អន្តរជាតិ
ចិន ជំរុញឱ្យកោះតៃវ៉ាន់ឈប់កេងចំណេញផ្នែកនយោបាយពីវត្តមានយន្តហោះចម្បាំងរបស់ខ្លួន
29, Dec 2023 , 10:15 am        
រូបភាព
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian (ក្នុងរង្វង់) និងយន្តហោះចម្បាំងចិន។ រូបភាពក្រសួងការពារជាតិចិន និងAP
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian (ក្នុងរង្វង់) និងយន្តហោះចម្បាំងចិន។ រូបភាពក្រសួងការពារជាតិចិន និងAP
ក្រសួងការពារជាតិចិន នៅថ្ងៃទី២៨ ខែធ្នូ បានចោទរដ្ឋាភិបាលកោះតៃវ៉ាន់មានចេតនាបំភាន់ ការគំរាមកំហែងរបស់ ចិនសម្រាប់តែផលប្រយោជន៍ដល់ការបោះឆ្នោតដែលនឹងធ្វើឡើងនៅពីរសប្ដាហ៍ខាងមុខ។​ យ៉ាងណាមិញ កោះតៃវ៉ាន់នៅតែអះអាងថា ក្រុងប៉េកាំងបានបន្តបញ្ជូនយន្តហោះចម្បាំងទៅក្បែរច្រកសមុទ្រតៃវ៉ាន់ជាបន្តបន្ទាប់។

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសភាតៃវ៉ាន់នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នឹង កំំណត់ទំនាក់ទំនងរបស់កោះមួយនេះជាមួយក្រុងប៉េកាំង ដែលក្នុងរយៈពេល​ ប៉ុន្មានឆ្នាំកន្លង មកនេះ បានបង្កើនសម្ពាធយោធាលើកោះតៃវ៉ាន់ ដើម្បីអះអាងពីការទាមទារអធិបតេយ្យភាពឥតឈប់ឈរ។
 
ខណៈដែលការបោះឆ្នោតកាន់តែខិតជិតមកដល់ តៃវ៉ាន់បានរាយការណ៍ពីយន្តហោះចម្បាំង និងនាវាចម្បាំងចិន ដែលប្រតិបត្តិការក្បែរកោះ និងព្រមទាំងបាឡុងឆ្លងកាត់ច្រកសមុទ្រ ដែលជាតំបន់ដ៏រសើបផងដែរ។  យោធាចិនអះអាងថា បាឡុងនោះ មានគោលបំណងតាមដានអាកាសធាតុប៉ុណ្ណោះ។
 
ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំខែនៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយថា រដ្ឋាភិបាលរបស់តៃវ៉ាន់ត្រូវទទួលការស្តីបន្ទោសចំពោះភាពតានតឹងនេះ។
 
«អាជ្ញាធរ​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP) កំពុង​មាន​ចេតនា​បំភាន់​អ្វី​ដែល​ហៅ​ថា ការ​គំរាម​កំហែង​យោធា​ពី​ដីគោក និង​បំផ្លើស​ភាពតានតឹង»។ លោក Wu បានសង្កត់ធ្ងន់បែបនេះ ដោយសំដៅលើបក្សកាន់អំណាចរបស់តៃវ៉ាន់ដែលក្រុងប៉េកាំងតែងចាត់ទុកថាជាក្រុមផ្តាច់ខ្លួន។
 
លោក Wu បន្តថា សកម្មភាពនេះគឺស្វែងរកផលប្រយោជន៍សម្រាប់ការបោះឆ្នោតទាំង​ស្រុង។ ភ្លាមៗបន្ទាប់ពីលោក Wu មានប្រសាសន៍ ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ពី សកម្មភាពយោធារបស់ចិនបន្ថែមទៀតនៅច្រកសមុទ្រ ដោយសម្គាល់ថាខ្លួនបានរកឃើញ យន្តហោះយោធាចំនួន ១២ គ្រឿងឆ្លងកាត់ខ្សែបន្ទាត់ពុះចែកច្រកសមុទ្រតៃវ៉ាន់ នៅរសៀលថ្ងៃទី២៨ ខែធ្នូ។
 
យន្តហោះទាំងនោះរួមមានយន្តហោះចម្បាំង J-11 និងយន្តហោះ Su-30 បានចូលដែនអាកាសទៅ ភាគខាងជើង កណ្តាល និងភាគនិរតីនៃកោះតៃវ៉ាន់ ហើយបានសហការជាមួយ នាវាចម្បាំង ដើម្បីអនុវត្តការល្បាតត្រៀមប្រយុទ្ធរួមគ្នា។
 
ក្រសួងការពារជាតិតៃវ៉ាន់បញ្ជាក់ផងដែរថា យន្តហោះចម្បាំងចិនបាននិងកំពុងឆ្លងកាត់ខ្សែ បន្ទាត់ពុះចែកច្រកសមុទ្រតៃវ៉ាន់ជាញឹកញាប់។ យ៉ាងណាក៏ដោយ​លោក Wu បានបញ្ជាក់ជាថ្មីថា ចិនមិនបានទទួលស្គាល់ខ្សែបន្ទាត់នោះទេ។
 
ក្រសួងការពារជាតិតៃវ៉ាន់កាលពីដើមសប្តាហ៍នេះបានលើកឡើងថា ពួកគេមិនបានឃើញ សញ្ញាណាមួយនៃសកម្មភាពយោធាចិនទ្រង់ទ្រាយធំនៅមុនការបោះឆ្នោតនោះទេ ប៉ុន្តែពួក គេកំពុងតាមដានយ៉ាងដិតដល់លើចិន៕

Tag:
 (ចិន
  តៃវ៉ាន់)
© រក្សាសិទ្ធិដោយ thmeythmey.com