អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃ និងភរិយា ប្រកាសមានទ្រព្យសម្បត្តិជិត ៣០លានដុល្លារ
28, Dec 2023 , 5:30 pm        
រូបភាព
លោកសេដ្ឋា ថាវីស៊ីន ប្រមុខរដ្ឋាភិបាលថៃ និងរថយន្តអគ្គិសនី Tesla Model Y ដែលជាកម្មសិទ្ធិភរិយារបស់លោក។ រូបភាព X_Sretha Thavisin
លោកសេដ្ឋា ថាវីស៊ីន ប្រមុខរដ្ឋាភិបាលថៃ និងរថយន្តអគ្គិសនី Tesla Model Y ដែលជាកម្មសិទ្ធិភរិយារបស់លោក។ រូបភាព X_Sretha Thavisin
នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៊ីន និងភរិយា ត្រូវបានស្នើប្រកាសទ្រព្យសម្បត្តិ បន្ទាប់ពីទើបតែកាន់តំណែង។ តាមការប្រកាស នាយករដ្ឋមន្រ្តីថៃ និងភរិយា មានទ្រព្យសម្បត្តិជិត ៣០លានដុល្លារ ដោយក្នុងនោះរួមមានរថយន្ត លុយក្នុងធនាគារ អចលនទ្រព្យ និងគ្រឿងអលង្ការជាដើម។

 
 
គណៈកម្មការប្រឆាំងអំពើពុករលួយថៃ នៅថ្ងៃទី២៨ ខែធ្នូ បានអះអាងថា លោកសេដ្ឋា ថាវីស៊ីន ប្រមុខរដ្ឋាភិបាលថៃ និងភរិយា ត្រូវបានស្នើឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលទាំងអស់ បន្ទាប់ពីលោកទើបតែចូលកាន់តំណែងនៅថ្ងៃទី៥ ខែកញ្ញា។
 
លោកសេដ្ឋា បានប្រកាសថា លោកមានទ្រព្យសម្បត្តិសរុបចំនួន ១៩,៣លានដុល្លារ ហើយភរិយា លោកស្រី Pakpilai Thavisin មានទ្រព្យសម្បត្តិប្រមាណ ១០,៥លានដុល្លារ។ បន្ថែមពីនេះ អ្នកទាំងពីរមានលុយជាង ២៨ម៉ឺនដុល្លារ នៅក្នុងគណនីធនាគារ ដែលដកមិនកំណត់។ 
 
តាមសេចក្តីប្រកាសទ្រព្យសម្បត្តិ លោកនាយករដ្ឋមន្រ្តី និងភរិយាមានលុយសុទ្ធជាង ៨ម៉ឺនដុល្លារ, ជិត៣,៤លានដុល្លារ នៅក្នុងគណនីធនាគារចំនួន៨៥, នៅក្នុងការវិនិយោគចំនួន ១,៥លានដុល្លារ និងដីតម្លៃជាង ៤,៦លានដុល្លារ។ បន្ថែមពីនេះ គូស្វាមីភរិយាទាំងពីរ មានខនដូ ក្នុងស្រុក Hua Hin ខេត្ត Prachuap Khiri Khan និងផ្ទះកម្ពស់ ៣ជាន់ ក្នុងខណ្ឌ Klong Toey ក្រុងបាងកក ក្នុងតម្លៃជាង ៤លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
ទន្ទឹមនេះ លោក សេដ្ឋាមានរថយន្ត Aston Martin DB5 តម្លៃ១,៤លានដុល្លារ ខណៈភរិយាមានរថយន្តចំនួ​ន ៣គ្រឿងដូចជា រថយន្ត Toyota Alphard, រថយន្ត Fiat និងរថយន្ត Tesla Model Y ក្នុងតម្លៃ២,២លានដុល្លារ។ រថយន្ត Tesla Model Y ត្រូវបានមេដឹកនាំថៃ បង្ហាញនៅក្នុងខែតុលាកន្លងមក ក្នុងគោលបំណងទាក់ទាញក្រុមហ៊ុនរថយន្តអគ្គិសនីមកប្រទេសខ្លួន។ 
 
ចំណែកនាឡិកាដៃវិញ ប្រមុខរដ្ឋាភិបាលថៃ មានរហូតដល់ ៣៨គ្រឿងឯណោះ និងមានតម្លៃសរុប ៣,៧៤លានដុល្លារ ខណៈភរិយាមានចំនួន ៣១គ្រឿង និងមានតម្លៃសរុប ២,៤លានដុល្លារ។ លើសពីនេះ អ្នកទាំងពីរ ក៏កាន់កាប់ត្បូង និងគ្រឿងអលង្ការ ក្នុងតម្លៃប្រមាណ ៣,៨លានដុល្លារផងដែរ។ 
 
ជុំវិញចំណូលប្រចាំឆ្នាំ លោកសេដ្ឋា អាចរកបានជិត ៧,៥លានដុល្លារ ដោយក្នុងនោះមានប្រាក់បៀវត្សចំនួន ៤,៤លានដុល្លារ។ យ៉ាងណាមិញ លោកចំណាយក្នុងមួយឆ្នាំអស់ជិត១,៥លានដុល្លារ ដោយភាគច្រើនពាក់ព័ន្ធនឹងការចំណាយផ្ទាល់ខ្លួន។ កន្លងមក ប្រមុខរដ្ឋាភិបាលរូបនេះ បានប្រកាសបរិច្ឆាគប្រាក់បៀវត្សនាយករដ្ឋមន្រ្តី​ និងរដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់លោកទាំងអស់ ទៅកាន់អង្គការមនុស្សធម៌។ 
 
ចំណែកលោកស្រី Pakpilai អាចរកចំណូលបានជាង ៩ម៉ឺនដុល្លារក្នុងមួយឆ្នាំ និងបានចំណាយលុយប្រមាណ ៦០ម៉ឺនដុល្លារ ដោយភាគច្រើនចំណាយលើការធ្វើដំណើរ។ 
 
សូមបញ្ជាក់ថា មុនកាន់តំណែងជានាយករដ្ឋមន្រ្តី លោកសេដ្ឋា ធ្លាប់ជានាយកប្រតិបត្តិ នៅក្រុមហ៊ុនអចលនទ្រព្យ Sansiri Plc៕

Tag:
 (ថៃ)
© រក្សាសិទ្ធិដោយ thmeythmey.com