ជាតិ
ក្រៅពីអន្ទាក់ សហគមន៍ការពារព្រៃឈើប្រាំបីមុម បារម្ភខ្វះទឹក និងចំណីសម្រាប់សត្វនៅរដូវប្រាំង
29, Dec 2023 , 9:40 am        
រូបភាព
ភ្នំពេញ៖ សហគមន៍ការពារព្រៃឈើប្រាំបីមុម កំពុងព្រួយបារម្ភពីបញ្ហាខ្វះទឹក និងចំណី សម្រាប់សត្វព្រៃ នៅរដូវប្រាំងខាងមុខ។ បច្ចុប្បន្ន ប្រភពទឹកសំខាន់ៗមួយចំនួន ចាប់ផ្ដើមរីងស្ងួត ខណៈស្មៅវិញក៏បានងាប់បណ្ដើរៗដែរ។

 
លោក សឿន ឡាយ ប្រធានសហគមន៍ព្រៃឈើប្រាំបីមុម បានឱ្យដឹងថា សត្វព្រៃកម្រជាច្រើនប្រភេទ នៅក្នុងសហគមន៍ព្រៃឈើប្រាំបីមុម កំពុងប្រឈមនឹងបញ្ហាខ្វះខាតចំណី និងទឹកសម្រាប់ផឹកនៅរដូវប្រាំង។ បើតាម លោក ឡាយ នៅក្នុងខែធ្នូនេះ ប្រភពទឹកមួយចំនួន ចាប់ផ្ដើមរីងស្ងួត ខណៈស្មៅវិញក៏បានងាប់បណ្ដើរដែរ។
  


លោក ប្រាប់ដូច្នេះថា៖« បើនិយាយពីទឹក ចាប់ផ្ដើមដាច់តាំងពីធ្នូនេះទៅហើយ ព្រោះនៅទីនេះជាតំបន់ភ្នំ ម្លោះហើយ វាស្ងួតលឿន ក្នុងនោះ ស្មៅក៏ចាប់ផ្ដើមក្រហមដែរ។ តាមខ្ញុំពិនិត្យមើលទៅ ចំណីសត្វអត់គ្រប់គ្រាន់ទេ ព្រោះអី នៅតាមជ្រលងភ្នំ ជើងភ្នំ វា(សត្វ) ស៊ីឡើងរិលអស់ហើយ ចុះទម្រាំងដល់ខែក្ដៅ មិនដឹងពួកបានស្មៅពីណាស៊ី»។ 
 
នៅក្នុងសហគមន៍ព្រៃឈើប្រាំបីមុម បញ្ហាខ្វះទឹក កើតមានជារៀងរាល់ឆ្នាំ។ ឆ្នាំដែលប្រឈមខ្ពស់បំផុត គឺនៅចន្លោះឆ្នាំ២០០៤ និង២០០៥ ដោយសារតែកាលនោះ មិនទាន់មានអាងស្ដុកទឹកទុកឱ្យសត្វផឹក។ នាពេលនោះ ក៏មានសត្វព្រៃមួយចំនួនងាប់ដែរ ប៉ុន្តែគេមិនអាចសន្និដ្ឋានថា មកពីអត់ចំណី និងទឹកនោះទេ ។ 
 
នៅឆ្នាំ ២០១៩-២០២០​ សហគមន៍ព្រៃឈើមួយនេះ ចាប់ផ្ដើមទទួលបានការគាំទ្ររដ្ឋាភិបាល និងអង្គការអភិរក្សមួយចំនួន ក្នុងសាងសង់អាងស្ដុកទឹកនៅក្នុងព្រៃ ដើម្បីអាចឱ្យសត្វគ្រប់ប្រភេទចូលផឹកបាន។ បច្ចុប្ប​ន្ន សហគមន៍ព្រៃឈើប្រាំបីមុម មានអាងទឹកចំនួន៣ ដែលនីមួយៗ មានទំហំ១២ គុណ២៥ម៉ែត្រ ដោយអាចស្ដុកទឹកបានប្រមាណ៣ម៉ឺនលីត្រ។ លើសពីនេះ សហគមន៍ ក៏មានអណ្ដូង ប្រើដោយប្រព័ន្ធពន្លឺព្រះអាទិត្យចំនួន៣ ផងដែរ។
  


ដ្បិតប្រភពទឹកប្រសើរជាងមុន ប៉ុន្តែ លោក សឿន ឡាយ ថាមិនទាន់គ្រប់គ្រាន់ សម្រាប់ឱ្យសត្វផឹកនោះទេ ដោយសារពួកវាមានចំនួនច្រើន។ ចំពោះមុខ លោក ចង់បានស្រះធំមួយ ដែលអាចស្ដុកទុកបានច្រើន និងចែកចាយបន្តទៅកាន់អាងតូចៗ នៅក្នុងព្រៃសហគមន៍។
   
លោក ប្រាប់ដូច្នេះថា៖« យើងទឹកខ្វះខាតជារៀងរាល់ឆ្នាំ តែយើងមានឡានសម្រាប់ដឹក ដាក់អាងតូចៗ ដែលនៅក្នុងព្រៃ។ ជាក់ស្ដែង យើងមានអាងហើយ តែយើងនៅខ្វះទឹកដដែល ដូច្នេះ ប្រសិនបើ មានស្រះធំមួយ សម្រាប់ចែកចាយទឹកទៅកាន់អាង គឺនឹងល្អជាងនេះ»។ 
 
ដោយឃើញពីភាពចាំបាច់ ថ្មីៗនេះ រដ្ឋាភិបាល បានផ្ដល់ឡានដឹកទឹក និងត្រាក់ទ័រ បន្ថែមដល់ សហគមន៍ការពារព្រៃឈើប្រាំបីមុម ដើម្បីសម្រួលដល់ការចែកចាយទឹក និងភ្ជួរដីដាំស្មៅ សម្រាប់ផ្គត់ផ្គង់សត្វព្រៃ នៅប្រាំងនេះ។ តាមគម្រោង សហគមន៍នឹងដាំស្មៅលើផ្ទៃ១២ហិកតា។ 
 
ក្រៅតែពីបញ្ហាទឹក និងចំណី សហគមន៍ព្រៃឈើប្រាំបីមុម ក៏កំពុងជួបបញ្ហាអន្ទាក់យ៉ាងច្រើនផងដែរ។ អន្ទាក់នេះ បានសម្លាប់សត្វព្រៃជាច្រើនក្បាលក្នុងមួយឆ្នា។ ជាក់ស្ដែង នៅឆ្នាំ២០២៣នេះ សហគមន៍ដោះអន្ទាក់បានប្រមាណ៨០០ករណី កើនឡើង៥០ដង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដែលមានត្រឹមតែជាង៤០០ករណីប៉ុណ្ណោះ។ 
  


បើតាម លោក សឿន ឡាយ ការកើនឡើងអន្ទាក់នៅពេលនេះ គឺជាការធ្វេសប្រហែសរបស់ប្រជាការពារសហគមន៍ព្រៃឈើប្រាំបីមុម ព្រោះថា ឆ្នាំនេះ មានសមាជិកមួយចំនួន បានឈប់ពីល្បាតព្រៃ ងាកទៅរកការងារធ្វើ ដើម្បីបានប្រាក់ចំណូល។ ដោយឡែក ការល្បាតព្រៃនេះ គឺជាការងារស្ម័គ្រចិត្ត មិនមានចំណូលនោះទេ។ 
 
ប្រធានសហគមន៍រូបនេះ សោកស្ដាយចំពោះការកើនឡើងអន្ទាក់។ យ៉ាងណា លោក សឿន ឡាយ និងប្រជាការពារទាំងអស់ បានប្ដេជ្ញាកាត់ផ្ដាច់បទល្មើសអន្ទាក់ឱ្យអស់ពីព្រៃ នៅឆ្នាំ២០២៤ ដើម្បីផ្ដល់ការរស់រាន និងសេរីភាពពេញលេញដល់សត្វព្រៃ។  
 
លោក ប្រាប់ដូច្នេះថា៖«ឆ្នាំ២០២៣នេះ អន្ទាក់មានការកើនឡើងជាង២០២២ ដោយសារតែយើងធ្វេសប្រហែស ព្រោះអីម្នាក់ៗពិបាករឿងជីវភាព ក៏មានអ្នកខ្លះសុំច្បាប់ទៅធ្វើការ ៣ ទៅ៤ខែ។ ដូច្នេះ យើងសោកស្ដាយចំពោះការកើន ប៉ុន្តែ យើងមិនបន្ទោសនណាម្នាក់បានទេ ដោយសារពួកធ្វើការងារល្បាតព្រៃ គ្មានប្រាក់ខែនោះទេ»។
 
សហគមន៍ការពារព្រៃឈើប្រាំបីមុម មានផ្ទៃដី១២២១ហិកតា ស្ថិតឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សហគមន៍មួយនេះ មានសមាជិក១៤នាក់ សម្រាប់ល្បាតព្រៃទាំងថ្ងៃ និងយប់៕ 

Tag:
 សហគមន៍ព្រៃឈើប្រាំបីមុម
  ក្រៅពីអន្ទាក់
  សឿន ឡាយ
© រក្សាសិទ្ធិដោយ thmeythmey.com