ជាតិ
រដ្ឋបាលខេត្តសៀមរាប កំពុងសិក្សានិងចរចាជាមួយក្រុមហ៊ុនចិន លើការយកតម្លៃផ្លូវទៅព្រលាន
29, Dec 2023 , 10:00 pm        
រូបភាព
សៀមរាប៖ ក្រុមអ្នករកស៊ីសេវាដឹកភ្ញៀវ និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ បានបង្ហាញការមិនពេញចិត្ត ចំពោះគោលការណ៍យកថ្លៃសេវារថយន្តដែលឆ្លងកាត់កំណាត់ផ្លូវកៅស៊ូ ភ្ជាប់ពីផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរ របស់ក្រុមហ៊ុនវិនិយោគចិន។ ជុំវិញករណីនេះ រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ខ្លួនកំពុងសិក្សា និងចរចាជាមួយខាងព្រលានយន្តហោះហើយ។

ទាក់ទងនឹងករណីនេះ មគ្គុទ្ទេសក៍ទេសចរណ៍ភាសាបារាំងលោក យូ ខេមរៈ បានប្រតិកម្មថា ​លោកមិនច្បាស់ថា តើនៅក្នុងកិច្ចសន្យាវិនិយោគមានចំណុចយកថ្លៃសេវាផ្លូវឬយ៉ាងណានោះទេ ? ​ប៉ុន្តែតាមការយល់ឃើញរបស់លោក នៅក្នុងកិច្ចសន្យា មិនគួរចែងពីការយកសេវាផ្លូវ​ទៅកាន់ព្រលានយន្តហោះថ្មី​ឡើយ ដែលវាជាការបន្ថែមបន្ទុកចំណាយ ​សម្រាប់សេវាកម្មប្រតិបត្តិករទេសចរណ៍។ លោក ខេមរៈ បន្ថែមថា តម្លៃវិនិយោគ ឬផល ដែលទទួលបានពីការវិនិយោគ គួរគិតបញ្ចូលលើសេវាផ្លូវទៅព្រលានតែម្ដង មិនគួរមានតម្លៃបន្ថែមពីក្រៅដូច្នេះឡើយ។ 
 
មគ្គុទ្ទេសក៍ចាស់វស្សារូបនេះពន្យល់ដូច្នេះថា៖« គេមានព្រលានយន្តហោះ គេបានចំណូលពីព្រលានយន្តហោះ អ៊ីចឹងព្រលានយន្តហោះត្រូវតែមានសេវាគិតចូលពីផ្លូវចូល។ ប្រៀបដូចជាគេបានចំណូលពីការលក់អាហារ អ៊ីចឹងត្រូវមានសេវាគិតអំពីកៅអី សេវាដែលមានចាន ស្លាបព្រា ក្នុងការហូបម្ហូបនៅក្នុងហាងនោះ។ បើបង់ថ្លៃព្រលានយន្តហោះហើយ ត្រូវបង់ផ្លូវចូលទៅទៀត អ៊ីចឹងមិនខុសពីបង់ថ្លៃអាហារនៅលើតុ ហើយបង់ថ្លៃកៅអីដែលគេអង្គុយ បង់ថ្លៃចាន បង់ថ្លៃស្លាបព្រា ដែលដាក់អាហារនោះ នេះជារឿងដែលគួរឱ្យអស់សំណើច»។
 
ចំណែកមគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេសលោក ខៀវ ធី ក៏បានបញ្ចេញមតិមិនពេញចិត្តរបស់លោក នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនផងដែរនាថ្ងៃទី២៩ ខែធ្នូនេះ។ លោក ខៀវ ធី បានប្រៀបធៀបបញ្ហាទារសេវាឆ្លងកាត់ផ្លូវទៅព្រលានថ្មីនេះ ថាដូចគ្រួសារមួយដែលសង់ផ្ទះ នៅកណ្ដាលវាលស្រែ បន្ទាប់មកធ្វើផ្លូវចូលផ្ទះ ហើយគ្រួសារនោះ ត្រូវយកលុយអ្នកជិតខាង​ ដែលដើរលើផ្លូវនោះ ទៅសួរសុខទុក្ខគាត់ដែរឬទេ? 
 
លោក ខៀវ ធី លើកឡើងដូច្នេះថា៖« យ៉ាងណាមិញ ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុនយូណាន​ប្រទេសចិន មិនត្រូវយកលុយលើផ្លូវដែលសង់ទៅព្រលានខ្លួនទេ ព្រោះកាលណាមានព្រលាន ត្រូវតែមានផ្លូវចូលហើយ»។
 
ជាមួយនេះ លោក ធី បានស្នើឱ្យរដ្ឋាភិបាលជួយអន្ដរាគមន៍ ឬប្រើគោលនយោបាយណាមួយ​ ដោះស្រាយបញ្ហានេះ ឱ្យស្របតាមគោលនយោបាយរបស់រដា្ឋភិបាលអាណត្តិទី៧ ដែលផ្តល់ការគាំពារដល់វិស័យទេសចរណ៍ខេត្តសៀមរាប ដូចជាការមិនយកពន្ធចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនទេសចរណ៍ ជាពិសេសបានបញ្ចេញ​កញ្ចប់ថវិកា​ផ្តល់កម្ចី ដល់ប្រតិបត្តិករទេសចរណ៍ ដើម្បីស្ដារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។
 
អ្នករកស៊ីរថយន្តដឹកភ្ញៀវនៅខេត្តសៀមរាបលោក គិម ប៊ុនថាន់ លើកឡើងដូច្នេះថា៖« តម្លៃទៅយកភ្ញៀវរាល់ថ្ងៃវារៀងថ្លៃហើយ ដល់ពេលយើងបូកតម្លៃផ្លូវព្រលានថែម ៥ទៅ៦ដុល្លារពីលើទៀត ភ្ញៀវនឹងស្រែក»។
 
ជាមួយគ្នានេះ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍ សេវាកម្មកម្ពុជា បានចាត់ទុកការប្រកាសយកសេវាថ្លៃផ្លូវទៅកាន់ព្រលានថ្មីនេះ ថាជារឿងដែលមិនធ្លាប់មាន និងមិនគួរកើតមាននៅកម្ពុជានោះទេ។ ស្របពេលសេដ្ឋកិច្ចជាតិកំពុងមានបញ្ហា ការណ៍នេះ ជាបន្ទុកមួយផ្នែកសម្រាប់ពលរដ្ឋ និងមិនល្អសម្រាប់ការជួយសេដ្ឋកិច្ចជាតិ។ 
 
លោក ម៉ម រិទ្ធី បន្ថែម៖« ខ្ញុំសុំឱ្យបិទករណីនេះទៅវិញ ស្នើឱ្យរដ្ឋាភិបាលបិទទៅវិញ ហើយជជែកជាមួយក្រុមហ៊ុន​ដែលវិនិយោគព្រលានយន្តហោះ សុំឱ្យបិទការដែលយកលុយបើកបរលើផ្លូវហ្នឹង»។
 
អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានឱ្យដឹងថា រដ្ឋបាលខេត្តបានទទួលដំណឹងពីករណី ខាងព្រលានយន្តហោះបានប្រកាសពីគោលការណ៍យកសេវាឆ្លងកាត់ផ្លូវនោះហើយ។ លោកបន្តថា  រដ្ឋបាលខេត្តកំពុងសិក្សា និងរិះរកមធ្យោបាយដើម្បីចរចាជាមួយក្រុមហ៊ុនចិនដែលវិនិយោគសាងសង់ ព្រលានយន្តហោះថ្មីនៅស្រុកសូទ្រនិគម ដ្បិតថាផ្លូវនេះស្ថិតក្នុងផែនការវិនិយោគច្បាស់លាស់​របស់ក្រុមហ៊ុនចិនមួយនេះ។
 
យ៉ាងណាមិញ លោក លី វណ្ណៈ បានបញ្ជាក់ថា គោលការណ៍យកសេវានេះ គឺតម្រូវសម្រាប់តែរថយន្តចេញចូលក្នុងព្រលានប៉ុណ្ណោះ សម្រាប់រថយន្តបើកបរកាត់ធម្មតា មិនតម្រូវឱ្យបង់សេវាឡើយ។ លោកស្នើឱ្យពលរដ្ឋ ឬប្រតិបត្តិករទេសចរណ៍​កុំមានការភាន់ច្រឡំ​ត្រង់ចំណុចនេះ និងទុកពេលឱ្យរដ្ឋបាលខេត្តចរចាជាមួយក្រុមហ៊ុនព្រលានសិន។
 
បើតាមការជូនដំណឹងរបស់ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះរបស់ចិន ការយកសេវារថយន្ត បើកកាត់ផ្លូវកៅស៊ូទៅព្រលានយន្តហោះសៀមរាបអង្គរ (SIA) នឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ។ សេវាទាំងនោះបែងចែកជា៤ផ្នែកតាមប្រភេទរថយន្ត ដែលតម្លៃសម្រាប់រថយន្តលក្ខណៈគ្រួសារ និងរថយន្តដឹកទំនិញធុនតូច តម្លៃ៣ដុល្លារ, រថយន្តដឹកអ្នកដំណើរក្រោម១៩កៅអី និងរថយន្តដឹកទំនិញក្រោម៩តោន តម្លៃ៦ដុល្លារ, រថយន្តដឹកអ្នកដំណើរចាប់ពី២០កៅអីឡើង និងរថយន្តដឹកទំនិញចាប់ពី៩ដល់១០តោន តម្លៃ៩ដុល្លារ និងរថយន្តដឹកទំនិញទម្ងន់ពី១០ទៅ២០តោន តម្លៃ១២ដុល្លារ។ តម្លៃនេះមិនរាប់បញ្ចូលពីថេរវេលា​ដែលចូលចត​​ក្នុងចំណោតរបស់ព្រលានយន្តហោះឡើយ។ 
 
 គួរបញ្ជាក់ថា ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរ (SIA) បានដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ តុលា និងសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៣។ ព្រលាននេះវិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។ ព្រលាននេះចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២០ ជាព្រលានលំដាប់ថ្នាក់ 4E ដែលអាចទទួលយន្តហោះខ្នាតធំៗឱ្យចុះចតបាន៕

Tag:
 ព្រលានយន្តហោះសៀមរាបអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com