្រសិន​បើ​គ្មាន​វិធី​ទប់​ស្កាត់​វា​ទេ។ នេះ​បើ​តាមទិន្នន័យ​វិភាគថ្មី របស់​​ក្រុម​អ្នកវិទ្យាសាស្ត្រ​​នៃ​វិទ្យាស្ថាន​​ស្រាវជ្រាវជំងឺ​មហារីក​អន្តរជាតិ​របស់​អង្គការ​សុខភាពពិភពលោក ចេញ​ផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី​ Journal of Hepatology កាលពី ថ្ងៃទី​៦​តុលា​២០២២។ មាន​ន័យ​ថា បើ​យោល​ទៅ​តាម​ស្ថានភាព​​បច្ចុប្បន្ន ពី​ពេល​នេះ​ដល់​ឆ្នាំ​២០៤០ នឹង​មាន​មនុស្ស​១,៤​នាក់​កើត​ជំងឺ​មហារីកថ្លើម និង​១,៣​លាន​នាក់​ស្លាប់​ដោយ​ជំងឺ​មហារីកថ្លើមក្នុង​មួយ​ឆ្នាំៗ។

 

 
ជំងឺ​មហារីកថ្លើមដែល​ងាយ​បញ្ចៀស​បាន​ ប្រសិន​បើ​គេ​កំរិត​ការ​ទទួល​ទាន​សុរា និង​ព្យាបាល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ និង​សេ បាន​ត្រឹម​ត្រូវ​នោះ ​នឹង​ក្លាយ​ជា​មូលហេតុ​ចម្បង​គេ​មួយ​ក្នុង​ចំណោម​មូលហេតុ​បី​ដំបូង​នៃ​មរណភាព​ ក្នុង៤៦​​ប្រទេស​ និង​ស្ថិត​ក្នុង​ចំណោម​មូលហេតុ​៥​ដំបូង​នៃ​មរណភាព នៅក្នុង​ជាង​១០០ប្រទេស​។ កំណើន​ករណី​ឈឺ​និង​ស្លាប់​ស្ទុះ​ឡើង​ខ្លាំង​ជាង​គេ​នៅតំបន់អាស៊ី​ខាង​កើត អាស៊ីអាគ្នេយ៍ ​និង​អាហ្វ្រិក​ខាង​ជើង​។
 
ប៉ុន្តែ​មិនមែន​មាន​តែ​ជំងឺ​មហារីក​ថ្លើម​ទេ​ដែល​កើន​ឡើង​នោះ។ បើ​តាម​កា​រសិក្សា​របស់​អ្នក​វិទ្យាសាស្ត្រ​អាមេរិក ចេញផ្សាយ​ក្នុង​ទំព័រទស្សនាវដ្តី Nature Reviews Clinical Oncology កាលពី​ថ្ងៃទី ៦​កញ្ញា មាន​ជំងឺ​មហារីក​ចំនួន​១៤​មុខ ដែល​កើន​ឡើង​និង​កើត​លើ​អ្នក​ជំងឺ​​វ័យ​ ​ក្មេង​ អាយុ​ក្រោម​៥០​ឆ្នាំ។ មាន​អ្នក​ជំងឺវ័យមិនទាន់​​៥០​ឆ្នាំ​កាន់​តែ​ច្រើន​ឡើងៗ កើត​ជំងឺ​មហារីក។ នេះ​ជា​បាតុភូត​​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំងណាស់ សម្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ​អាមេរិក ដែល​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា និន្នាការ​​កំណើន​ជំងឺ​មហារីកក្មេង​ (​អាយុ​ក្រោម​៥០​ឆ្នាំ) បាន​ចាប់​ផ្តើម​ តាំងពី​៣០​ឆ្នាំ​មក​ហើយ។
 
រលក​​​ជំងឺ​មហារីក​​ក្មេង​ ជា​ក្តី​ព្រួយ​បារម្ភ​ព្រោះ​វា​ប៉ះពាល់​ដល់ក្រុម​ចង្កោម​មនុស្ស​ដែល​គ្មាន​ភាព​​ប្រឈម​នឹង​ជំងឺ​មហារីក។ មហារីក​​មិន​រើស​អាយុកើត​ឡើយ តែ​ជាទូទៅ អ្នក​ប្រឈម​នឹង​ហានិភ័យ​មហារីក​ ច្រើន​តែជា​​មនុស្សអាយុ​លើស​​ពី​៥០​ឆ្នាំ​ឡើង​ទៅ។ ប៉ុន្តែ​តាំងពី​ឆ្នាំ​១៩៩០មក ចំនួន​មនុស្ស​អាយុ​ក្រោម​៥០​ឆ្នាំកើត​ជំងឺ​មហារីក​កើន​ឡើង​ជា​លំដាប់​ នៅ​​ទូទាំងពិភពលោក។ ពោល​គឺ​ ​មហារីក​មុន​កាល បាន​ក្លាយ​ជា​ជំងឺ​រាតត្បាត​ស្រេច​ទៅ​ហើយ តាំងពី​ឆ្នាំ​១៩៩០មក។ ហើយ​កាន់តែ​គួរ​ព្រួយ​បារម្ភ​ខ្លាំង​ទៅទៀត ៣០​ឆ្នាំ​ក្រោយ​ កំណើន​អ្នក​កើត​មហារីក​ក្រោម​អាយុ​៥០​ឆ្នាំ​មិន​បន្ថយ​ល្បឿន​សោះ​ ។
 
ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មន្ទីរ​ពេទ្យ Brigham and Women’s នៅ​ក្រុង​បូស្តុន​សហរដ្ឋ​អាមេរិក បាន​ប្រមូល​ទិន្នន័យ​មនុស្ស​ធំ​ពេញ​វ័យ​អាយុ​៥០​ឆ្នាំ នៅ​ទូទាំង​ពិភពលោក ចន្លោះ​ពី​ឆ្នាំ​២០០០ទៅ​២០១២ មក​វិភាគ​ឃើញ​ថា​មនុស្ស​ពី​ជំនាន់​មួយ​ទៅជំនាន់​មួយ​ ប្រឈម​នឹង​គ្រោះ​កើត​ជំងឺ​មហារីក​ ក្នុង​វ័យ​កាន់​តែ ក្មេង​ទៅ​ៗ។ ​ក្រុម​មនុស្ស​កើតនៅ​​ឆ្នាំ​១៩៦០ មាន​ហានិភ័យ​កើត​ជំងឺមហារីក​មុន​អាយុ​៥០​ឆ្នាំ​ ខ្ពស់​ជាង​ក្រុម​អ្នកកើត​នៅ​ឆ្នាំ​១៩៥០ តែ​ទាប​ជាង​ក្រុម​អ្ន​កកើត​នៅ​ឆ្នាំ​១៩៧០។ គ្រោះហានិភ័យឆាប់​មាន​ជំងឺ​មហារីក​ ​កាន់​តែ​កើន​ខ្ពស់​ថែម​ទៀត សម្រាប់​កូន​ជំនាន់​ក្រោយ ឬ​អ្នក​កើត​នៅ​ទសវត្សរ៍​ក្រោយៗ​មក​។
 
ហេតុ​អ្វី​​មនុស្ស​អាយុក្រោម​៥០​ឆ្នាំ កាន់​តែ​ច្រើន មានជំងឺមហារីក ?
 
​សម្រាប់​អ្នក​ស្រាវជ្រាវ មូលហេតុ ដំបូង​គេ គឺ​ការ​ប្តូរ​ផ្លាស់​របៀបរបប​និង​បរិស្ថាន​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​តាំងពី​កើត​មក​ ដូច​ជា​​របប​ចំណីអាហារ របប​រស់​នៅ ទម្ងន់ បរិយាកាស​។ តាំង​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ​បាន​បញ្ចប់​ទៅ និង​ជាពិសេស តាំងពី​ឆ្នាំ​១៩៦០​មក ចំណីអាហារ​ឧស្សាហកម្ម​ចាប់​លូត​លាស់​ខ្លាំង ដែល​បាន​បំប្លែង​ និង​ប្តូរ​ផ្លាស់​ទម្រង់​ដើម​នៃ​អាហារ​យ៉ាង​ខ្លាំង។
វេជ្ជបណ្ឌិត​ Tomotaka Ugai អ្នក​ដឹកនាំការ​សិក្សា​ចម្បង​គេ បាន​គូស​បញ្ជាក់​ថា នៅក្នុង​ចំណោម​ជំងឺ​មហារីក​ទាំង​១៤ ដែល​កើន​និង​កើត​កាន់​តែ​ច្រើន​លើ​មនុស្ស​អាយុ​ក្រោម​៥០​ឆ្នាំ មាន​៨​ជា​ជំងឺ​មហារីក​ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ រំលាយ​អាហារ។ អាហារ​ដែល​យើង​ទទួល​ទាន​ចូល​ទៅ នឹង​ទៅ​ចិញ្ចឹម​ពពួក​សរីរាង្គ​តូចៗ​ក្នុងក្រពះ​​ពោះវៀន។ របប​អាហារ​ប៉ះពាល់​ដោយ​ផ្ទាល់​តែ​ម្តង​ទៅ​លើក្រុម​បាក់តេរី​ល្អ​ មីក្រូប៊ីយ៉ុត ហើយ​យូរ​ទៅ​ការ​ប្តូរ​ផ្លាស់​នេះ អាច​នឹង​មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​មាន​ហានិភ័យ​កើត​ជំងឺ។
 
ជំងឺ​មហារីក​១៤​យ៉ាងនោះ​គឺ មហារីក​សុដន់ មហារីក​ពោះវៀន​ អង់ដូម៉ែត្រ បំពង់អាហារ ថ្លើម ប្រមាត់ បំពង់​បង្ហូរ​វត្ថុ​រាវ​ក្នុង​ថ្លើម  ​លំពែង ក្បាល​ ក តម្រងនោម ឆ្អឹង​ ប្រូស្តាត​ ក្រពេញ​ទីរ៉ូអ៊ីត និង​ក្រពះ។
 
សាស្ត្រាចារ្យ​ Shuji Ogino សហនិពន្ធ​ដឹកនាំការសិក្សា​របស់​​មន្ទីរពេទ្យ​ Brigham បានពន្យល់​ក្នុង​​សេចក្តី​ថ្លែងការណ៍ទៀត​ថា មនុស្ស​ជំនាន់​ក្រោយ​មាន​គ្រោះ​ហានិភ័យ​កើត​ជំងឺ​មហារីក​កាន់​តែ​ក្មេង​ជាង​មនុស្ស​ជំនាន់​មុន ទំនង​ដោយមួយ​ផ្នែក​បណ្តាល​មក​ពី​មនុស្ស​ជំនាន់​ក្រោយ​រស់​ប្រឈម​នឹង​កត្តាហានិភ័យ​ តាំងពី​នៅ​វ័យ​ក្មេង​។
 
​កត្តាប្រឈម​ ​បាន​មក​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​ករណី​មហារីក​វ័យ​ក្មេង​កើន​ឡើង​ខ្លាំង។ កត្តា​ហានិភ័យ​ទាំង​នោះ​មាន​ដូច​ជា​ ការ​ទទួល​សុរា អាល់កុល ការ​ទទួល​ទាន​ភេសជ្ជៈ​ផ្អែម​ ជក់​បារី កង្វះ​ដំណេក ស្រណុក​ជ្រុល និង​ធាត់​ជ្រុល​។ កត្តា​ហានិភ័យ​ទាំង​នេះ ចាប់​លេច​ឡើង​ខ្លាំង​តាំងពី​ឆ្នាំ​១៩៥០មក​។ ហើយ​កត្តា​ទាំង​នេះ មិនមែន​មិន​បង្ក​ផលវិបាក​ទេ​ ព្រោះ​ការ​ប្តូរ​ផ្លាស់​ទម្លាប់​ គឺ​ជា​ការ​ប្តូរ​ផ្លាស់​ទម្រង់ ក្រុម​​បាក់តេរីល្អៗ​ដែល​នៅ​ក្នុង​ប្រព័ន្ធរំលាយ​អាហារ​របស់​មនុស្ស​​​ ដែ​ល​គេ​ហៅ​ថា មីក្រូប៊ីយ៉ុត។
 
សម្មតិកម្ម​ចុងក្រោយ​មួយ​ដែល​អាច​បញ្ចប់​ជំនឿ​របស់​មនុស្ស​ចាស់​ខ្មែរ ដែល​ថា​សម័យ​មុន​មិនសូវ​មាន​ជំងឺមហារីក នោះ​គឺ ដោយ​សារ​ពិភពលោក​បច្ចប្បន្ន​មាន​បច្ចេកទេស​វែក​រក​ជំងឺ​មហារីក​បាន​ល្អ​ប្រសើរ​ជាង​មុន ទើបគេ​​អាច​ឆាប់​វែក​រក​ឃើញ​ករណី​​កើត​ជំងឺ​មហារីក បាន​ឆាប់ និង​តាំងពី​ក្មេង។ គ្រាន់​តែ​ថា​សម្រាប់​អ្នក​ស្រាវជ្រាវ​ ការ​ធ្វើ​តេស្ត​វែកឃើញ​​រក​ជំងឺ​​តាំង​ពី​ដំបូងៗ​ភ្លាមៗ​ មិន​អា​ច​គ្រប់​គ្រាន់​យក​មក​ធ្វើ​ជា​សំអាង​នៃ​កំណើន​ជំងឺ​មហារីក​ដល់​ទៅ​១៤​មុខ​បាន​ទេ។ ប្រទេស​គ្មាន​លទ្ធភាព​ធ្វើ​តេស្ត​វិភាគ ក៏​មាន​កំណើន​ករណី​មហារីក​នៅ​វ័យ​ក្មេង​ដែរ។
 
ដូច្នេះ​អ្នក​ស្រាវជ្រាវ​នឹង​បន្ត​ការសិក្សា​ នៅ​ក្នុង​ប្រទេស​ជា​ច្រើន​បន្ថែម​ទៀត ជាពិសេស​ប្រទេស​មិន​សូវ​លូតលាស់​ និង​សិក្សា​តាម​ដាន​តាំង​ពី កុមារ​ឱ្យ​បាន​ច្រើន​ឆ្នាំ ដើម្បី​អាច​​បញ្ជ្រៀប​ព័ត៌មាន​ដល់​ប្រជាជន​ឱ្យ​បាន​យល់​ដឹង​អំពី​ផលវិបាក​នៃ​របៀប​របប​រស់​នៅ​ ចំពោះ​សុខភាព​ និងចំពោះ​ហានិភ័យ​កើត​ជំងឺ​មហារីក​ ព្រមទាំង​បាន​​ស្គាល់​ ​ជំងឺ​មហារីកកាន់​តែ​ច្បាស់៕

© រក្សាសិទ្ធិដោយ thmeythmey.com