ជាតិ
ចេកចៀន នំល្ង នំពពាយ នំក្រូច កំពឹសចៀន ពេញនិយមសម្រាប់ទេសចរ ធ្វើដំណើរទៅរមណីយដ្ឋានអង្គរ
30, Dec 2023 , 8:00 am        
រូបភាព
សៀមរាប៖ ចេកចៀន សាយ៉ នំល្ង សាំងវិចចៀន នំពពាយ កំពឹសចៀន ក្រមៅថត នំហ៊ីង នំក្រូច ឆាខ្វៃ នំស្នូលផ្អែម នំស្នូលប្រៃ ត្រូវបានអាជីវករជាច្រើនចម្អិនលក់តាមតូបតូចៗ តាមបណ្តោយផ្លូវសាលដឺហ្គោល ឆ្ពោះទៅរមណីយដ្ឋានអង្គរ។ អ្នកដំណើរ ដែលឆ្លងកាត់ផ្លូវនេះ​ មិនដែលរំលងហួសតូបលក់នំទាំងនេះឡើយ។ រាប់ចាប់ពី ពលរដ្ឋក្នុងក្រុង អ្នកដំណើរតាមបណ្តាខេត្ត និងទេសចរបរទេសផងដែរ។ បើតាមអាជីវករលក់នំប្រភេទនេះ អតិថិជនភាគច្រើន និយមបរិភោគចេកចៀន សាយ៉ និងកំពឹសចៀនជាងនំផ្សេងៗ។

សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖



អ្នកស្រី ឈៀវ សុខហ៊ាង ដែលប្រកបរបរលក់នំជាង១០ឆ្នាំហើយ បានរៀបរាប់ថា អតិថិជនរបស់អ្នកស្រី  ភាគច្រើនធ្វើដំណើរតាមរ៉ុម៉កឈប់ទិញ ក្នុងនោះក៏មានភ្ញៀវបរទេសផងដែរ។ តូបរបស់អ្នកស្រីមានលក់នំប្រមាណ ១០មុខ ប៉ុន្តែ ចេកចៀន អ្នកស្រីលក់ដាច់ជាងគេ ដោយអាចលក់បាន១៥ស្និតយ៉ាងតិច​ក្នុង១ថ្ងៃ ។ ដោយឡែកថ្ងៃចុងសប្តាហ៍ និងបុណ្យទានវិញ អាចលក់បាន ២៥ស្និត។ 
  
អ្នកស្រី ឈៀវ សុខហ៊ាង

«តាមរ៉ុម៉ក តុកតុក គាត់ណែនាំមកទីតាំងនេះច្រើន។ គាត់ថា នំហ្នឹងឆ្ងាញ់។ និយាយជារួម នំទាំងនេះ អ្នកសៀមរាបក៏គេចូលចិត្ត អ្នកមកពីតាមខេត្តក៏គេចូលចិត្ត។» អ្នកស្រី ឈៀវ សុខហ៊ាង បញ្ជាក់បែបនេះ។ 
 
ចាប់ផ្តើមពីម៉ោង ៦ព្រឹក​រហូតដល់ម៉ោង៦ល្ងាច ​អ្នកប្រកបរបរលក់នំរូបនេះ ហាក់មមាញឹកជាខ្លាំង ជាមួយនឹងការចម្អិននំលក់ ព្រោះអតិថិជនមកទិញជាបន្តបន្ទាប់។ បើទោះរវល់បន្តិចមែន ប៉ុន្តែអ្នកស្រីសប្បាយចិត្ត​នឹងរបរមួយនេះ ដោយសារចំណូលក៏បានគួរសម ។ ចំណែកអតិថិជន ក៏នៅតែគាំទ្រ។
 

មិនខុសពីអ្នកស្រី ឈៀវ សុខហ៊ាង នោះឡើយ អ្នកស្រី យ៉ាង សុធា អាជីវករលក់នំចម្រុះមុខរូបនេះ ផ្តល់បទសម្ភាសជាមួយសារព័ត៌មានThmeyThmey២៥ ក៏លក់ដាច់តែចេកចៀនដែរ។ ជាធម្មតា អ្នកស្រី សុខហ៊ាង អាចលក់បានជាង១០ស្និត តែបើចំថ្ងៃបុណ្យទាន គឺបាន៣០ស្និតក៏មាន។ 
 
អ្នកស្រី យ៉ាង សុធា

មើលទៅដូចជាសាមញ្ញា ប៉ុន្តែគ្រឿងផ្សំ មានច្រើនគួរសម រាប់ចាប់ពីម្សៅ ស្នូលនំ ជាដើម។ ស្រ្តីប្រកបរបរលក់នំ៥ឆ្នាំរូបនេះ រៀបរាប់ពីទម្លាប់ប្រចាំថ្ងៃអំពីរបររកស៊ី ថាស្នូលនំ គឺធ្វើទុកពីល្ងាច ចំណែកម្សៅអង្ករ លាយជាមួយម្សៅស្រួយទម្ងន់ប្រហែល ៥គីឡូក្រាមនោះ ត្រូវធ្វើពេលព្រលឹម។
 
មិនមានបច្ចេកទេសអ្វីច្រើន ក្រៅពីរូបមន្តផ្ទាល់ខ្លួនរបស់អ្នកស្រី សុធា នោះឡើយ។ ដូង ស៊ុតទា សុទ្ធតែជាគ្រឿងផ្សំ ធ្វើឱ្យម្សៅនំ មានរសជាតិឈ្ងុយ និងស្រួយល្អ។ ភ្ញៀវ ដែលទិញយកទៅ តែងសសើរថា ឆ្ងាញ់មិនដាច់ពីមាត់ ព្រោះសុទ្ធសឹងតែជាគ្រឿងផ្សំធម្មតា។ អ្នកស្រី យ៉ាង សុធា ពោលថា ពេលថ្ងៃធម្មតា គឺអ្នកសៀមរាបមកជួយទិញនំអ្នកស្រី តែដល់ពេលបុណ្យទាន ទើបមានអ្នកចំណូលថ្មីមកពីចម្ងាយ។ ភ្ញៀវចូលចិត្តញុំានំរបស់ខ្មែរដែរ ដូចជា ចេកចៀន នំហ៊ីងជាដើម។ 
 
«មកលក់កន្លែងនេះ ដោយសារមានភ្ញៀវគាត់ទៅអង្គរច្រើន បន្ទាប់មកក៏យើងមកចាប់ទីតាំងនៅកន្លែងនេះ។ លក់ដាច់សម្រាប់នៅសៀមរាប ពេញនិយមខ្លាំង ទាំងភ្ញៀវខ្មែរ ទាំងភ្ញៀវបរទេស។ នំនេះលក់ដាច់នៅតាមផ្លូវនេះ ដូច្នេះ ការលក់ដូរតាមផ្លូវនេះក៏ច្រើនដូចគ្នា។» អ្នកស្រី យ៉ាង សុធា បន្តបែបនេះ ពេលកំពុងចម្អិនចេកចៀនក្នុងខ្ទះ។
 
ក្រឡេកមកមើលមួយ​តូបទៀត របស់អ្នកស្រី គីម ស្រីញិល វិញម្តង។ ដំណើរការនៃការលក់ មានភាពរលូនធម្មតា បើគិតមកដល់បច្ចុប្បន្ន ដែលអ្នកស្រីប្រកបរបរនេះ ៧ឆ្នាំមកហើយ។ អ្នកស្រី ស្រីញិល មានជីវភាពធូរធារ ដោយសារតែរបរលក់តាមចំណីផ្លូវមួយនេះ។ នំជាច្រើនមុខ បានដាក់តម្រៀបគ្នា នៅក្នុងកញ្ច្រែង ដើម្បីឱ្យភ្ញៀវឃើញ និងឈប់ទិញ។ ក្នុងមួយថ្ងៃ អ្នកស្រីអាចលក់នំទាំងនេះ ចន្លោះពី ១០ ទៅ២០ម៉ឺនរៀល​ជារៀងរាល់ថ្ងៃ។
 
អ្នកស្រី គីម ស្រីញិល

ភ្ញៀវភាគច្រើន ឈាងចូលទិញមុនទៅរមណីយដ្ឋានអង្គរ ។ ដោយឡែកអ្នកមកពីអង្គរ គឺមិនសូវឈប់ទិញឡើយ។ ក្រៅពីអ្នកក្រុងសៀមរាប អ្នកស្រី ពឹងផ្អែកលើអ្នកដំណើរទាំងស្រុង ដោយសារផ្លូវទៅអង្គរមានទេសចរច្រើន។ 
 
«អតិថិជនដែលជិះឡាន ម៉ូតូ តែងឈប់ទិញ។ បើថ្ងៃសៅ-អាទិត្យ គឺរឹតតែងដាច់ខ្លាំង។ ចំពោះបរទេសច្រើនជិះរ៉ុម៉កកង់បី ឬកង់ ឈប់ទិញដូចគ្នា។ ពេលបុណ្យទានម្តងៗ គឺពេញនិយមណាស់ ព្រោះពលរដ្ឋចូលចិត្តហូប។» អ្នកស្រី គីម ស្រីញិល អ្នកលក់នំផ្លូវទៅអង្គររូបនេះបានបញ្ជាក់ដូច្នេះ។
 
អ្នកស្រី បន្ថែមថា កាលពីមុន តាមផ្លូវទៅអង្គរនេះ មានអ្នកលក់នំប្រភេទ​នេះ ជាច្រើនហូរហែ ប៉ុន្តែដោយសារពេលខ្លះ​ទេសចរចុះថយ អ្នកលក់នំមួយចំនួនក៏ផ្លាស់ប្តូរទីតាំងផងដែរ។ លុះត្រាថ្ងៃបុណ្យទាន ទើបឃើញមានតូបលក់នំជាច្រើនមកលក់នៅទីនេះវិញ៕

















Tag:
 បំពងខ្លាញ់
  សៀមរាប
 ចេកចៀន
 សាយ៉
 អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com