សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រមុខUN អំពាវនាវឱ្យមានការកសាងទំនុកចិត្ត និងក្តីសង្ឃឹមឡើងវិញ នៅឆ្នាំ២០២៤
29, Dec 2023 , 5:40 pm        
រូបភាព
ក្មេងៗ​រង់ចាំ​ជំនួយ​ស្បៀងអាហារ​នៅ​ទីក្រុង Rafah ភាគ​ខាង​ត្បូង​នៃ​តំបន់កាហ្សា ។ រូបភាព ៖ Xinhua
ក្មេងៗ​រង់ចាំ​ជំនួយ​ស្បៀងអាហារ​នៅ​ទីក្រុង Rafah ភាគ​ខាង​ត្បូង​នៃ​តំបន់កាហ្សា ។ រូបភាព ៖ Xinhua
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនី ហ្គូតេរ៉េស នៅថ្ងៃទី២៨ ខែធ្នូ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិរក្សាស្មារតីនៃសាមគ្គីភាពដើម្បីឱ្យឆ្នាំ ២០២៤ ក្លាយជាឆ្នាំនៃការកសាងទំនុកចិត្ត និងក្តីសង្ឃឹមឡើងវិញ បន្ទាប់ពីពិភពលោកបានជួបប្រទះការឈឺចាប់ អំពើហិង្សា និងអស្ថិរភាពក្នុងឆ្នាំ២០២៣។

ក្នុងសារសម្រាប់ឆ្នាំថ្មី នៅថ្ងៃទី២៨ ខែធ្នូ អគ្គលេខាធិការ UN បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យលើកកម្ពស់ស្មារតីនៃសាមគ្គីភាព ដើម្បីធ្វើឱ្យឆ្នាំ២០២៤ ជាឆ្នាំនៃការកសាងទំនុកចិត្ត និងក្តីសង្ឃឹមឡើងវិញ ក្រោយពីលោកបានឆ្លងកាត់ឆ្នាំ ២០២៣ ដែលមានការឈឺចាប់ដោយអំពើហិង្សា និងអស្ថិរភាព។
 
លោក អាន់តូនី ហ្គូតេរ៉េស បាននិយាយថា ៖« មនុស្សជាតិគឺខ្លាំងបំផុតនៅពេលដែលយើងឈរជាមួយគ្នា។ ឆ្នាំ២០២៤ ត្រូវតែជាឆ្នាំដើម្បីកសាងទំនុកចិត្តឡើងវិញ និងស្តារក្តីសង្ឃឹមឡើងវិញ»។
 
បើតាមប្រមុខ UN នៅឆ្នាំ ២០២៣ ជាឆ្នាំដែលស្ថិតនៅបរិបទនៃជម្លោះដែលបានសម្លាប់ជនស៊ីវិលរាប់ម៉ឺននាក់រួមទាំងស្ត្រីនិងកុមារជាច្រើន សង្គ្រាមកំពុងកើនឡើង មនុស្សរាប់លាននាក់ត្រូវចាកចេញពីផ្ទះដែលប្រឈមនឹងភាពអត់ឃ្លាន និងជំងឺ។ មិនតែប៉ុណ្ណោ លោក ហ្គូតេរ៉េស បានបន្ថែមថា  សីតុណ្ហភាពផែនដីបានកើនឡើងដល់កម្រិតកំណត់ត្រា ហើយការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរទៅៗ។
 
អគ្គលេខាធិការអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ៖« យើងត្រូវតែធ្វើការរួមគ្នា ដើម្បីយកឈ្នះលើការបែកបាក់គ្នា ដើម្បីស្វែងរកដំណោះស្រាយរួមសម្រាប់សកម្មភាពអាកាសធាតុ សម្រាប់ឱកាសសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុសកលដ៏យុត្តិធម៌ និងសម្រាប់មនុស្សគ្រប់គ្នា»។
 
ដើម្បីដោះស្រាយការរើសអើង និងការប្រឈមមុខដាក់គ្នារវាងប្រទេស និងសហគមន៍ លោក ហ្គូតេរ៉េស បានលើកឡើងពីសារៈសំខាន់នៃបច្ចេកវិទ្យាថ្មីៗដូចជា បញ្ញាសិប្បនិម្មិត (AI) ដើរតួនាទីយ៉ាងសំខាន់។
 
សារលិខិតចុងក្រោយនៃការជូនពរឆ្នាំថ្មីរបស់លោក ហ្គូតេរ៉េស បានបញ្ជាក់ថា អង្គការសហប្រជាជាតិដែលជាអង្គការពហុភាគីដ៏ធំបំផុតនៅលើភពផែនដី នឹងបន្តប្រមូលផ្តុំពិភពលោកដើម្បីសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសិទ្ធិមនុស្ស៕

Tag:
 UN
  អាន់តូនី ហ្គូតេរ៉េស
© រក្សាសិទ្ធិដោយ thmeythmey.com