ជាតិ
បោះឆ្នោត
លំដាប់លេខរៀងបោះឆ្នោតព្រឹទ្ធសភា៖ បក្សប្រជាជន​កម្ពុជា, ឆន្ទៈខ្មែរ, ហ៊្វុនស៊ិនប៉ិច, កម្លាំងជាតិ
28, Dec 2023 , 4:50 pm        
រូបភាព
គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត (គ.ជ.ប.) បាន​រៀបចំពិធី​ចាប់ឆ្នោត​កំណត់​លេខរៀងឈ្មោះ​គណបក្ស​នយោបាយ​ឈរឈ្មោះបោះឆ្នោត​នៅ​លើសន្លឹក​ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលមាន​៨មណ្ឌល​។

 
ពិធីនេះមានការនិមន្តចូលរួមពី សម្តេចសង្ឃ យ៉ន សេងយៀត អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃគណៈមហានិកាយនៃកម្ពុជា និង​សម្តេចសង្ឃ កែវ ឌីម៉ង សមាជិកគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយ ដោយ​លទ្ធផល​បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ស្ថិតនៅ​លំដាប់​លេងរៀងទី១, គណបក្សឆន្ទៈខ្មែរ លេខរៀងទី២, គណបក្ស​ហ៊្វុនស៊ិនប៉ិច លេខរៀងទី៣ និងគណបក្សកម្លាំងជាតិ លេខរៀងទី៤។
 
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ តាមរយៈការបោះឆ្នោតអសកល ដោយអង្គបោះឆ្នោត មាន​តំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់គ្នាតំណែង ដែលមានអ្នកបោះឆ្នោតសរុប ១១,៧៤៧ នាក់។
 
សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីស្ថិតក្នុងចំណោម​បេក្ខជន​ម្នាក់​របស់គណបក្ស​ប្រជាជន​កម្ពុជា។ បេក្ខជន​ផ្សេងទៀត​រួមមាន​ដូចជា លោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិ,លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា, លោក ឈិត សុខុន អតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា, លោក លី យ៉ុងផាត់, លោក ម៉ុង ឫទ្ធី, លោក កុក អាន ជាដើម។
 
បេក្ខជនសំខាន់ៗ​របស់គណបក្ស​ឆន្ទៈខ្មែរ មានដូចជា លោក ចប គឹមអ៊ាង, លោក សុក ហាច, លោក ចាន់ ចេង, លោក សេង ម៉ារឌី, លោក ហុង សុខហួរ, លោក គង់ មុនីកា, លោក គឹមសួរ ភីរិទ្ធ និង​លោក សុន ឆ័យ ជាដើម។
 
បេក្ខជនគណបក្ស​ហ៊្វុនស៊ិនប៉ិច មានដូចជា លោក ជិន ចន្នា, លោក យ៉ង់ សារីម, លោក ទិន សល់, លោក ពៅ អៀងគ្រី, លោក សាយ ហាក់, លោក ស្នា ប្រយុទ្ធ, លោក ប្រាក់ ធីរិទ្ធ, លោក ភឹម រ៉ុង, លោក ពៅ វ៉ារិន និង​លោក ឡេង ដានី។
 
សម្រាប់គណបក្ស​កម្លាំងជាតិ បេក្ខជន​ដែលឈរលេខរៀងលំដាប់ទីមួយនៃមណ្ឌលនីមួយៗ មាន លោក ហ៊ុយ ធី, លោក ថាន សុរិទ្ធិ, លោក អឿ សំអុល, លោក សុខគឹមសេង, លោក ជិន ប៊ុណ្ណារ័ត្ន, លោក យឹម ឃុនឃឿន, លោក អ៊ុំ វីរៈរដ្ឋ និង​លោក ស៊ុន ចន្ធី។
 
សមាជិកព្រឹទ្ធសភា ចំនួន៥៨រូបក្នុងចំណោម៦២រូប នឹងត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។ សមាជិកព្រឹទ្ធសភា២ រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។
 
សម្រាប់នីតិកាលទី៤ នាពេលបច្ចុប្បន្ន សម្តេច សាយ ឈុំ ជាប្រធាន, លោក ស៊ីម កា ជាអនុប្រធានទី១ និងលោក ទេព ងន ជាអនុប្រធានទី២។ សមាជិកព្រឹទ្ធសភាជាប់ឆ្នោត៥៨រូប សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា។ ព្រះអង្គម្ចាស់ នរោត្តម ប្រិយសោភ័ណ្ឌ និងលោកស្រី អ៊ុំ សូម៉ានីន ជាសមាជិកដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ រីឯលោក សួន មាន និងលោកស្រី ជា ច័ន្ទទេវី ជាសមាជិកដែលត្រូវបានជ្រើសតាំងដោយរដ្ឋសភា៕

Tag:
 (ព្រឹទ្ធសភា)
© រក្សាសិទ្ធិដោយ thmeythmey.com