អន្តរជាតិ
បក្សឆ្ពោះទៅមុខ ច្រានចោលការចោទប្រកាន់ចំពោះការគាំទ្រចលនានយោបាយប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា
29, Dec 2023 , 5:28 pm        
រូបភាព
រូបភាពX_MFP
រូបភាពX_MFP
បក្សឆ្ពោះទៅមុខ (MFP) ដែលជាបក្សប្រឆាំងដ៏សំខាន់មួយនៅថៃ នៅថ្ងៃទី២៨ ខែធ្នូ បានច្រានចោលការចោទប្រកាន់ពីបក្សនយោបាយមួយចំនួន ដែលថា បក្សឆ្ពោះទៅមុខ បានផ្តល់សកម្មភាពគាំទ្រ និងបណ្តុះបណ្តាលចលនានយោបាយខុសច្បាប់ និងយកប្រទេសថៃជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។ បើតាមបក្សឆ្ពោះទៅមុខ ខ្លួនមិនមានកិច្ចសហប្រតិបត្តិការជាមួយបក្សនយោបាយណាមួយ ក្នុងលក្ខណៈទ្វេភាគីឡើយ។

 
កន្លងមក បក្សនយោបាយនៅកម្ពុជាមួយចំនួន បានដាក់សំណើតាមរយៈស្ថានទូតថៃ ដោយស្នើឱ្យលោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ ត្រួតពិនិត្យលើសកម្មភាពរបស់បក្សឆ្ពោះទៅមុខ ដែលបានផ្តល់សកម្មភាពគាំទ្រ បណ្តុះបណ្តាលចលនានយោបាយខុសច្បាប់ និងយកទីតាំងថៃជាកន្លែងអប់រំផ្នែកនយោបាយប្រឆាំងរដ្ឋាភិបាលកម្ពុជា។ 
 
ក្រោយសំណើខាងលើ បក្សឆ្ពោះទៅមុខ បានច្រានចោលការចោទប្រកាន់នោះ និងអះអាងថា ខ្លួនមិនធ្លាប់រៀបចំ ឬគាំទ្រសកម្មភាពពាក់ព័ន្ធនឹងបក្សនយោបាយនៅកម្ពុជាឡើយ។ 
 
«បក្សឆ្ពោះទៅមុខ មិនធ្លាប់រៀបចំ ឬគាំទ្រសកម្មភាព ដែលពាក់ព័ន្ធនឹងក្រុមនយោបាយនៅកម្ពុជាឡើយ»។ បក្សឆ្ពោះទៅមុខ បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចេញនៅថ្ងៃទី ២៨ ខែធ្នូ ដោយបន្តថា ខ្លួនធ្លាប់មានទំនាក់ទំនងជាមួយបក្សនយោបាយជាច្រើននៅជុំវិញពិភពលោក តាមរយៈការចែករំលែកទស្សនៈ ​និងបទពិសោធន៍ពាក់ព័ន្ធប្រជាធិបតេយ្យ និងបញ្ហានយោបាយ។ 
 
ត្រង់ចំណុចនេះ បក្សប្រឆាំងដ៏សំខាន់ដដែល បានបន្តថា បក្សនយោបាយរបស់ខ្លួនគ្មានទំនាក់ទំនង ឬកិច្ចព្រមព្រៀងទ្វេភាគី ជាមួយក្រុមនយោបាយបរទេសណាមួយឡើយ។ បើតាមបក្សឆ្ពោះមុខ កន្លងមក ខ្លួនមានកិច្ចសហប្រតិបត្តិការក្នុងទម្រង់ពហុភាគីប៉ុណ្ណោះ ក្នុងនោះមានដូចជា Network for Social Democracy in Asia-Pacific (SocDem Asia Pacific) ជាដើម។ 
 
មិនតែប៉ុណ្ណោះ បក្សឆ្ពោះទៅមុខ ក៏មិនដឹងពីមូលហេតុបង្កឱ្យមានពាក្យបណ្តឹងពីបក្សនយោបាយនៅកម្ពុជាមួយចំនួនដែរ។ ប៉ុន្តែ បក្សប្រឆាំងមួយនេះ បានបញ្ជាក់ថា កន្លងមក ក្រុមគាំទ្រសិទ្ធិពលករកម្ពុជា បានបំពេញទស្សនកិច្ចនៅស្នាក់កណ្តាលរបស់ខ្លួន ហើយទស្សនកិច្ចនោះ ត្រូវបានបង្ហោះលើបណ្តាញសង្គម។ 
 
តាមបណ្តាញសង្គម​ X បក្សឆ្ពោះទៅមុខ ក៏បានបញ្ជាក់ផងដែរថា ជំនួបជាមួយក្រុមគាំទ្រសិទ្ធិពលករកម្ពុជា ធ្វើឡើងក្នុងពេលបក្សរបស់ខ្លួនបង្ហាញក្រុមដំណើរការសន្តិសុខសង្គម ដែលត្រូវបានរៀបចំឡើង ដើម្បីបេក្ខភាពនៅក្នុងបោះឆ្នោតសម្រាប់កៅអីក្រុមប្រឹក្សាមូលនិធិសន្តិសុខសង្គម ក្នុងពេលថ្មីៗនេះ៕ 

Tag:
 (កម្ពុជា
  ថៃ)
© រក្សាសិទ្ធិដោយ thmeythmey.com