អន្តរជាតិ
ឧស្សាហកម្មធុនធ្ងន់នៅភាគពាយ័ព្យចិនត្រូវបានផ្អាកសកម្មភាព ដើម្បីទប់ស្កាត់ការបំពុល
28, Dec 2023 , 2:15 pm        
រូបភាព
រូបភាព shanghai daily
រូបភាព shanghai daily
ក្រុងចំនួនពីរនៅភាគពាយ័ព្យចិន រួមមាន​ទីក្រុង ស៊ៀន(Xian) និង យ៊ីនឈ័ន(Yinchuan) បាន ណែនាំឱ្យប្រជាជននៅក្នុងផ្ទះ ឬអគារ កាត់បន្ថយផលិតកម្មនៃឧស្សាហកម្មធុនធ្ងន់ និងផ្អាក ដំណើរការដោយប្រើប្រាស់ធ្យូងថ្ម ដោយព្រមានពីការបំពុលដ៏ធ្ងន់ធ្ងរនៅប៉ុន្មានថ្ងៃខាងមុខ ជាមួយនឹងការរំពឹងទុកនៃអ័ព្ទដ៏ក្រាស់។

មជ្ឈមណ្ឌលឧតុនិយមកណ្តាលចិន បានព្យាករណ៍ពីអ័ព្ទដ៏ក្រាស់ នៅភាគពាយ័ព្យ និងព្រមទាំងខាងជើង និងខាងកើតរបស់ប្រទេស ចាប់ពីដើមថ្ងៃទី២៨ ដល់ថ្ងៃទី ៣០ ខែធ្នូ មុនពេលរលកត្រជាក់មកដល់រសៀលថ្ងៃទី៣០ ខែធ្នូ ដែលនឹងជួយរំសាយអ័ព្ទខ្លាំង។
 
នៅទីក្រុងស៊ៀននៃខេត្តសានស៊ី (Shaanxi) អាជ្ញាធរបានជូនដំណឹងក្នុងកម្រិតពណ៌ក្រហម នៅថ្ងៃទី២៧ ខែធ្នូ ដោយរំពឹងថានឹងមានការបំពុលធ្ងន់ធ្ងររហូត ដល់ថ្ងៃទី២៨ ខែធ្នូ ហើយបានអនុវត្តវិធានការ បន្ទាន់ជាកាតព្វកិច្ចដើម្បីកាត់បន្ថយការបំភាយឧស្ម័នរួមទាំងការស្នើសុំឱ្យសាធារណជនប្រើ ប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងក្រុមហ៊ុននានាដើម្បីអនុញ្ញាតឱ្យមានការរៀបចំ ការងារដែលអាចបត់បែនបាន។
 
ទូរទស្សន៍រដ្ឋចិន CCTV បានចុះផ្សាយថា ទីក្រុងមួយនេះ បានស្នើសុំឱ្យក្រុមហ៊ុនស្ថាប័ន និងការដ្ឋានសំណង់ដែលបញ្ចេញការបំពុល កែសម្រួលកាលវិភាគផលិតកម្ម និងកាត់ បន្ថយការបំភាយឧស្ម័នយ៉ាងសកម្ម។
 
ឯទីក្រុង យ៊ីនឈ័ននៃតំបន់នីនស៊ៀ វិធានការត្រូវបានដាក់ចាប់ពីសៀលថ្ងៃទី២៦ ខែធ្នូ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នពុលលើសពី ២០ភាគរយ ខណៈធានាឱ្យ សហគ្រាសបន្ត លក្ខខណ្ឌប្រតិបត្តិការធម្មតា។ បន្ថែមពីនេះ ទីក្រុងខាងលើបានស្វែងរកការពន្យារពេល ឬបញ្ឈប់ការផលិតឧស្សាហកម្ម និងពង្រឹងការគ្រប់គ្រងការបំពុលសម្រាប់ឧស្សាហកម្ម សំខាន់ៗដូចជា ស្ថានីយ៍ថាមពល និងរោងចក្រគីមីឥន្ធនៈ គីមី លោហធាតុ និងស៊ីម៉ងត៍។
 
ទន្ទឹមនេះ អាជ្ញាធរនៃទីក្រុងទាំងពីរបានបញ្ឈប់ប្រតិបត្តិការឈូសឆាយដី និងរុះរើសំណង់ភាគ ច្រើននៅការដ្ឋានសំណង់ ការងារបាញ់ថ្នាំ ការងារផលិត និងដឹកជញ្ជូនសម្ភារភាគច្រើនដោយ ប្រើឡានដឹកទំនិញធុនធ្ងន់នៅរោងចក្រ និងក្នុងសកម្មភាពកែច្នៃធ្យូងថ្ម កាប់ថ្ម និងជីករ៉ែ។
 
ទីក្រុងទាំងពីរបានពង្រីកការរឹតបន្តឹងលើការប្រើប្រាស់យានជំនិះដែលបញ្ចេញឧស្ម័នខ្ពស់ រួមទាំងរថយន្តម៉ាស៊ូត និងបានណែនាំប្រជាជនឱ្យជៀសវាងការបញ្ឆេះចោលយានយន្តរបស់ពួកគេ។ គួរបញ្ជាក់ថា ​ចិន​មាន​ប្រព័ន្ធ​ព្រមាន​អាកាសធាតុ​ដែល​មាន​កូដ​ពណ៌​បួន​ថ្នាក់ ដោយ​ពណ៌​ ក្រហម​តំណាង​ឱ្យ​ការ​ព្រមាន​ធ្ងន់ធ្ងរ​បំផុត បន្ទាប់​មក​គឺ​ពណ៌​ទឹកក្រូច លឿង និង​ខៀវ៕

Tag:
 (ចិន)
© រក្សាសិទ្ធិដោយ thmeythmey.com