អន្តរជាតិ
ឥណ្ឌូណេស៊ី យកពន្ធបន្ថែមលើបារីអេឡិចត្រូនិកចាប់ពីឆ្នាំ២០២៤
30, Dec 2023 , 12:09 pm        
រូបភាព
ក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី បានប្រកាសពីការយកពន្ធបន្ថែមទៀតលើបារីអេឡិចត្រូនិកចាប់ពីថ្ងៃទី១ ខែមករា។ បច្ចុប្បន្ន ប្រទេសនេះ ដាក់ពន្ធខ្ពស់ស្រាប់ហើយលើទំនិញបែបនេះដើម្បីជួយទប់ស្កាត់ការជក់បារីក្នុងប្រទេស។

ជាប្រទេសមានសេដ្ឋកិចធំជាងគេនៅអាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី ក៏ជាប់ឈ្មោះជាប្រទេសមានអត្រាអ្នកជក់បារីច្រើនជាងគេមួយដែរលើពិភពលោក។ ប្រទេសនេះ យកពន្ធបារីជាយូរមកហើយ ដោយដាក់ពន្ធលើផលិតផលបារី៥៧ភាគរយឯណោះ។
 
ក្នុងសេចក្ដីថ្លែងការណ៍ចេញថ្ងៃទី៣០ ខែធ្នូ ក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីបញ្ជាក់ពីការកំណត់ពន្ធអាករបន្ថែម១០ភាគរយទៀតសម្រាប់បារីអេឡិចត្រូនិក។
 
ក្រសួងដដែលបន្តថា ការប្រើប្រាស់បារីអេឡិចត្រូនិចរយៈពេលយូរ ប៉ះពាល់ដល់សុខភាពរបស់មនុស្ស ហើយការបន្ថែមពន្ធលើបារីអេឡិចត្រូនិចពេលនេះ ជារឿងចាំបាច់ផងដែរដើម្បីឱ្យស្មើគ្នាជាមួយការកំណត់ពន្ធលើបារីធម្មតា។
 
យ៉ាងណាមិញ ក្រុមអ្នកផលិត និងអតិថិជនបារីអេឡិចត្រូនិក បានរិះគន់លើកង្វះការពិភាក្សា និងពេលវេលានៃការអនុវត្តពន្ធ ដ្បិតពន្ធគយសម្រាប់ផលិតផលនេះ នឹងកើនឡើងនៅឆ្នាំក្រោយដូចគ្នាដែរ។ក្រុមមួយ​នេះ​ ក៏​នឹង​ពិចារណា​ប្ដឹងទៅ​តុលាការ​ដើម្បី​ជំទាស់​នឹង​ការ​យក​ពន្ធ ​ប្រសិន​បើ​រដ្ឋាភិបាល​បន្ត​អនុវត្តនោះ៕
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com