អន្តរជាតិ
តុលាការ New Caledonia បញ្ជាអាជ្ញាធរឱ្យឈប់ប្រមាញ់ត្រីឆ្លាមគំរាមដល់ជីវិតមនុស្ស
29, Dec 2023 , 12:10 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
តុលាការនៅ New Caledonia ដែលជាដែនដីមួយរបស់បារាំងនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង ក្នុងថ្ងៃទី២៨ ខែធ្នូ បានបញ្ជាឱ្យអាជ្ញាធរឈប់ប្រមាញ់ត្រីឆ្លាម ដែលគំរាមកំហែងដល់អ្នកហែលទឹក។ បញ្ជាបែបនេះ ធ្វើឡើងក្រោមហេតុផលគ្មានការសិក្សាដោយផ្អែកលើវិទ្យាសាស្រ្តច្បាស់លាស់។

  
ចាប់តាំងពីដើមឆ្នាំ២០២៣ មក ដែនដី New Caledonia បានដាក់ចេញវិធានការមួយចំនួន ដើម្បីការពារឆ្នេររបស់ខ្លួនពីត្រីឆ្លាម ដែលតែងវាយប្រហារលើភ្ញៀវទេសចរ។ នៅដើមឆ្នាំ២០២៣ វាមានករណីត្រីឆ្លាមវាយប្រហារលើអ្នកហែលទឹកចំនួន២ករណី ដោយ១ករណី មានអ្នកស្លាប់ជាភ្ញៀវទេសចរជនជាតិអូស្រ្តាលី។ 
 
ទាក់ទិននឹងបញ្ហានេះ ដែនដីបារាំងនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង បានហាមឃាត់ការងូតទឹកនៅសមុទ្រ និងពង្រាយសំណាញ់ការពារត្រីឆ្លាម។ បន្ថែមពីនេះ អាជ្ញាធរក្រុង Noumea ដែលស្ថិតនៅភាគខាងត្បូង បានបើករដូវកាលតាមប្រមាញ់ត្រីឆ្លាម តាមរយៈយុទ្ធនាការមួយចំនួន ដើម្បីទប់ស្កាត់ការគំរាមកំហែងលើមនុស្សនៅតាមឆ្នេរ។ 
 
តាមទិន្នន័យរបស់អង្គការក្រៅរដ្ឋាភិបាលការពារសមុទ្រ Longitude 181 ត្រីឆ្លាមចំនួន ១២៧ក្បាល ត្រូវបានសម្លាប់នៅក្នុងឆ្នាំនេះ ដោយក្នុងនោះមានត្រីឆ្លាមប្រភេទ Tiger Shark ចំនួន ៨៣ក្បាល និងត្រីឆ្លាមប្រភេទ Bulldog Shark ចំនួន ៤៤ក្បាល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ដោយមើលឃើញពីការប្រមាញ់ត្រីឆ្លាមដ៏ច្រើនក្បាល និងបារម្ភពីផលប៉ះពាល់ដល់បរិស្ថាន អង្គការក្រៅរដ្ឋាភិបាល United for the Planet បានដាក់ពាក្យបណ្តឹងទៅតុលាការរដ្ឋបាលរបស់ New Caledonia ដែលដោះស្រាយរឿងក្តីមានពាក់ព័ន្ធនឹងរដ្ឋាភិបាល។ 
 
ក្នុងសេចក្តីសម្រេច តុលាការបានចាត់ទុកយុទ្ធនាការសម្លាប់ជាប្រព័ន្ធដោយក្រុង Noumea គឺមិនសមាមាត្រចំពោះការគំរាមកំហែង ជាពិសេសវាគ្មានការសិក្សាដោយផ្អែកលើវិទ្យាសាស្រ្តពីចំនួនត្រីឆ្លាមដែលត្រូវប្រមាញ់ និងផលប៉ះពាល់លើបរិស្ថាន។ 
 
ត្រង់ចំណុចនេះ តុលាការបានចាត់ទុកការអនុញ្ញាតពីសំណាក់ដែនដី New Caledonia ក្នុងការតាមសម្លាប់ត្រីឆ្លាម គឺខុស ហើយហាមឃាត់មិនឱ្យបន្តយុទ្ធនាការតាមប្រមាញ់ត្រីឆ្លាម។ 
 
តាមការសិក្សារបស់ La Reunion នៅមុនឆ្នាំ២០១០ វាគ្មានត្រីឆ្លាមវាយប្រហារលើនៅឆ្នេរក្រុង Noumea ដែលស្ថិតនៅភាគខាងត្បូងដែនដី New Caledonia ឡើយ។ ប៉ុន្តែចាប់ពីពេលនោះមាន វាមានករណីវាយប្រហារដោយត្រីឆ្លាមចំនួន ៣២ នៅដែនដី New Caledonia ដោយក្នុងនោះមាន ១៣ករណីនៅក្រុង Noumea។ យ៉ាងណាមិញ អាជ្ញាធរ និងអ្នកជំនាញ មិនទាន់អាចរកឃើញហេតុផលច្បាស់ឡើយ ពីការមកដល់នៃចំនួនត្រីឆ្លាមដ៏ច្រើន នៅតាមឆ្នេរជុំវិញក្រុង Noumea៕ 

Tag:
 (New Caledonia
  ត្រីឆ្លាម)
© រក្សាសិទ្ធិដោយ thmeythmey.com