សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ទីក្រុងបាងកក ទាក់ទាញភ្ញៀវអន្តរជាតិច្រើនជាងគេលើលោកក្នុងឆ្នាំ ២០២៣
29, Dec 2023 , 8:20 pm        
រូបភាព
ភ្ញៀវទេសចរដើរកម្សាន្តមុខព្រះបរមរាជវាំងថៃ ។ រូបភាព ៖ Reuters
ភ្ញៀវទេសចរដើរកម្សាន្តមុខព្រះបរមរាជវាំងថៃ ។ រូបភាព ៖ Reuters
រាជធានីបាងកករបស់ថៃបានទទួលភ្ញៀវអន្តរជាតិចំនួន២២,៧៨លាននាក់ក្នុងឆ្នាំ ២០២៣ ដែលលើសពីទីក្រុងធំៗពីរនៅអឺរ៉ុបគឺប៉ារីស និងឡុងដ៍។

យោងតាមរបាយការណ៍របស់ក្រុមទូទាត់ប្រាក់អន្តរជាតិ Mastercard ទីក្រុងចំនួនបីរបស់ថៃរួមមានទីក្រុងបាងកក ភូកេត និងប៉ាតាយ៉ាស្ថិតក្នុងបញ្ជីទីក្រុងចំនួន២០ ដែលមានចំនួនភ្ញៀវមកកម្សាន្តច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៣។ 
 
ទីក្រុងបាងកកនៅតែបន្តនាំមុខគេ ដោយសារទេសភាពនៅតាមដងផ្លូវយ៉ាងរស់រវើក ជាមួយទីសក្ការៈបូជា វត្តអារាម និងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់។ តាមពីក្រោយបាងកក ក្រុងប៉ារីសរបស់បារាំងមានភ្ញៀវ១៩,១លាននាក់ និងទីក្រុងឡុងដ៍របស់អង់គ្លេស ជិត១៩,១លាននាក់។ បន្តមកទៀតមានទីក្រុងឌូបៃរបស់អេមីរ៉ាតអារ៉ាប់រួម ដែលមានអ្នកទស្សនាជិត ១៦លាននាក់ និងសិង្ហបុរីមានជិត ១៤,៧លាននាក់នៅឆ្នាំ២០២៣។
 
«សូមរីករាយនឹងភាពស្រស់ស្រាយក្នុងទីក្រុងជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ មុននឹងទៅទស្សនាវត្តមាស និងទីសក្ការៈបូជា។ ដើរតាមក្លិនក្រអូបទៅកាន់ទីផ្សារតាមដងផ្លូវរាប់មិនអស់ ជាមួយនឹងរសជាតិជូរ ហឹរ ផ្អែម និងឆ្ងាញ់»។ នេះជាការដកស្រង់សម្តីនៅក្នុងរបាយការណ៍ខាងលើ​ស្តីពី​បទពិសោធន៍​ធ្វើ​ដំណើរ​នៅ​បាងកក។
 
ភូកេត និងប៉ាតាយ៉ាជាប់ចំណាត់ថ្នាក់ទី ១៤និងទី ១៥ក្នុងបញ្ជីដែលមានអ្នកទស្សនាជិត ៩,៩ និង ៩,៥លាននាក់រៀងគ្នា។ បើតាមរបាយការណ៍ដដែល ភូកេតមានប្រជាប្រិយភាពដោយសារឆ្នេរដ៏ស្រស់ស្អាត កោះថ្មកំបោរ និងឧទ្យានជាតិ ឯ ប៉ាតាយ៉ាល្បីល្បាញសម្រាប់ភាពសប្បាយរីករាយរបស់ភ្ញៀវទេសចរនៅតាមដងឆ្នេរ និងកម្មវិធីជប់លៀងកណ្តាលទីក្រុងនៅពេលយប់។ 
 
សម្រាប់ទីក្រុងនៅសេសសល់ក្នុងបញ្ជីកំពូលទាំង១០ រួមមានគូឡាឡាំពួ (ម៉ាឡេស៊ី) ញូវយ៉ក (អាម៉េរិក) អ៊ីស្តង់ប៊ុល (តួកគី) តូក្យូ (ជប៉ុន) អង់តាលីយ៉ា (តួកគី)៕

Tag:
 ទេសចរ
  បាងកក
 ​ ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com