ជាតិ
ប្រតិបត្តិករទេសចរណ៍សៀមរាបអាចខ្ចីលុយរដ្ឋបាន៦០ម៉ឺនដុល្លារជាមួយអត្រាការប្រាក់ប្រចាំឆ្នាំ ៦.៥០ភាគរយ
30, Dec 2023 , 11:39 am        
រូបភាព
សិក្ខសាលា និងសន្និសីទសារព័ត៌មានស្ដីពីកម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប។ រូបភាពផ្ដល់ដោយលោក ឃុត សៅ
សិក្ខសាលា និងសន្និសីទសារព័ត៌មានស្ដីពីកម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប។ រូបភាពផ្ដល់ដោយលោក ឃុត សៅ
សៀមរាប៖ រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា៥០លានដុល្លារ ដើម្បីជួយស្ដារវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប។ ជាមួយនឹងកញ្ចប់នេះ ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប អាចខ្ចីប្រើប្រាស់បានរហូតដល់៦០ម៉ឺនដុល្លារ ជាមួយនឹងអត្រាការប្រាក់៦.៥០ភាគរយ។

សិក្ខាសាលា និងសន្និសីទសារព័ត៌មានស្ដីពី កម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍​នៅខេត្តសៀមរាប ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី២៩ ធ្នូ ដោយមានចូលរួមពីអ្នកពាក់ព័ន្ធ​ជាច្រើនរូប។ ថ្លែងនាពិធីនៅពេលនោះ លោក លឹម អូន អគ្គនាយកធនាគារសហគ្រានធុនតូច និងមធ្យម កម្មវិធីកម្ចីនេះ ផ្តោតសំខាន់ដល់សហគ្រាសវិស័យគោលដៅក្នុងខេត្តសៀមរាប ដែលបម្រើសេវាកម្មដោយផ្ទាល់ជូនភ្ញៀវទេសចរ រួមមាន សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន អាជីវកម្មផលិត ឬលក់វត្ថុអនុស្សាវរីយ៍ ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ សេវាដឹកជញ្ជូនភ្ញៀវ ។ល។ លោក លឹម អូន បញ្ជាក់ថា ម្ចាស់សហគ្រាស ឬអាជីវកម្ម អាចស្នើសុំហិរញ្ញប្បទានរហូតដល់៦០០ ពាន់ដុល្លារអាមេរិក ឬ៦០ម៉ឺនដុល្លារ ជាមួយនឹងអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ ៦.៥០ភាគរយ។
 
ដោយមើលឃើញថា ចំណូលវិស័យទេសចរណ៍របស់កម្ពុជាមានសន្ទុះយឺតនៅឡើយ ទើបរាជរដ្ឋាភិបាល បានសម្រេចទម្លាក់កញ្ចប់ថវិកាជាបឋម៥០លានដុល្លារដល់ខេត្តសៀមរាប ជាមួយអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះប្រសើរ ដែលអាចឱ្យប្រតិបត្តិករទេសចរណ៍ អាចទទួលបានហិរញ្ញប្បទាន​ខាងលើនេះ ដោយងាយស្រួល។ នេះជាការលើកឡើងរបស់លោក លឹម អូន ដោយបន្ថែមថា «រយៈពេលអនុគ្រោះបង់ប្រាក់ដើមរហូតដល់ ២៤ខែ​ មិនគិតថ្លៃសោហ៊ុយរៀបចំឥណទាន និងមិនមានពិន័យចំពោះការសងត្រឡប់មុនកាលកំណត់ ព្រមទាំងផ្តល់នូវលក្ខខណ្ឌនៃការអនុម័ត​ប្រាក់កម្ចីមានភាពទន់ភ្លន់ជាងឥណទានធម្មតា»។
 
លោក លឹម អូន មានសុទិដ្ឋិនិយមថា កម្មវិធីកម្ចីនេះនឹងរួមចំណែកដល់ការស្ដារ និងជំរុញកំណើន វិស័យទេសចរណ៍ខេត្តសៀមរាប ឱ្យត្រឡប់មកភាពល្អប្រសើរឡើងវិញប្រកបដោយចីរភាព និងបរិយាប័ន្ន។ 
 
នាឱកាសនោះដែរ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ខេត្តសៀមរាប លោកស្រី ឆាយ ស៊ីវលីន លើកឡើងថា នេះជាកញ្ចប់ថវិកាលើកទី២ហើយ ដែលរាជរដ្ឋាភិបាលបានទម្លាក់ដើម្បីជួយស្ដារ វិស័យទេសចរណ៍នៅកម្ពុជា។ លោកស្រីបញ្ជាក់ថា កញ្ចប់លើកទី១សរុប២៥០លានដុល្លារ ផ្តោតជាទូទៅសម្រាប់ខេត្តរាជធានីដែលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ហើយពេលនោះ ខេត្តសៀមរាបមានលទ្ធភាពស្នើកម្ចីហិរញ្ញប្បទានបានតិចតួច។
 
លោកស្រី ឆាយ ស៊ីវលីន បន្ថែមថា ដោយមានការស្នើសុំពីសមាគម ក៏ដូចជាការយកចិត្តទុកដាក់ពី​ក្រសួងទេសចរណ៍ផងនោះ រាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាដោយឡែកសម្រាប់តែខេត្តសៀមរាប ដែលលោកស្រីមានក្ដីរំពឹងថា ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបនឹងទទួលបានអត្ថប្រយោជន៍ច្រើន ពីកម្ចីមួយនេះ ជាមួយនឹងលក្ខខណ្ឌមិនមានភាពស្មុគស្មាញ៕
 
គួរបញ្ជាក់ថា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ រាជរដ្ឋាភិបាល និងទទួលបានអាជ្ញាបណ្ណប្រតិបត្តិការ​ជាធនាគារពាណិជ្ជ​នៅឆ្នាំ២០២០។ ធនាគារនេះ ស្ថិតនៅក្រោម ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការត្រួតពិនិត្យរបស់ធនាគារជាតិ នៃ កម្ពុជា។​រយៈពេលជាង៣ឆ្នាំមកនេះ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បាន និងកំពុងផ្តល់ហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះ ដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ៣ ២០០ សហគ្រាស ដែលស្មើនឹងសមតុល្យឥណទានសរុបប្រមាណ ២២០ លានដុល្លារអាមេរិក៕
 
 
 

Tag:
 កម្ចីលើវិស័យទេសចរណ៍
  ការស្ដារវិស័យទេសចរណ៍ខេត្តសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com