RFI
អន្តរជាតិ
ហុងកុង៖ គណបក្សប្រជាធិបតេយ្យនិយម​ ដ៏ធំចុងក្រោយគេ សម្រេច​បិទទ្វារជាស្ថាពរ
29, Dec 2023 , 7:00 pm        
រូបភាព
លោក Alan Leong ស្ថិតនៅទីស្នាក់ការគណបក្ស Civic Party ដែលត្រូវបិទទ្វារ រំលាយខ្លួនចោលជាស្ថាពរ ពីជីវិតនយោបាយហុងកុង។ AFP
លោក Alan Leong ស្ថិតនៅទីស្នាក់ការគណបក្ស Civic Party ដែលត្រូវបិទទ្វារ រំលាយខ្លួនចោលជាស្ថាពរ ពីជីវិតនយោបាយហុងកុង។ AFP
ដោយ៖ម៉ម ពិសី
 
បរិយាកាសនយោបាយ​ហុងកុង កាន់តែរួមរឹត ជាមួយនឹងពន្លឺសង្ឃឹមប្រជាធិបតេយ្យ ដែលកាន់តែចុះថយ។ អ្នកនយោបាយ​ និងសកម្មជននិយម​ប្រជាធិបតេយ្យជាច្រើនណាស់ ខ្លះ​កំពុងប្រឈមនៅតុលាការ ខ្លះកំពុង​ស្ថិតនៅក្នុងឃុំ និងខ្លះទៀតត្រូវបង្ខំចិត្តរត់ភៀសខ្លួនទៅក្រៅស្រុក​។ គណបក្សប្រឆាំងដ៏ធំមួយនៅហុងកុង ឈ្មោះ Civic Party បានសម្រេចបិទទ្វាររំលាយខ្លួនជាស្ថាពរ នៅថ្ងៃទី​២៨ធ្នូ២០២៣។​

គណបក្សប្រឆាំងដ៏សំខាន់​មួយ នៅ​ហុងកុងឈ្មោះ Civic Party ត្រូវបិទទ្វារជាស្ថាពរ នៅថ្ងៃព្រហស្បតិ៍ ទី២៨ធ្នូ។ វាគឺជាការបិទទំព័រនយោបាយ​ប្រជាធិបតេយ្យ​ហុងកុង បន្ទាប់ពីបានឆ្លងកាត់នូវការតស៊ូដ៏កក្រើក នាប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុង​ការទាមទារលទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព ទល់នឹងក្រញ៉ាំអំណាចរបស់ចិន​ប៉េកាំងកុម្មុយនិស្ត​។
 
ថ្លែងនៅក្នុងបទសម្ភាស ផ្តល់ឲ្យ​បណ្តាញព័ត៌មាន​បារាំង AFP លោក Alan Leong ស្ថាបនិក​ម្នាក់​នៃគណបក្ស Civic Party បាន​លើកឡើងថា លោក​មានការសោកស្តាយ តែ​ក៏​បាន​ធូរចិត្តដែរ ដែលលោក​នឹងលែងមានអម្រែកធ្ងន់​នៅលើស្មារតទៅទៀត ចាប់ពីពេលនេះទៅ។ លោក​បានឲ្យដឹងថា តថៈភាពនយោបាយ ព្រមទាំងការបាត់បង់អស់ទាំងស្រុង នូងធនធាន​ថវិកានិង​ស្មារតី​ បានធ្វើ​ឲ្យ​គណបក្សនេះគ្មានជម្រើសអ្វីផ្សេងទេ ក្រៅ​ពី​ការ​ប្រកាសរំលាយ​ខ្លួន​។
 
លោកមេធាវី វ័យ​៦៥ឆ្នាំរូបនេះ បាន​លើកឡើងថា លោកមិនដែលសង្ស័យអ្វីទេ ទាក់ទិននឹងសមត្ថភាពរបស់ប្រជាជនហុងកុង ក្នុងការ​ដឹកនាំហុងកុង។ ក៏ប៉ុន្តែ​ មានរឿងខ្លះ គឺវាស្ថិតនៅផុតពីដៃ​របស់យើង ដែលយើងមិនអាចគ្រប់គ្រងបាន​ទេ​។
 
សូមរំលឹកថា គណបក្ស Civic Party ដែលប្រជាជនហុងកុងនិយមដាក់ងារហៅថា គណបក្សមេធាវី ត្រូវបាន​បង្កើតឡើងនៅខែមីនាឆ្នាំ​២០០៦ ដោយក្រុមអ្នកច្បាប់ ដែលនិយម​សិទ្ធិសេរីភាពនិង​លទ្ធិប្រជាធិបតយេ្យ​។ ឆ្លងកាត់ជោគជ័យជាបន្តបន្ទាប់ក្នុងការបោះឆ្នោត គណបក្សនេះបានក្លាយជាកម្លាំង​ចលនាប្រជាធិបតេយ្យធំទី២ បន្ទាប់​ពី​គណបក្ស​ប្រឆាំងមួយទៀត ឈ្មោះសម្ព័ន្ធ​សង្គមប្រជាធិបតេយ្យ។
 
នៅឆ្នាំ​២០១០ គណបក្សប្រជាធិបតេយ្យទាំង​២នេះ បានរួមគ្នា ជំរុញឲ្យ​មានការបោះឆ្នោត​ ដែលមានតម្លៃជានិម្មិតរូប ស្មើនឹង​ការធ្វើប្រជាមតិ ស្តីពីការពង្រឹងលទ្ធិប្រជាធិបតេយ្យ​នៅហុងកុង។ គឺចាប់ពីពេលនោះហើយ ដែល​ប៉េកាំង ចាប់ផ្តើម​ប្រើប្រាស់គោល​នយោបាយធម៌ក្តៅលើហុងកុង ដើម្បី​បង្ក្រាប​រាល់សំឡេងទាមទារប្រជាធិបតេយ្យ​។​ គណបក្ស​ Civic Party ត្រូវបាន​ប៉េកាំងចាត់ទុកថាជាចលនានយោបាយ ​ដែល​អាចបង្កគ្រោះថ្នាក់​ដល់ស្ថិរភាព​របស់ចិន​​។ ឆ្នាំ​២០១៩ Civic Party បានចូលរួមយ៉ាងសកម្ម នៅក្នុង​ចលនាបាតុកម្ម​ទាមទារលទ្ធិប្រជាធិបតេយ្យ ដែល​ផ្ទុះកក្រើកឡើង ដោយសកម្មភាពរបស់​យុវជនសិស្សនិស្សិតហុងកុង​។ សមាជិកធំៗចំនួន​៧នាក់នៃបក្សនេះ ត្រូវបាន​អាជ្ញាធរហុងកុង ប្តឹងចោទប្រកាន់ ពីបទឧក្រិដ្ឋប្រឆាំងនឹង​សន្តិសុខជាតិ​។
ចាប់ពីពេលនោះមក សកម្មភាព​កំចាយ​ និងរារាំងទៅលើគណបក្ស Civic Party ត្រូវបានពន្លឿន ពីសំណាក់អាជ្ញាធរហុងកុង។ 
 
សមាជិកសភា និងអ្នកនយោបាយជាប់ឆ្នោតទាំងអស់ របស់បក្សនេះ ត្រូវគេដកហូតតំណែង។ មេដឹកនាំ​៣នាក់​នៃគណបក្សនេះ បច្ចុប្បន្ន​កំពុងជាប់ពន្ធនាគារ ចំណែក​មួយចំនួន​ទៀត បានរត់ភៀសខ្លួន​ទៅក្រៅប្រទេស។ កុំថាឡើយថវិកា ឬកម្លាំងមនុស្សដឹកនាំបក្ស សូម្បីតែតុកៅអីនៅទីស្នាក់​ការបក្ស ក៏​បាត់ស្រមោល​ម្តងមួយៗដែរ​។ នៅខែ​ឧសភាកន្លងទៅ សមជិក​គណបក្ស Civic Party បានបោះឆ្នោតរំលាយ​ខ្លួនឯងចោល បន្ទាប់ពីគ្មាន​លទ្ធភាព និងធនធានមនុស្ស​បន្តដឹកនាំតទៅទៀត។
 
យ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាស លោក Alan Leong បាន​លើកឡើងថា ប្រវត្តិសាស្ត្រគឺប្រៀបបីដូចជា កងចក្រវិលជុំ ដែលមានន័យ​ថា អនាគតគ្មាននរណាអាចមើលឃើញឲ្យជាក់ច្បាស់ទេ។​ លោក​ជឿថា ទោះបីជាមានការកៀបសង្កត់បែបណា​ពីចិន​ប៉េកាំង តែមិនប្រាកដថា នឹងគ្មាន​គណបក្សប្រជាធិបតេយ្យ​ថ្មី​ណាមួយចាប់បដិសន្ធិ​ឡើងនោះឡើយ​។
 
គួរបញ្ជាក់ដែរថា ស្របពេលដែលគណបក្ស ​Civic Party ត្រូវបិទទ្វារជាស្ថាពរ នៅថ្ងៃព្រហស្បតិ៍​ទី​២៨ធ្នូ តុលាការហុងកុង បានបើក​សវនាការ​​កាត់ទោសយុវជន​ហុងកុង​៣នាក់។ អតីតនិស្សិតបាតុករទាំង​៣ ត្រូវសមត្ថកិច្ចចោទ ថាបាន​រៀបគម្រោង​ធ្វើគ្រាប់បែក​ច្នៃ ដាក់បំផ្ទុះនៅ​តាមស្ថាប័ន​រដ្ឋហុងកុង កាលពីក្នុងអំឡុងពេល​បាតុកម្ម​ឆ្នាំ​២០១៩។ Hu Yu-Wang បច្ចុប្បន្នអាយុ២០ឆ្នាំ ជាប់ទោសពន្ធនាគារ​ ៦ឆ្នាំ ចំណែក​២នាក់ទៀត Kwok Man-Hei អាយុ២១ឆ្នាំជាប់ពន្ធនាគារ​២ឆ្នាំកន្លះ និង​ Cheung Ho-Yeung អាយុ​២៣ឆ្នាំ ជាប់ពន្ធនាគារ​៦ឆ្នាំ។ ហើយចាប់ពីថ្ងៃទី​១៨ធ្នូមក តុលាការ​ហុងកុងកំពុងដំណើរការនីតិវិធី​សវនាការ កាត់ទោសលោក Jimmy Lai និពន្ធនាយក​កាសែត Apple Daily ដែលអាជ្ញាធរហុងកុងចោទពីបទក្បត់ជាតិ ប្រឆាំងសន្តិសុខនិងស្ថិរភាពជាតិ​៕

Tag:
 RFI
  អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com