សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រជាជនជប៉ុននៅតែចង់ធ្វើការបន្ទាប់ពីចូលនិវត្តន៍
28, Dec 2023 , 8:20 pm        
រូបភាព
ប្រជាជនជប៉ុនវ័យចំណាស់កំពុងធ្វើការនៅរោងចក្រមួយកន្លែងក្នុងខេត្ត Saitama ។ រូបភាព ៖ Bloomberg
ប្រជាជនជប៉ុនវ័យចំណាស់កំពុងធ្វើការនៅរោងចក្រមួយកន្លែងក្នុងខេត្ត Saitama ។ រូបភាព ៖ Bloomberg
ប្រជាជនជប៉ុននៅតែចង់បន្តធ្វើការបន្ទាប់ពីឈានដល់អាយុចូលនិវត្តន៍ ដោយសារប្រាក់សន្សំមិនគ្រប់គ្រាន់។ នេះបើតាមការស្ទង់មតិពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Meiji Yasuda Inc.។

របាយការណ៍ស្រាវជ្រាវដែលបានចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ដោយផ្អែកលើការឆ្លើយតបពីមនុស្ស ១៨០០នាក់មានអាយុពីចន្លោះពី ២០-៦០ឆ្នាំជុំវិញតម្រូវការការងារបង្ហាញថាជាង ៣៧ភាគរយត្រូវបង្ខំចិត្តធ្វើការបន្ទាប់ពីអាយុចូលនិវត្តន៍។ មូលហេតុចម្បងដោយសារតែការសន្សំប្រាក់ ហើយប្រាក់សោធននិវត្តន៍មិនគ្រប់គ្រាន់សម្រាប់ចំណាយលើការរស់នៅ។
 
ទន្ទឹមនេះ ជិត ៣៩ភាគរយបានឆ្លើយតបថា ពួកគេចង់បានសេរីភាពហិរញ្ញវត្ថុ។ នេះ​បង្ហាញ​ថា​កម្មករ​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​អំពី​តម្លៃ​រស់​នៅ​នា​ពេល​អនាគត។ ក្រៅ​ពី​នេះ ជិត ៣៦ភាគរយទៅ​ធ្វើ​ការ​ដោយ​សារ​ពួក​គេ​ស្រឡាញ់​ការងារ និង​ចង់ចូលរួមចំណែកក្នុងការងារ។
 
នៅក្នុងបរិបទនៃកង្វះកម្លាំងពលកម្ម និងកត្តាជាច្រើនផ្សេងទៀត ក្រុមហ៊ុនជប៉ុនបានទាមទារឲ្យរដ្ឋាភិបាលជួយធានាការងាអាយុកម្មករចូលនិវត្តន៍រហូតដល់អាយុ ៦៥ឆ្នាំ ចាប់ពីខែមេសា ឆ្នាំ២០២៥តទៅ។
 
យោងតាមក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន សមាមាត្រនៃក្រុមហ៊ុនក្នុងស្រុកដែលមានគោលនយោបាយជួលមនុស្សដែលមានអាយុលើសពី ៧០ឆ្នាំបានកើនឡើងទ្វេដងក្នុងរយៈពេលមួយទសវត្សរ៍មកនេះ កើនដល់ ៣៩ភាគរយ។ សមាមាត្រនៃអាជីវកម្មដែលមានបុគ្គលិកគ្រប់អាយុចូលនិវត្តន៍ជាកាតព្វកិច្ចនៃ ៦៥ឆ្នាំបានកើនឡើងពី១២ភាគរយទៅ ២៥ភាគរយក្នុងរយៈពេលដូចគ្នា។
 
ស្ថិតិពីក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងប្រទេសនេះបង្ហាញថា ក្នុងចំណោមចំនួនកម្មករសរុប មនុស្សដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅបានកើនឡើងដល់ ៦,៣៩លាននាក់ក្នុងឆ្នាំ២០២២​ ប្រមាណ១០,៦ភាគរយនៃប្រជាជនសរុប។ វិស័យសំណង់ និងលក់រាយមានកម្មករនិយោជិតដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅស្មើនឹង ១០ភាគរយនៃកម្លាំងពលកម្ម។
 
ក្រុមហ៊ុនខ្លះនិយាយថា មានជម្រើសតិចតួចដោយសារប្រាក់យ៉េនធ្លាក់ចុះ ធ្វើឱ្យការជួលកម្មករបរទេសពិបាក។ ស្រប​ពេលត្រូវបង្ខំចិត្ត​ជួល​កម្មករ​វ័យ​ចំណាស់​ ជាមួយ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ការងារជាដើម។
 
លោក Takashi Sakamoto អ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវឯករាជ្យ Recruit Works Institute របស់ជប៉ុនបានប្រាប់សារព័ត៌មាន Nikkei ថា ក្រុមហ៊ុនត្រូវតែវិនិយោគលើប្រព័ន្ធស្វ័យប្រវត្តិកម្ម និងមធ្យោបាយផ្សេងទៀតដើម្បីជួយមនុស្សចាស់ឱ្យធ្វើការងារកម្រិតស្រាលជាងមុន។ 
 
អ្នកស្រី Emiko Kumagai អាយុ ៨១ឆ្នាំបានធ្វើការឱ្យក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិក Nojima នៅទីក្រុង Kawaguchi ភាគខាងជើងទីក្រុងតូក្យូចាប់តាំងពីអាយុ ៦៩ឆ្នាំបន្ទាប់ពីចូលនិវត្តន៍។
 
អ្នកស្រីប្រាប់ Nikkei ថា ៖« ខ្ញុំសប្បាយចិត្តដែលឃើញខ្លួនឯងមានប្រយោជន៍ ហើយមិនចង់ត្រូវបានសង្គមទុកចោល»។
ស្ត្រី​វ័យ៨១​ឆ្នាំ​រូប​នេះ ធ្វើ​ការ​បួន​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ដោយ​ទទួល​ការងារជាអ្នក​មើលការខុសត្រូវ​ទំនិញ ​បង្ហាញ​ផលិតផល និង​​ជួយ​អតិថិជន៕

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com