អន្តរជាតិ
លោកយូនបញ្ជាឱ្យយោធាសងសឹកជាមុន និងរាយការណ៍តាមក្រោយ បើមានការវាយប្រហារលើខ្លួន
29, Dec 2023 , 3:50 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅក្នុងខែសីហា ឆ្នាំ២០២៣។ រូបភាព Yonhap
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅក្នុងខែសីហា ឆ្នាំ២០២៣។ រូបភាព Yonhap
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី២៨ ខែធ្នូ បានបញ្ជាយោធារបស់ខ្លួនសងសឹកភ្លាមៗ និងរាយការណ៍តាមក្រោយ ប្រសិនបើមានករណីសត្រូវវាយប្រហារមកលើដែនដីរបស់ខ្លួន។ បើតាមលោកយូន កូរ៉េខាងជើង ជាប្រទេសតែមួយគត់ដែលបង្ហាញពីចេតនាចង់ឈ្លានពាន និងចែងពីការប្រើប្រាស់នុយក្លេអ៊ែរ ដើម្បីវាយប្រហារជាមុន នៅក្នុងរដ្ឋធម្មនុញ្ញ។

 
ក្នុងដំណើរទស្សនកិច្ចកងពលកងទ័ពថ្មើរជើងទី៥ នៅតំបន់ព្រំដែន Yeoncheon ដែលស្ថិតនៅភាគខាងជើងក្រុងសេអ៊ូលចម្ងាយ ៦០គីឡូម៉ែត្រ លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង បានស្នើឱ្យយោធារបស់ខ្លួនសងសឹក និងរាយការណ៍ជាក្រោយ ក្នុងករណីមានការវាយប្រហារពីកម្លាំងសត្រូវ។ 
 
«យើងគួរតែកម្ទេចចំណង់របស់សត្រូវសម្រាប់សកម្មភាពបង្ករឿងនៅនឹងកន្លែង»។ លោកយូន បានព្រមានបែបនេះ នៅចំពោះមុខយោធារបស់ខ្លួន ក្នុងថ្ងៃទី២៨ ខែធ្នូ ដោយបន្តថា មានតែកូរ៉េខាងជើងប៉ុណ្នោះ ដែលបានបង្ហាញយ៉ាងច្បាស់ពីការឈ្លានពាន និងការប្រើប្រាស់នុយក្លេអ៊ែរ ដើម្បីវាយប្រហារជាមុននៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។ 
 
ត្រង់ចំណុចនេះ លោកប្រធានាធិបតី បានយល់ឃើញថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានធ្វើសកម្មភាពបង្ករឿងគ្រប់ពេល ដោយផ្អែកលើគោលបំណងនយោបាយរបស់ពួកគេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
 
មិនតែប៉ុណ្ណោះ មេដឹកនាំកូរ៉េខាងត្បូង ក៏បានបង្ហាញពីក្តីគោរពចំពោះយោធា និងមន្រ្តីរបស់ខ្លួន ដែលនៅតែបន្តបំពេញកិច្ចការសម្រាប់ជាតិដដែល បើទោះមានអាកាសធាតុត្រជាក់យ៉ាងណាក៏ដោយ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកយូន បានសន្យាធានាពីសុខមាលភាពរបស់ទាហាន រួមទាំងការដំឡើងប្រាក់បៀវត្សចំពោះពួកគេ។ 
 
ជាការពិត ការលើកឡើងរបស់មេដឹកនាំកូរ៉េខាងត្បូងខាងលើ ធ្វើឡើងក្នុងថ្ងៃលោក គីម ជុងអ៊ុន មេដឹកនាំដ៏មានឥទ្ធិពលរបស់កូរ៉េខាងជើង បានប្រាប់បក្សពលករឱ្យពន្លឿនការត្រៀមខ្លួនសម្រាប់សង្រ្គាម រួមទាំងកម្មវិធីនុយក្លេអ៊ែរ។ ត្រង់ចំណុចនេះ លោកគីម បានចាត់ទុកស្ថានភាពយោធាលើឧបទ្វីបកូរ៉េមានភាពតានតឹងខ្លាំង ដោយសារមានការប្រឆាំងនឹងកូរ៉េខាងជើងមិនធ្លាប់មានពីមុនមក។ 
 
សូមបញ្ជាក់ថា ឧបទ្វីបកូរ៉េ បានកើនកម្តៅជាថ្មី ចាប់តាំងពីក្រុងព្យុងយ៉ាង បានទទួលជោគជ័យក្នុងការបាញ់ផ្កាយរណបចារកិច្ច។ នៅប៉ុន្មានថ្ងៃមុន កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប (ICBM) ទី៥ ទៅក្នុងសមុទ្រខាងកើតថែមទៀត៕ 

Tag:
 (កូរ៉េខាងត្បូង
  កូរ៉េខាងជើង)
© រក្សាសិទ្ធិដោយ thmeythmey.com