អន្តរជាតិ
កាសែត New York Times ប្តឹងក្រុមហ៊ុនបញ្ញាសិប្បនិម្មិតOpenAI និងMicrosoft ពីបទលួចកម្មសិទ្ធិបញ្ញា
28, Dec 2023 , 3:40 pm        
រូបភាព
New York Times កាសែតដំបូងប្តឹងក្រុមហ៊ុនបញ្ញាសិប្បនិម្មិតOpenAI និងMicrosoft ពីបទលួចកម្មសិទ្ធិបញ្ញា។ រូបភាព Reuters
New York Times កាសែតដំបូងប្តឹងក្រុមហ៊ុនបញ្ញាសិប្បនិម្មិតOpenAI និងMicrosoft ពីបទលួចកម្មសិទ្ធិបញ្ញា។ រូបភាព Reuters
កាសែតNew York Times នៅថ្ងៃទី២៧ ខែធ្នូ បានដាក់ពាក្យបណ្តឹងលើក្រុមហ៊ុនអភិវឌ្ឍបញ្ញាសិប្បនិម្មិត OpenAI និង ក្រុមហ៊ុន Microsoft ពីបទលួចកម្មសិទ្ធិបញ្ញារបស់ខ្លួន។ ជាកាសែតដំបូងដែលប្ដឹងក្រុមបច្ចេកវិទ្យាថ្មីនេះ New York Times អាចទាមទារសំណងរហូតដល់រាប់ពាន់លានដុល្លារ។

 
ក្នុងពាក្យបណ្តឹងដាក់ទៅកាន់តុលាការសហព័ន្ធManhattan កាសែត New York Times បានចោទក្រុមហ៊ុន OpenAI និង ក្រុមហ៊ុន Microsoft បានលេងខ្សែលើស្ថាប័នខ្លួន ដែលបានវិនិយោគទឹកប្រាក់ជាច្រើនពាន់លានដុល្លារលើផ្នែកសារព័ត៌មាន តាមរយៈការផ្តល់ទិន្នន័យ ទៅអ្នកអាននូវមធ្យោបាយផ្សេងទៀត។ 
 
បន្ថែមពីនេះ កាសែតដ៏ចំណាស់អាម៉េរិក បានផ្សាយថា ក្រុមហ៊ុន OpenAI និង ក្រុមហ៊ុន Microsoft បានប្រើប្រាស់អត្ថបទរបស់ខ្លួនជាច្រើនលាន ដោយគ្មានការអនុញ្ញាត ដើម្បីអភិវឌ្ឍChatbot ដែលផ្តល់ព័ត៌មានទៅអ្នកអាន។ 
 
OpenAI ត្រូវបានស្គាល់ថា ជាក្រុមហ៊ុនអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិត ChatGPT ដ៏ល្បី ខណៈ Microsoft ដែលជាក្រុមហ៊ុនវិនិយោគលើក្រុមហ៊ុន OpenAI និងជាអ្នកអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិត Copilot។ ជាកាសែតដំបូង ដែលប្តឹងលើក្រុមហ៊ុនអភិវឌ្ឍបញ្ញាសិប្បនិម្មិត New York Times បានអះអាងថា វាគ្មានអ្វីដាក់បន្ថែមថ្មីឡើយ ហើយមានតែប្រើប្រាស់មាតិការបស់ខ្លួនដោយមិនបង់ប្រាក់ និងបានលួចអ្នកអានរបស់ខ្លួនថែមទៀត។ 
 
កន្លងមក ក្រុមហ៊ុន OpenAI និងក្រុមហ៊ុន Microsoft បានអះអាងថា ការប្រើប្រាស់ការងារដែលមានកម្មសិទ្ធិបញ្ញា ដើម្បីអភិវឌ្ឍប្រព័ន្ធបញ្ញាសិប្បនិម្មិត ជាការប្រើប្រាស់ដ៏ត្រឹមត្រូវ។ ចំណែកការិយាល័យកម្មិសិទ្ធិបញ្ញារបស់អាម៉េរិក បានបញ្ជាក់ថា ការប្រើប្រាស់ដោយបន្ថែមថ្មី និងមានបន្ថែមគោលដៅ និងលក្ខណៈ ត្រូវបានចាត់ទុកថា ជាការប្រើប្រាស់ត្រឹមត្រូវ។ 
 
កាសែត NY Times មិនបានបញ្ជាក់ពីសំណងពិតប្រាកដឡើយ ប៉ុន្តែវាមានការខូចខាតក្នុងទំហំជាច្រើនពាន់លានដុល្លារ។ ស្របគ្នានេះ កាសែតដ៏ល្បីរបស់អាម៉េរិកដដែល ក៏បានទាមទារឱ្យក្រុមហ៊ុនទាំងពីរខាងលើបំផ្លាញប្រព័ន្ធ Chatbot របស់ខ្លួនចោល និងកម្មវិធីផ្សេងទៀត ដែលពាក់ព័ន្ធនឹងការលួចកម្មសិទ្ធិបញ្ញា។ 
 
លើសពីនេះ កាសែតដែលមានវ័យ ១៧២ឆ្នាំរូបនេះ បានជំទាស់នឹងលទ្ធភាពលើកិច្ចសហប្រតិបត្តិការ ដែលអាចផ្តល់ផលប្រយោជន៍ទៅវិញទៅមកផងដែរ។ 
 
ក្នុងលិខិតដែលផ្ញើតាមសារអេឡិចត្រូនិច (Email) ក្រុមហ៊ុន OpenAI បានបញ្ជាក់ថា ក្រុមហ៊ុនគោរពសិទ្ធិចំពោះអ្នកផលិតមាតិកា និងម្ចាស់មាតិកា។ ក្រុមហ៊ុនអភិវឌ្ឍបញ្ជាសិប្បនិម្មិតដដែល បានអះអាងថា កិច្ចពិភាក្សារវាងខ្លួន និងកាសែត NY Times កំពុងតែដំណើរការ និងឆ្ពោះទៅមុខប្រកបដោយការស្ថាបនា។ 
 
កន្លងមក អ្នកសរសេរសៀវភៅប្រលោមលោកដូចជាលោក លោក David Baldacci, លោក John Grisham និងលោក Scott Turow ជាដើម ក៏បានប្តឹងក្រុមហ៊ុនទាំងពីរខាងលើផងដែរ ទៅកាន់តុលាការសហព័ន្ធ Manhattan ក្រោមហេតុផលថា កម្មវិធីសិប្បនិម្មិតទាំងនោះ អាចកែសម្រួលសៀវភៅពួកគេជាច្រើនពាន់ក្បាល។ 
 
សូមបញ្ជាក់ថា នៅត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៣ កាសែត New York Times មានអ្នកជាវ (Subscriber) រហូតដល់ ៩,៤១លាននាក់ ដោយកើនពីចំនួន ៨,៥៩លាននាក់ នៅឆ្នាំមុន។ ចំណែកអ្នកជាវ ដែលយកជាសន្លឹកក្រដាស (Print Subscriber) បានថយចុះពីមកត្រឹម ៦៧ម៉ឺននាក់ បើធៀបនឹងឆ្នាំមុនមាន ៧៤ម៉ឺននាក់។ កាសែតអាម៉េរិកដ៏ល្បីមួយនេះ អាចរកចំណូលបាន ២ភាគ៣ ពីអ្នកជាវ និង ២០ភាគរយពីពាណិជ្ជកម្ម៕ 

Tag:
 (អាម៉េរិក)
© រក្សាសិទ្ធិដោយ thmeythmey.com