សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចំនួនប្រជាជនពិភពលោកកើន​​៧៥លាននាក់នៅឆ្នាំនេះ, កើនដល់៨ពាន់លាននាក់ឆ្នាំ២០២៤
29, Dec 2023 , 9:30 pm        
រូបភាព
មនុស្សម្នាដើរកម្សាន្តក្នុងថ្ងៃ បុណ្យ ណូអែលនៅ ទីក្រុង Lisbon  ព័រទុយហ្កាល់ ។ រូបភាព ៖ AP
មនុស្សម្នាដើរកម្សាន្តក្នុងថ្ងៃ បុណ្យ ណូអែលនៅ ទីក្រុង Lisbon ព័រទុយហ្កាល់ ។ រូបភាព ៖ AP
ចំនួនប្រជាជនពិភពលោកបានកើនឡើងចំនួន៧៥លាននាក់នៅក្នុងឆ្នាំ២០២៣។ តួលេខនេះនឹងធ្វើឲ្យចំនួនប្រជាជនសរុបកើនដល់ ៨ពាន់លាននាក់ចាប់ពីថ្ងៃចូលឆ្នាំសកលនេះតទៅ។ នេះបើតាមការចេញផ្សាយដោយការិយាល័យជំរឿនអាម៉េរិកនៅថ្ងៃទី២៨ ខែធ្នូ។

អត្រា​កំណើន​ប្រជាជនទូទាំង​ពិភពលោក​បានកើនឡើង​​ត្រឹម​ ១ភាគរយប៉ុណ្ណោះនៅឆ្នាំ២០២៣ ។ នៅដើមឆ្នាំ២០២៤ អត្រាកំណើត៤,៣នាក់ និងអត្រាមរណៈ២នាក់ ត្រូវបានរំពឹងថានឹងកើតមាននៅទូទាំងពិភពលោករៀងរាល់វិនាទី។ 
 
ឯអត្រាកំណើនប្រជាជនសម្រាប់អាម៉េរិកនៅឆ្នាំ២០២៣ មានចំនួន ០,៥៣ភាគរយប្រហែលពាក់កណ្តាលនៃតួលេខទូទាំងពិភពលោក។ ប្រទេសនេះបានបន្ថែមប្រជាជន១,៧លាននាក់នៅឆ្នាំ២០២៣ ហើយធើ្វឲ្យមានចំនួនប្រជាជនសរុបនៅថ្ងៃចូលឆ្នាំសកលចំនួន៣៣៥,៨លាននាក់។
«ប្រសិនបើអត្រាបច្ចុប្បន្ននៅតែបន្ត វាអាចជាទសវត្សរ៍ដែលកើនឡើងយឺតបំផុតក្នុងប្រវត្តិសាស្ត្រអាម៉េរិក ជាមួយអត្រាកំណើនតិចជាង៤ភាគរយក្នុងរយៈពេល១០ឆ្នាំចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០»។ លោក William Frey អ្នកប្រជាសាស្រ្តនៅវិទ្យាស្ថាន Brookings បានប្រាប់ទីភ្នាក់សារព័ត៌មាន AP បែបនេះ។ 
 
ទសវត្សរ៍​ដែល​មាន​កំណើន​យឺត​បំផុត​គឺ​បន្ទាប់​ពី​វិបត្តិ​សេដ្ឋកិច្ច​ធំ​នៅ​ទសវត្សរ៍​ឆ្នាំ១៩៣០ ដែល​អត្រា​កំណើន​មាន​ដល់​ទៅ ៧,៣ភាគរយ។ លោក William Frey បានបញ្ជាក់ថា ជាការពិតដែលអត្រាកំណើនប្រជាជនអាចកើនឡើងបន្តិចនៅពេលយើងចាកផុតពីឆ្នាំនៃជំងឺកូវីដ-១៩។ ប៉ុន្តែ​វា​នឹង​នៅ​តែ​មាន​ការ​លំបាក​ក្នុង​ការ​ឡើង​ដល់ ៧,៣ភាគរយ។
 
នៅដើមឆ្នាំ២០២៤ អាម៉េរិកត្រូវបានរំពឹងថា នឹងមានអត្រាកំណើតម្នាក់រៀងរាល់៩វិនាទី និងស្លាប់ម្នាក់រៀងរាល់៩,៥វិនាទី។ ​យ៉ាង​ណា ចំនួនអន្តោប្រវេសន៍​នឹង​រក្សា​ចំនួន​ប្រជាជន​មិន​ឲ្យ​ធ្លាក់​ចុះ។ ការធ្វើចំណាកស្រុកអន្តរជាតិសុទ្ធត្រូវបានរំពឹងថានឹងបន្ថែមមនុស្សម្នាក់ទៅចំនួនប្រជាជនអាម៉េរិករៀងរាល់ ២៨,៣វិនាទី៕

Tag:
 ពិភពលោក
  ចំនួនប្រជាជន
© រក្សាសិទ្ធិដោយ thmeythmey.com