ជាតិ
លោក ជា ចាន់តូ សរសើរបញ្ញវន្ត ដែលយកចំណេះដឹងទៅអភិវឌ្ឍន៍៍ភូមិកំណើតខ្លួន លោក ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា បានថ្លែងមតិសំណេះសំណាល ក្នុងពិធីសម្ពោធមន្ទីរពហុព្យាបាល ខេ អេស តាខ្មៅ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៣ ។
× ភ្នំពេញ៖ លោក ជា ចាន់ តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា បានលើកសរសើរដល់បញ្ញវន្តខ្មែរ ដែលបានយកចំណេះដឹង និងជំនាញ មកអភិវឌ្ឍន៍ភូមិកំណើតរបស់ខ្លួនវិញ។ ក្នុងពិធីសម្ពោធមន្ទីរពហុព្យាបាល ខេ អេស តាខ្មៅ លោក ជា ចាន់តូ បានចូលរួមត្រេកអរ និងកោតសរសើរដល់គ្រូពេទ្យម្នាក់ គឺលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអ័រម៉ូន ដែលបានយកជំនាញខ្លួន មកបើកមន្ទីរពេទ្យដើម្បីជួយថែទាំសុខភាពដល់ពលរដ្ឋនៅស្រុកកំណើតខ្លួន។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
លោក ជា ចាន់ ចាត់ទុកបញ្ញវន្តខ្មែរ ដែលបានយកចំណេះដឹង មកជួយដល់សហគមន៍ខ្លួនវិញ ប្រៀបដូចជាការដឹងគុណដល់ទឹកដីកំណើត និងជាគំរូភាពដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយ។ លោក ជា ចាន់ តូ បានលើកឡើងដូច្នេះ៖ «សូមសរសើរ ដែលមានអារម្មណ៍ចង់ជួយដល់អ្នកស្រុកអ្នកភូមិយើង។ នេះជាស្មារតី ជាឧត្តមគតិមួយថ្លៃថ្នូរណាស់ ដើម្បីឱ្យយុវជនជំនាន់ក្រោយ ទៅណាក៏ដោយ មិនភ្លេចស្រុកកំណើតទេ។ ឃ្លាតកាយពិតមែន តែចិត្តនៅតែនឹកស្រុកកំណើតរបស់ខ្លួន វាជាឧត្តមគតិដ៏ថ្លៃថ្លាណាស់ ដែលយើងត្រូវបន្តសម្រាប់អ្នកជំនាន់ក្រោយទៀត»។
គួរជម្រាបថា មន្ទីរពហុព្យាបាល ខេ អេស តាខ្មៅ ឯកទេសជំងឺទឹកនោមផ្អែម ត្រូវបានដាក់សម្ពោធដំណើរការក្នុងក្រុងតាខ្មៅ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ។ មន្ទីរពេទ្យដ៏ធំមួយនេះ មានលក្ខណៈស្ដង់ដារអន្តរជាតិ បំពាក់ទៅដោយសម្ភារៈទំនើបៗ មានតម្លៃសមរម្យ ដែលផ្ដល់ភាពងាយស្រួល និងជាជម្រើសដ៏ល្អសម្រាប់លោកអ្នក។ មន្ទីរពហុព្យាបាល ខេ អេស តាខ្មៅ មានទីតាំងនៅតាមបណ្ដាយផ្លូវជាតិលេខ២ ចម្ងាយត្រឹមតែ៨០០ ម៉ែត្រប៉ុណ្ណោះ ពីរង្វង់មូលតាខ្មៅ ខេត្តកណ្ដាល៕
© រក្សាសិទ្ធិដោយ thmeythmey.com