អន្តរជាតិ
ចិន តែងតាំងអតីតមេទ័ពជើងទឹក ជារដ្ឋមន្រ្តីការពារជាតិថ្មី
30, Dec 2023 , 10:46 am        
រូបភាព
នាយឧត្តមនាវី តុង ជុន រដ្ឋមន្រ្តីការពារជាតិចិន។
នាយឧត្តមនាវី តុង ជុន រដ្ឋមន្រ្តីការពារជាតិចិន។
អតីតមេទ័ពជើងទឹកចិន នាយឧត្តមនាវី តុង ជុន (Dong Jun) ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិថ្មី ដោយបំពេញកន្លែងដ៏សំខាន់ក្នុងជួររដ្ឋាភិបាលក្រោយការបញ្ចប់តំណែងរដ្ឋមន្រ្តីចាស់ លី សាងហ្វូ (Li Shangfu) កាលពីខែតុលា។

បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua លោកឧត្តមនាវី តុង ជុន អាយុ៦២ឆ្នាំ ត្រូវបានតែងតាំងនៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនដែលទើបបញ្ចប់សម័យប្រជុំរបស់ខ្លួន។
 
តំណែងរដ្ឋមន្រ្តីការពារជាតិចិន ស្ថិតនៅទំនេរតាំងពីខែតុលា បន្ទាប់ពីលោក លី សាងហ្វូ ត្រូវបានដកតំណែង។ ខណៈរដ្ឋាភិបាលប៉េកាំងមិនបញ្ជាក់មូលហេតុ លោក លី ដែលបាត់មុខជាច្រើនសប្ដាហ៍មុនការប្រកាសដកតំណែង ទំនងស្ថិតក្រោមការស៊ើបអង្កេតជុំវិញករណីពុករលួយក្នុងជួរយោធា។
 
លោក តុង ជាអតីតមេបញ្ជាការកងទ័ពជើងទឹកចិន ដែលទើបត្រូវបានផ្លាស់ប្ដូរតំណែងថ្មីៗនេះដែរ។ លោកធ្លាប់កាន់ការងារជាមេបញ្ជាការរងនៃកងនាវាចរសមុទ្រខាងកើតចំណុះទីបញ្ជាការភូមិភាគខាងកើត ដែលជាកម្លាំងសំខាន់ក្នុងការប្រយុទ្ធដណ្ដើមកោះតៃវ៉ាន់។ លោកក៏បានបម្រើការជាមេបញ្ជាការរងនៃបញ្ជាដ្ឋានការភូមិភាគខាងត្បូងដែលធ្វើប្រតិបត្តិការនៅក្នុងសមុទ្រចិនខាងត្បូង ទីដែលចិនមានជម្លោះជាមួយប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ថែមទៀត។
 
បទពិសោធលើបញ្ហាក្ដៅទាំង២នេះ នឹងជួយលោក តុង ក្នុងការងារជាប្រមុខការពារជាតិចិនមិនខាន។ នេះក៏ព្រោះរដ្ឋមន្រ្តីការពារជាតិចិន ត្រូវជជែកតទល់ជាមួយសមភាគីចិនដើម្បីកាត់បន្ថយហានិភ័យនៃជម្លោះលើកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។ 
 
នៅចិន រដ្ឋមន្រ្តីការពារជាតិ ទទួលបន្ទុកលើកិច្ចការសាធារណៈ ឬការងារការទូតផ្នែកយោធា និងមិនកាន់កាប់អំណាចបញ្ជាទ័ពឡើយ ដោយអំណាចនេះស្ថិតក្រោមរចនាសម្ព័ន្ធគណៈយោធាមជ្ឈិមដែលមានប្រធានាធិបតី ស៊ី ជិនភីង ជាប្រធាន។
 
ការតែងតាំងលោក តុង ជារដ្ឋមន្ត្រីការពារជាតិថ្មីនេះ ក៏នាំឱ្យមានការភ្ញាក់ផ្អើលដែរ។ កន្លងមក អ្នកដែលត្រូវជំនួសលោក លី សាងហ្វូ ដែលត្រូវដកតំណែងនោះ ត្រូវរំពឹងថា ជាប្រធានសេនាធិការចម្រុះគណៈយោធាមជ្ឈិម លោក លី ចិនលី ឯណោះទេ។ លោក លី ចិនលី ទើបជជែកតាមទូរស័ព្ទលើកដំបូងជាមួយសមភាគីអាម៉េរិកកាលពីសប្ដាហ៍មុន៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com