សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ទណ្ឌកម្មលោកខាងលិច ធ្វើឱ្យរុស្ស៊ីលក់ប្រេងឆៅក្នុងឆ្នាំ២០២៣ប្រមាណ ៩០ភាគរយទៅឥណ្ឌា និងចិន
28, Dec 2023 , 11:40 am        
រូបភាព
រូបភាព ៖ TASS
រូបភាព ៖ TASS
ការដាក់​ទណ្ឌកម្មរបស់​លោកខាងលិច បានធ្វើឲ្យរុស្ស៊ី​បង្វែរ​ការនាំចេញ​ប្រេង​ពី​អឺរ៉ុប​ទៅកាន់​ឥណ្ឌា និង​ចិន ដែលម៉ាស៊ីនសេដ្ឋកិច្ចប្រទេសទាំងពីរ កំពុងត្រូវការខ្លាំង។ ក្នុងឆ្នាំ២០២៣ ទីផ្សារទាំងពីរនេះមានប្រហែល ៩០ភាគរយនៃការនាំចេញប្រេងឆៅរបស់រុស្ស៊ី។

ការនាំចេញប្រេងរបស់រុស្ស៊ីស្ទើរតែទាំងអស់ក្នុងឆ្នាំ២០២៣ មានចំណែកទៅក្នុងទីផ្សារចិន និងឥណ្ឌា។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Rossiya-24  ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Alexander Novak និយាយថា ដោយសារតែទណ្ឌកម្មរបស់លោកខាងលិច រុស្ស៊ីបានផ្លាស់ប្តូរការនាំចេញប្រេងរបស់ខ្លួនពីអឺរ៉ុបទៅកាន់ឥណ្ឌា និងចិន។ ទីផ្សារទាំងពីរនេះមានប្រហែល ៩០ភាគរយនៃការនាំចេញប្រេងឆៅរបស់រុស្ស៊ី។
 
អតីតរដ្ឋមន្រ្តីថាមពលរូបនេះ​​ បានបញ្ជាក់​ថា ប្រទេស​ជា​ច្រើន​ក៏មានការ​ចាប់​អារម្មណ៍​ក្នុង​ការ​ទិញ​ប្រេង និង​ផលិតផល​ប្រេង​របស់​រុស្ស៊ី រួម​ទាំង​​អាម៉េរិក​ឡាទីន អាហ្រ្វិក និង​អាស៊ី​ប៉ាស៊ីហ្វិក។
 
ការរឹតបន្តឹង និងការហ៊ុមព័ទ្ធលើការនាំចេញប្រេងទៅកាន់អឺរ៉ុប និងអាម៉េរិកបានរួមចំណែកក្នុងការពន្លឿនការផ្លាស់ប្តូររបស់រុស្ស៊ីឆ្ពោះទៅរកការនាំចេញថាមពល។
 
ជាក់ស្តែងសមាមាត្រនៃការនាំចេញប្រេងឆៅរបស់រុស្ស៊ីទៅកាន់អឺរ៉ុបបានធ្លាក់ចុះពីប្រហែល ៤០-៥០ភាគរយទៅប្រមាណ ៤-៥ភាគរយ ខណៈដែលចំណែកទីផ្សារនៃដៃគូសំខាន់ៗដូចជាចិនបានកើនឡើងដល់ ៤៥-៥០ភាគរយ។ 
 
ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ចំណែកទីផ្សាររបស់ឥណ្ឌាបានឈានដល់ ៤០ភាគរយ ទោះជាពីមុនប្រទេសនេះស្ទើរតែមិនបាននាំចូលប្រេងពីរុស្ស៊ីក៏ដោយ។ ការបង្កើនការនាំចូលប្រេងពីសំណាក់ប្រទេសទាំងពីរធំៗខាងលើ គឺដោយសាររុស្ស៊ី បានលក់ប្រេងក្នុងតម្លៃថោកៗ ខណៈតម្លៃប្រេងលើសកលលោកកំពុងឡើងថ្លៃ។ 
 
នៅឆ្នាំ២០២៣ រុស្ស៊ីបានដឹកជញ្ជូនប្រេងចំនួន ១,៥លានតោនតាមរយៈផ្លូវសមុទ្រខាងជើង។ លោក Novak សង្កត់ធ្ងន់ថា នេះជាផ្លូវដឹកជញ្ជូនដែលរកបានផលចំណេញ មានចម្ងាយជិតជាងបើធៀបផ្លូវបុរាណតាមសមុទ្រមេឌីទែរ៉ាណេ និងមហាសមុទ្រឥណ្ឌា។
 
ទាក់ទិននឹងការប្តេជ្ញាចិត្តរបស់អង្គការប្រទេសនាំចេញប្រេង និងដៃគូរ (OPEC+) លោក Novak បញ្ជាក់ថា រុស្ស៊ីនឹងគោរពតាមការសន្យារបស់ខ្លួនក្នុងការកាត់បន្ថយការផ្គត់ផ្គង់ និងវាយតម្លៃតម្លៃប្រេង Brent ពី ៨០-៨៥ដុល្លារក្នុងមួយប៉ារ៉ែលនៅឆ្នាំក្រោយ៕ 

Tag:
 ចិន និងឥណ្ឌា ប្រេង
  ចិន
  រុស្ស៊ី
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com