សង្គមអន្តរជាតិ​
អន្តរជាតិ
យន្តហោះ​រុស្ស៊ី ​ច្រឡំ​ចុះ​ចត​លើ​ផ្ទាំង​ទឹកកក ដោយសារកំហុសអ្នកបើកបរ
28, Dec 2023 , 10:00 pm        
រូបភាព
រូបភាព ៖ Yakutsk Evening
រូបភាព ៖ Yakutsk Evening
យន្តហោះរុស្ស៊ី Antonov-24 ដឹកមនុស្ស ៣៤នាក់បានចុះចតនៅលើផ្ទាំងទឹកកក ក្បែរអាកាសយានដ្ឋាននៅភាគខាតកើតប្រទេសរុស្ស៊ី ដោយសារតែកំហុសអ្នកបើកបរ។


យន្តហោះ Antonov-24 នៃក្រុមហ៊ុនអាកាសចរណ៍ Polar Airlines ដឹកអ្នកដំណើរ ៣០នាក់ និងអ្នកបម្រើការលើយន្តហោះចំនួន ៤នាក់បានចុះចតនៅទន្លេ Kolyma ក្បែរ Zyryanka តំបន់ Yakutia នៅថ្ងៃទី២០ ខែធ្នូ។ ដោយសារតែផ្ទៃទឹកទន្លេត្រូវបានកក យន្តហោះមិនមានការខូចខាត ហើយមនុស្សដែលនៅលើយន្តហោះមានសុវត្ថិភាពគ្រប់គ្នា។
 
មន្ត្រីស៊ីបេរីភាគខាងកើតបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ៖«តាមព័ត៌មានដំបូង មូលហេតុនៃឧបទ្ទវហេតុនេះ គឺមកពីអ្នកបើកយន្តហោះបង្កកំហុស ដោយមិនបានឃើញផ្លូវរត់ក្នុងអំឡុងពេលដំណើរការចុះចត»។
 
ក្រោយពីយន្តហោះបានចុះចតនៅលើទន្លេទឹកកកហើយ អ្នកដំណើរបានចាកចេញពីយន្តហោះ ហើយត្រូវបានស្នាក់នៅក្នុងចំណតអាកាសយានដ្ឋាន និងសណ្ឋាគារក្បែរៗនោះ។
ទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរុស្ស៊ីបានត្រួតពិនិត្យយន្តហោះ បន្ទាប់ពីវាបានចុះចត ហើយកំពុងដំណើរការស៊ើបអង្កេតបន្ត។
 
Antonov-24 ត្រូវបានបង្កើតឡើងដោយសហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ដែលត្រូវបានរចនាឡើងសម្រាប់ការហោះហើររយៈចម្ងាយខ្លី និងមធ្យម៕

Tag:
 រុស្ស៊ី
  យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com