RFI
សុខភាព
អន្តរជាតិ
សុខភាព​បន្តពូជ ៖ គ្មាន​កូន ងាយជួបវិបត្តិថប់កង្វល់​និងជំងឺ​ផ្លូវចិត្ត ?
30, Dec 2023 , 8:30 am        
រូបភាព
គ្មានកូន ងាយជួបវិបត្តិថប់កង្វល់និងជំងឺផ្លូវចិត្ត ។ iStock
គ្មានកូន ងាយជួបវិបត្តិថប់កង្វល់និងជំងឺផ្លូវចិត្ត ។ iStock
ដោយ៖ អៀង សុខម៉ិញ
 
អារ ជា​បញ្ហា​សុខភាព​សាធារណៈដ៏ចម្បងមួយ យ៉ាងពិតៗ ! នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាពពិភពលោកចេញផ្សាយកាលពីថ្ងៃទី ៣ មេសា ២០២៣។ អង្គការ​បាន​ស្នើសុំឱ្យ​អ្នក​នយោបាយ និង​អ្នក​ស្រាវជ្រាវ​កុំ​មើល​រំលង​ជំងឺ​មួយ​នេះ តែ​ត្រូវ​រួសរាន់​ផ្តល់សេវាព្យាបាលឱ្យ​បាន​ថោកសមរម្យ​និង​មាន​គុណភាពខ្ពស់។ ហេតុអ្វី​ អង្គការ​សុខភាព​ពិភពលោកណែនាំ​យ៉ាង​ដូច្នេះ ? គ្មាន​កូន​ពិត​ជា​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​មែនឬ​យ៉ាងណា​ និង​យ៉ាង​ដូចម្តេច ?

តាំងពី​ឆ្នាំ​២០១០​មក អង្គការ​សុខភាពពិភពលោក បាន​ទទួល​ស្គាល់ អាការៈ “អារ” គ្មានកូន ជា​ជំងឺមួយ។ ហើយ របាយការណ៍​ចុងក្រោយ​ទើប​ចេញ​កាលពី​សប្តាហ៍មុន​​ ដែលជាការ​​សិក្សា​​វិភាគកាន់​តែ​ស៊ីជម្រៅ រយៈ​ពេលជាង​១០ឆ្នាំ ពី​ឆ្នាំ​១៩៩០-២០២១ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា  បច្ចុប្បន្ន​ គ្មានកូន ជា​ជំងឺ​ដែល​ប៉ះពាល់ ក្នុង​កំរិត​ដូចគ្នា​​នៅទូទាំង​ពិភពលោក មិនថា​នៅក្នុង​ប្រទេសអ្នក​មាន ឬ​ក្នុង​ប្រទេស​ក្រីក្រ-មធ្យមឡើយ។



 
បើ​តាមរបាយការណ៍​របស់​​​អង្គការ​សុខភាពពិភពលោកដដែលនេះ ក្នុង​ចំណោមមនុស្ស​​​៦នាក់ មាន​ម្នាក់ហើយ​ជា​ជនរងគ្រោះគ្មាន​សមត្ថភាព​បង្ក​កំណើត​កូន ពោល​គឺ១៧,៨% នៃ​ប្រជាពលរដ្ឋ​ពេញវ័យបង្កកំណើតជាមនុស្ស​ “អារ” ​នៅក្នុង​ប្រទេសអ្នកមាន ​និង​១៦,៥% នៅ​ប្រទេស​ក្រីក្រនិង​មធ្យម។ នេះ​សឱ្យ​ឃើញ​ថា គ្មានកូន ជា​បញ្ហា​សុខភាព​សាធារណៈ​ដ៏​ចម្បង​ពិតៗ និង​ជា​ជំងឺ​ដែល​មិន​រើសអើង​ប្រកាន់ឋានៈ​ទៀត​ឡើយ។ ជំងឺអារមានកើត​នៅគ្រប់ទិសទី និងក្នុង​គ្រប់មជ្ឈដ្ឋាន។ នៅក្នុង​ប្រទេស​ជឿនលឿន​ ដូច​យ៉ាងបារាំង​ជា​ឧទាហរណ៍ គ្រួសារ​បញ្ញាវន្ត​​ ក៏​ដូច​គ្រួសារ​កម្មករ នៅក្រុង​ធំ​ក៏ដូច​នៅជនបទ សុទ្ធ​តែ​ប្រឈម​នឹង​​បញ្ហា​គ្មាន​កូន ​ដូច​គ្នា។
 
សម្រាប់​លោក​វេជ្ជបណ្ឌិត តេដ្រូស នាយក​​អង្គការសុខភាពពិភពលោក មធ្យមភាគ​​ ​១៧% នៃ​មនុស្ស​ពេញ​វ័យ​នៅលើ​ពិភពលោកមានបញ្ហា​បង្ក​កំណើត ជា​ចំនួន​ដ៏​ច្រើន​ខ្លាំងណាស់ បើ​រាប់ទៅ​គឺស្មើនឹង​ជា​ច្រើនរយ​លាន​នាក់ ប៉ុន្តែ​ប្រធានបទ​ “ជំងឺគ្មានកូន” បែរជាពុំ​សូវ​មាន​កា​រ​សិក្សា​ស្រាវជ្រាវ ហើយ​ដំណោះស្រាយនៅ​មាន​កំរិត និង​ថ្លៃ​ខ្លាំង​​ដែល​គូស្វាមី​ភរិយា​មួយ​ចំនួន​ធំ​គ្មាន​​លទ្ធភាពពឹង​ពាក់​បាន។ យោងទៅ​លើ​អត្រា​ភាគរយ​នៃចំនួន​មនុស្ស​អារ លោក​នាយកអង្គការ​សុខភាព​ពិភពលោក​ យល់​ថាដល់​ពេលចាំបាច់​ត្រូវ​ពង្រីកការ​ផ្តល់​សេវា​ព្យាបាល​និង​ថែទាំ​ជំងឺអារ ​គ្មានកូន​​ និង​មិនត្រូវ​មើល​​បញ្ហា​អត់កូន​ទៀត​ទេ។ អ្នកនយោបាយ​ អ្នកស្រាវជ្រាវ ត្រូវ​ខិត​ខំផ្តល់​មធ្យោបាយ​ ការពារនិង​ព្យាបាលជំងឺអារ ដ៏ប្រាកដប្រជា មានប្រសិទ្ធភាព និង​តម្លៃ​សមរម្យ​ សម្រាប់​ឱ្យ​គ្រប់​គូស្វាមីភរិយា ដែល​ប្រាថ្នា​ក្លាយ​ខ្លួន​ជា​ឪពុកម្តាយ។
 
តើអ្នក​ជំនាញ​ពន្យល់​អំពី​​ផលវិបាក​នៃ​ការគ្មានកូន​ចំពោះ​សុខភាព​ផ្លូវចិត្ត​យ៉ាងណា ?
គេ​មិន​អាច​មើល​ស្រាល​​បញ្ហា​គ្មាន​កូន​បាន​ទេ។ គ្មានកូន​ដូច​ប្រាថ្នា ប្រៀប​ដូច​ជារស់ទូល​​សម្ពាធដ៏ធ្ងន់។ នៅក្នុង​ប្រទេស​ខ្លះ ស្ត្រី​អាច​ពរពោះ​ទើប​ហៅ​ថា​ស្រី។ បុរស​គ្មាន​កូន​មិន​សម​ជា​ប្រុស។ តាមច្បាប់​ធម្មជាតិ គូស្វាមី​ភរិយា​រួម​រស់​ជាមួយ​គ្នាត្រូវ​តែមានកូន បន្តពូជ តែបើ​រស់​យូរ​ឆ្នាំ​ហើយនៅ​​មិន​អាច​មានកូន នោះ​មិន​ហៅ​ថា​ជា​ប្តីប្រពន្ធទេ។ល និង​។ល។... ជា​លទ្ធផល ​បើ​តាម​អ្នក​ជំនាញ​អង្គការ​សុខភាពពិភពលោក ផ្នែកសុខភាពផ្លូវភេទ​និងបន្តពូជ អ្នក​គ្មាន​លទ្ធភាព​មានកូន ច្រើន​តែ​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត មាន​ជំងឺ​ថប់កង្វល់ និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ព្រមទាំង​អាច​ប្រឈម​នឹង​ហានិភ័យ​ជួប​អំពើ​ហិង្សា​ក្នុង​គ្រួសារទៀត។
 
សម្រាប់​លោក សាមៀ ហាម៉ាម៉ារ Samir Hamamah ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត និង​​ជីវវិទូ ផ្នែក​បន្តពូជ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ​ក្រុង​ម៉ុងពឺលីយ៉េរ ​ដែលរដ្ឋាភិបាល​បារាំង​បាន​ប្រគល់​បន្ទុក​ឱ្យ​សិក្សា​រកមូលហេតុ​នៃ​ភាព​អារ​របស់​មនុស្ស​ ចេញ​ផ្សាយកាលពី​ឆ្នាំ​២០២២ នៅពេល​មនុស្ស​ម្នាក់​គ្មាន​សមត្ថភាព​មានកូន ស្ត្រីឬ​បុរស​នោះ តែង​មាន​អារម្មណ៍​ខ្វល់​ខ្វាយ​ បាត់បង់​ទំនុកចិត្ត​លើ​ខ្លួន​ឯង និង​អាច​ធ្លាក់​ខ្លួន​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​។ សម្ពាធសង្គម​ជា​ដើមហេតុ​មួយ​អាច​​ជំរុញ​ឱ្យគូស្វាមីភរិយាខ្លះ​ដែល​ចង់​បានកូន ធ្លាក់​ក្នុង​វិបត្តិ​ផ្លូវ​ចិត្ត។ សំណួរ​តែមួយ​ម៉ាត់ ថា “មើល៎ ! ថ្ងៃណា​បានកូន” គ្រប់គ្រាន់​នឹង​ធ្វើ​ឱ្យ​ ​ស្ត្រីឬបុរសជា​ប្តីប្រពន្ធ​ចង់បាន​កូននោះ វិលវល់​សតិអារម្មណ៍ និង​ត្រូវ​ពេលវេលា​​ពីរ​បីថ្ងៃទម្រាំ​អាច​ធ្វើ​​ចិត្តបាន​ឡើង​វិញ។ ចុះតើ​មួយ​ថ្ងៃ មួយខែ មួយ​ឆ្នាំ គូស្វាមីភរិយានេះ​ត្រូវ​ជួប​នឹង​សំណួរ​បែ​បនេះ​ប៉ុន្មានដង ?!
 
នៅពេលកង្វល់​និង​ការព្រួយ​បារម្ភ ក្លាយ​ទៅ​ជា​​អារម្មណ៍​រអៀសនឹង​​ខ្លួន​ឯង​ឡើង​ដល់​កំរិត​ណាមួយ​ បុរសនិង​ស្ត្រី​ប្តីប្រពន្ធនោះ ​ចាប់មាន​និន្នាការ​​ឡើង​ទម្ងន់ ដែល​ជាបញ្ហា​ផ្តើម​មួយទៀត​នៃ​ជំងឺគ្មានកូន។ ធាត់​ជាកត្តាមួយ​ក្នុង​ចំណោមកត្តា​ជា​ច្រើន​នៃ​ការ​គ្មានកូន។ ដូច​ភាព​វិលវល់​ក្នុង​វដ្តសង្ខារ គេសង្កេត​ឃើញ​គូស្វាមីភរិយាអារ ​គ្មានសមត្ថភាព​មាន​កូន ​ច្រើន​តែមាន​រោគសញ្ញាធាត់​ជាប់​នឹង​ខ្លួន។
 
ផលវិបាក​មួយ​ទៀត នៃ​គូគ្មាន​កូន គឺ​ដោយរវល់​ខ្វល់​គិត​តែ​ចង់​បាន​កូន នៅទីបំផុត ពួកគេ​លែង​មាន​ជីវិត​ជា​ប្តីប្រពន្ធពិតៗ។ គូស្វាមីភរិយា​ ភាគ​ច្រើន ភ្លេច​រឿង​រួមរក្ស លែង​មានចំណង់​ការរួមភេទ ព្រោះ​តែ​ការ​រួមរក្ស​​​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ជំងឺអារ។ មាន​​មិនតិចករណី​ទេ ដែល​នៅពេល​មក​ជួបពេទ្យធ្វើ​តេស្ត​រកភាព​​អារ​​ហើយ ខាង​ប្តីឬ​ប្រពន្ធ​បែរ​ជា​បដិសេធ​​ទៅ​វិញ ដោយ​សំអាងថា​មិន​ទាន់​បាន​ត្រៀម​ខ្លួន។ ស្ថានភាពបែបនេះ អាច​ជំរុញ​ឱ្យ​ប្តីប្រពន្ធ​ឈាន​ដល់​ការ​លែងលះ និង​ងំ​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​រវាង​ប្តីនិង​ប្រពន្ធ​​ឡើង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ករណី​ខ្លះ គូ​គ្មានកូន​ចាំ​បាច់​ត្រូវ​រក​ការគាំទ្រ​ផ្នែក​ផ្លូវចិត្ត​ ពីគ្រូពេទ្យ​ចិត្តសាស្ត្រ ឬពី​ក្រុមគ្រួសារ និង​ត្រូវ​រួសរាន់​ស្វែង​រក​ដំណោះស្រាយ។ ជាទូទៅ គូស្វាមីភរិយា ច្រើន​សំងំ​និង​ចំណាយ​ពេល​ជា​មធ្យម​បួន​ឆ្នាំ​ ទម្រាំទម្លាយ​និង​ទៅ​រក​ជំនួយ​ដល់​ជីវិត​គូ​របស់ខ្លួន។
 
តើ​អ្វី​ទៅ​ជាមូលហេតុ​នាំ​អារ ?​
អារគ្មានកូន បើ​តាមនិយមន័យ​របស់​អង្គការ​សុខភាពពិភពលោក គឺ​ជា​ជំងឺពាក់ព័ន្ធ​នឹង​​ប្រព័ន្ធបន្ត​ពូជ​របស់​ស្ត្រី ឬ​បុរស ​ដែល​សម្គាល់​ដោយ​អសមត្ថភាព​ក្នុង​ការបង្ក​កំណើត​កូន ក្រោយ​ពី​​បាន​រួម​រក្សដោយ​គ្មានការពារ​​ និង​យ៉ាង​ទៀងទាត់​តាម​គន្លង​ជីវិត​​ប្តីប្រពន្ធ​ រយៈ​ពេល​យ៉ាង​ហោច​១២​ខែជាប់​គ្នា។
 
កាលពី​ជាង​៣០ឆ្នាំមុន នៅពេល​គ្មានកូន​ គេតែង​បន្ទោសនិង​​ទម្លាក់​កំហុស​ជា​ស្វ័យប្រវត្តិ​ទៅ​លើ​ភាគី​ខាង​ស្រី។ ដោយ​ជំរុញ​ឱ្យ​បុរសប្តូរ​ប្រពន្ធ ​ឬ​រក​ស្រី​ថ្មី​ដើម្បី​បាន​កូន​បន្តពូជ​។ ប៉ុន្តែឥលូវ​នេះ​ គេ​បាន​ដឹង​ច្បាស់​ថា បុរស ក៏​អាចជា​ដើម​ហេតុ​នៃ​ការ​គ្មានកូន​ដូចស្ត្រី​ដែរ គ្រាន់​តែ​​ភាគី​បុរសខ្លះនៅបន្ត​​ងប់​ បដិសេធ មិនទទួលស្គាល់ការពិត​ថា​ខ្លួន​ជា​ដើម​ហេតុ​នៃ​ការ​គ្មានកូន​តែ​ប៉ុណ្ណោះ។ តាមវិទ្យាសាស្ត្រ​ មួយភាគបីនៃ​ករណីគ្មានកូន បណ្តាលមក​ពី​ស្ត្រី មួយភាគបី​ទៀត គឺ​បណ្តាលមកពី​បុរស និង​មួយភាគ​ចុងក្រោយ មកពី​ទាំង​សងខាង ឬ​ដោយ​គ្មាន​មូលហេតុ​អាច​ពន្យល់​បាន។
 
​ថ្វីបើ​នៅក្នុង​របាយការណ៍ថ្មីនេះ ​​អង្គការសុខភាពពិភពលោក មិន​បាន​ផ្តោត​ការ​សិក្សា​ទៅ​លើ​មូលហេតុ​ដែល​នាំ​ស្ត្រី​និង​បុរសបច្ចុប្បន្ន​ ចុះ​ថយ​ឬ​គ្មាន​សមត្ថភាព​បង្កកំណើត​មែន ប៉ុន្តែ​អាយុ​អាច​ចាត់​ទុក​ជាដើម​ហេតុ​ចម្បង។ ក្មេង​ជំនាន់​នេះ ក្រ​គិត​គូរ​យក​កូនណាស់។ នៅឆ្នាំ​២០១៩ ស្ត្រី​ចាប់​មានកូន​ដំបូង នៅ​​អាយុ២៩ឆ្នាំ ជា​មធ្យម​ ទល់​នឹង​២៤​ឆ្នាំ​កាលពី​ឆ្នាំ​១៩៧៥។ ហើយតាម​ច្បាប់​ធម្មជាតិ ​ លទ្ធភាព​បង្កកំណើត​របស់​មនុស្ស​ស្រី ត្រូវ​ផ្តើម​​ថយ​ជា​លំដាប់ ចាប់​ពីអាយុ៣០ឆ្នាំទៅ។
 
ក្រៅ​ពី​កត្តាអាយុ របៀបរបប​រស់​នៅបែប​ថ្មី ដែល​និយម​ភាព​ស្រណុក មិន​បញ្ចេញ​កម្លាំងកាយ ចូលចិត្ត​​ស៊ីផឹកគ្រឿង​ស្រវឹង (ស្រា-ប៊ីយែរ) ជក់បារី ធាត់ ... ក៏​ជា​កត្តា​រួមចំណែកមិន​ឱ្យ​មាន​កូន​ដែរ ព្រោះ​កត្តាទាំងនេះ ប៉ះពាល់​ខ្លាំង​ណាស់​ដល់​មេជីវិត​បុរសស្ពែម៉ាតូហ្សូអ៊ីត និង​សមត្ថភាព​ពរពោះ​របស់​ស្ត្រី។ តាំងពី​ជាង​៣០ឆ្នាំ​ចុងក្រោយមកនេះ គេ​សង្កេតឃើញ​សមត្ថភាព​បង្កកំណើត​បុរ​ស​បាន​ធ្លាក់​ចុះ​ ជា​ទូទៅ​នៅទាំង​ពិភពលោក គួរ​ឱ្យ​ព្រួយ​បារម្ភ។ ​​​ស្ពែរម៉ាតូហ្សូអ៊ីត មេជីវិត​របស់​បុរស បាន​ថយ​ ទាំង​បរិមាណ​និង​គុណភាពអស់​ជាង​៥០%។
 
បន្ទាប់​មកទៀត គឺ​បញ្ហា​បរិស្ថាន ដែលពោរពេញ​ទៅ​ដោយ​សារធាតុ​ពុល​ប៉ះពាល់​ដល់​ប្រព័ន្ធអ័រមូន​លូតលាស់​យ៉ាង​ខ្លាំង។ ជាតិពុល​ប៉ះពាល់ដល់​ប្រព័ន្ធ​លូតលាស់ មាន​នៅគ្រប់​ទិសទី ដូច​ជា​នៅក្នុង ថ្នាំ​លាប​ជញ្ជាំងផ្ទះ ក្នុង​ផលិតផល​សំអាង គ្រឿង​ម៉ាគីយេ នៅក្នុង​ចំណីអាហារ។ អ៊ីចឹង​បាន​ជា​គ្មាននរណាម្នាក់​អាច​គេចរួច​ទេ។ បើ​តាមការ​សិក្សា​អាមេរិក មាន​តែពលរដ្ឋ​មួយ​​ក្រុមគត់​ដែលហាក់​​គេច​រួច​ពី​បរិស្ថាន​ពុល គឺ​​អ្នករស់នៅជា​ក្រុម ដាច់​ស្រយាល​ គ្មាន​ឬ​មាន​ទំនាក់ទំនង​នឹង​ពិភពខាងក្រៅ​​យ៉ាង​តិច​តួច​បំផុត។ ដូច្នេះ​ បើ​ចង់​បំបាត់​កត្តា​មួយ​នេះ ត្រូវ​តែមានការ​ប្តូរ​ផ្លាស់នៅក្នុង​​សង្គម ក្នុង​របៀប​របប​រស់​នៅប្រចាំ​ថ្ងៃ ​ទើប​អាច​ប្តូរ​ផ្លាស់​​បរិស្ថានឱ្យ​ប្រសើរ​ឡើង​វិញ​។ តែ​និន្នាការ​បច្ចុប្បន្ន​មាន​តែ​អាក្រក់​ទៅៗ​ប៉ុណ្ណោះ។ អ្នក​ស្រាវជ្រាវ​​អាមេរិក​ព្យាករ​ថា យ៉ាង​យូរ​នៅឆ្នាំ​២០៥០ គូស្វាមី​ភរិយា​ភាគ​ច្រើនត្រូវពឹង​លើវិធី​​បង្កកំណើតក្រៅស្បូន ដើម្បី​បាន​កូន។
 
កត្តា​បរិស្ថាន សុខភាព និង​សង្គម​ បាន​ធ្វើ​ឱ្យ​មាន​កំណើន​ជំងឺ​អត់កូន ប្រមាណ​ ០,៣-០,៤% ក្នុង​មួយ​ឆ្នាំ។ ជាមួយ​តួលេខ​នេះ ​អារគឺ​ជាតំណាង​​បញ្ហា​សុខភាព​សាធារណៈ​ពិតៗផង ​ជាតំណាង​នៃ​​ការ​គំរាមកំហែង​មនុស្សជាតិ​ទៀត។ សម្រាប់លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សាមៀ ហាម៉ាម៉ារ បើជំងឺអត់​កូន​នៅ​តែបន្តកើនឡើង​ជា​លំដាប់​ដូច្នេះ មនុស្សជាតិអាច​នឹង​ត្រូវ​ផុត​ពូជ នៅ​២សតវត្សរ៍​ទៀត បើ​ជា​​​ការព្យាករណ៍​ប្រកប​ដោយ​សុទិដ្ឋនិយម តែ​បើ​​មាន​ទុទ្ទិដ្ឋនិយមខ្លាំងវិញ​​គឺ​​ត្រឹម​តែ​មួយ​សតវត្សរ៍​កន្លះទេ​ ព្រោះ​ដើម្បី​ឱ្យ​សង្គមជាតិ​មួយ​អាច​នៅគង់វង្ស​ស្ថិតស្ថេរ​បាន​ គ្រួសារមួយ​ត្រូវ​មាន​អ្នក​បន្តពូជ (មាន​កូន) ជា​មធ្យម ២,៦នាក់។ តែ​ពេលនេះ ស្ត្រីបារាំង​ម្នាក់​បង្កើតកូន​ជា​មធ្យម​តែ​១,៨៣នាក់ ស្ត្រីអ៊ីតាលី អេស្បាញ​ឬ​ព័រទុយហ្កាល់ មានកូន​ជា​មធ្យម​ ១,៣នាក់។ ហើយ​កាន់​តែ​គួរ​ព្រឺក្បាល​ទៀត គឺ​ចិន​អាច​នឹង​បាត់​បង់​ប្រជាជន​អស់​ពាក់កណ្តាល នៅ​រវាង ពី៤០ទៅ​៥០ឆ្នាំ​ទៀត​ខាង​មុខ។ នេះ​បើ​តាម​ទស្សនៈ​របស់​ជីវវិទូ​បារាំង សាមៀ ហាម៉ាម៉ារដដែល៕

Tag:
 (នាទីសុខភាពនិងអនាម័យ)
© រក្សាសិទ្ធិដោយ thmeythmey.com