កីឡាជាតិ
ជាតិ
កីឡាការិនីបាល់ទាត់លើតុ ដាក់គោលដៅ ប្រឹងប្រែងហ្វឹកហាត់ដើម្បីត្រៀមប្រកួតអន្ដរជាតិ
28, Dec 2023 , 10:10 am        
រូបភាព
កីឡាការិនី យ៉ែម នារតី និងកីឡាការិនី យ៉ង សោភ័ណ្ឌរស្មី
កីឡាការិនី យ៉ែម នារតី និងកីឡាការិនី យ៉ង សោភ័ណ្ឌរស្មី
កីឡាការិនី យ៉ែម នារតី ម្ចាស់មេដាយមាសថ្នាក់ជាតិកីឡាបាល់ទាត់លើតុ វិញ្ញាសាទាត់គូចម្រុះ និងកីឡាការិនី យ៉ន សោភ័ណ្ឌរស្មី ម្ចាស់មេដាយមាសថ្នាក់ជាតិកីឡាបាល់លើតុ វិញ្ញាសាឯកត្តជននារី សុទ្ធតែបានបង្ហាញឆន្ទៈរបស់ខ្លួន ក្នុងការអភិវឌ្ឍខ្លួន ដើម្បីប្រកួតលើឆាកអន្ដរជាតិ។

សហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា បានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី១ ចាប់ពីថ្ងៃទី២៥-២៦ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។ កីឡាការិនី ២រូប ដែលដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍នេះ បានបង្ហាញឆន្ទៈដូចគ្នាថា មានមហិច្ឆិតាចង់បានមេដាយ និងជ័យលាភីលើឆាកអន្ដរជាតិ ជាពិសេសការត្រៀមខ្លួន សម្រាប់ឆ្នាំ២០២៥ ក្នុងការប្រកួតស៊ីហ្គេម នៅប្រទេសថៃ។
 
 
«ខ្ញុំ សប្បាយចិត្ត ដែលកីឡាមួយនេះ មានវត្តមាននៅកម្ពុជា ហើយថែមទាំងមានការរៀបចំប្រកួតអន្តរជាតិដូចជាក្នុងស៊ីហ្គេម និងការប្រកួតថ្នាក់ជាតិផងដែរ។ សម្រាប់ខ្ញុំ ខ្ញុំ ចង់ប្រកួតប្រជែងលើឆាកអន្ដរជាតិ ជាពិសេសដណ្ដើមជ័យលាភីឲ្យជាតិ លើវិស័យកីឡាថ្មីមួយនេះ។ ខ្ញុំ នឹងប្រឹងហ្វឹកហាត់បន្ថែមទៀត ដើម្បីមានសមត្ថភាពគ្រប់គ្រាន់អាចទៅប្រកួតស៊ីហ្គេម នៅប្រទេសថៃ លើកីឡបាល់ទាត់លើតុនេះ។»។ កីឡាការិនីរូប យ៉ែម នារតី បាននិយាយដូច្នេះ។
 
ក្នុងបទសម្ភាសនោះដែរ កីឡាការិនី យ៉ន សោភ័ណ្ឌរស្មី បានប្រាប់ថា៖«ខ្ញុំ ចង់ឡើងប្រកួតលើឆាក់អន្ដរជាតិ ហើយនឹងប្រឹងដុះខាតសមត្ថភាពខ្លួនឯងឲ្យដល់ចំណុចមួយនេះ។ ខ្ញុំ នឹងមិនបញ្ឈប់ការអភិវឌ្ឍខ្លួន តែត្រឹមប៉ុន្នេះទេ។»។
 
គួរបញ្ជាក់ផងដែរ នេះ គឺជាការរៀបចំប្រកួតថ្នាក់ជាតិលើកទី១ ដែលសហព័ន្ធ បានរៀបចំ។ ដោយឡែក កីឡាបាល់ទាត់លើតុ (Teqball) ត្រូវបានដាក់ចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជាលើកដំបូង នៅប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដោយជាប្រភេទកីឡាបង្ហាញ (Demonstration Sport)។ ក្នុងព្រឹត្តិការណ៍នោះ អត្ដពលិកកម្ពុជា ដណ្ដើមបានមេដាយមាស១ ប្រាក់៣ និងសំរិទ្ធ៣៕

Tag:
 (យ៉ែម នារតី
  យ៉ន សោភ័ណ្ឌរស្មី
  កីឡាបាល់ទាត់លើតុ)
© រក្សាសិទ្ធិដោយ thmeythmey.com