ជាតិ
ឆ្លងឆ្នាំសកល៖ ក្រៅពីប្រាសាទ តើទេសចរអាចទៅដើរលេងឯណាខ្លះ ក្នុងក្រុងសៀមរាប?
30, Dec 2023 , 2:39 pm        
រូបភាព
 រូបភាពកាត់បញ្ចូលគ្នា នូវទីតាំងទេសចរណ៍មួយចំនួនក្នុងក្រុងសៀមរាប។
រូបភាពកាត់បញ្ចូលគ្នា នូវទីតាំងទេសចរណ៍មួយចំនួនក្នុងក្រុងសៀមរាប។
សៀមរាប៖ នាឱកាសឆ្លងឆ្នាំសកល ជាពេលវេលាមួយ ដែលពលរដ្ឋបានសម្រាកពីការងារ ឯខ្លះក៏បានធ្វើដំណើរដើរកម្សាន្ត ទៅតាមទីតាំងទេសចរណ៍សក្ដានុពលមួយចំនួន ដូចជារាជធានីភ្នំពេញ,​ព្រះសីហនុ និងខេត្តសៀមរាបជាដើម។


ប្រសិនប្រិយមិត្តមានគម្រោងមកទេសចរណខេត្តសៀមរាប តែមិនទាន់ដឹងទៅកម្សាន្តឯណាខ្លះនៅឡើយ សារព័ត៌មានឌីជីថលថ្មីៗ នឹងលើកយកទីតាំងទេសចរណ៍ក្នុងក្រុងសៀមរាបខ្លះៗ ក្រៅតំបន់ប្រាសាទ សម្រាប់ដំណើរកម្សាន្តមកកាន់ខេត្តសៀមរាប៖ 

សួនរុក្ខជាតិអង្គរ (Angkor Botanical garden)


សួនរុក្ខជាតិអង្គរ។ 

សួនរុក្ខជាតិអង្គរ មានចម្ងាយជាង៣គីឡូម៉ែត្រប៉ុណ្ណោះពីទីប្រជុំជនសៀមរាប ស្ថិតនៅតាមបណ្ដោយផ្លូវស្ថិតនៅតាមបណ្តោយរុក្ខវិថីព្រះសីហនុ (ហ្សាលដឺហ្គោល Charles De Gaulle ) ជិតបុរីប្រិមប្រិយ ទល់មុខសាលាបឋមសិក្សាអនុវត្តន៍គរុកោសល្យ។ 
 
«សួនរុក្ខជាតិអង្គរ» ជារមណីយដ្ឋានកែច្នៃមួយ ក្នុងក្រុងសៀមរាប ដែល​មានរុក្ខជាតិជាង៥០០ប្រភេទ ​និងសត្វជាច្រើនប្រភេទ​ដែរ។ ផ្កា ស្មៅ ​ឈើហូបផ្លែ សត្វ និងបន្លែចម្រុះពូជជាច្រើន ត្រូវបានដាំជា៥ផ្នែកផ្សេងគ្នា សម្រាប់ទទួលទេសចរ។ សួន«រុក្ខជាតិអង្គរ» ដែលមានទំហំ ជាង ១៥ហិកតានេះ នឹងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយ បន្ថែមលើគោលដៅប្រាង្គប្រាសាទ ក្នុងខេត្តសៀមរាប។ 
 
ទៅកាន់ទីតាំងនេះ ទេសចរមិនត្រឹមបានទស្សនាពីពពួករុក្ខជាតិ ផ្កា ដើមឈើតូចធំ ច្រើនចម្រុះពណ៌ប៉ុណ្ណោះទេ ទីនេះក៏មានហាងកាហ្វេ កន្លែងបាញ់ព្រួញ និងទីតាំងថតរូបស្អាតៗផងដែរ។​
 
សារមន្ទីរព្រះនរោត្ដម សីហនុ-អង្គរ (Preah Norodom Sihanouk Angkor Museum)
  

សារមន្ទីរព្រះនរោត្ដម សីហនុ-អង្គរ។ 

សារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ ជាសារមន្ទីរតម្កល់វត្ថុបុរាណជាច្រើន ដែលបានពី​​កំ​ណាយ​ក្នុងតំបន់អង្គរ ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ សារមន្ទីរមួយនេះ មានចម្ងាយប្រមាណ៥គីឡូម៉ែត្រប៉ុណ្ណោះ ពីទីប្រជុំក្រុងសៀមរាប ជាប់នឹងសាលាខេត្តសៀមរាបតែម្ដង។ 
 
មិនត្រឹមតែបានឃើញវត្ថុសិល្បៈ បដិមា និងវត្ថុប្រើប្រាស់ កម្រៗជាច្រើនប៉ុណ្ណោះទេ ទេសចរក៏អាចសិក្សាឈ្វេងយល់ពីទីតាំងកំណាយ ប្រវត្តិសាស្ត្រ បដិមា វត្ថុប្រើប្រាស់ និងទំនៀមទម្លាប់មនុស្សជំនាន់មុន ដោយមគ្គទេសក៍សារមន្ទីរនេះផ្ទាល់។ 
 
នៅសារមន្ទីរព្រះនរោត្ដម សីហនុ-អង្គរ បើក​៦ថ្ងៃ ក្នុងមួយសប្តាហ៍ គឺ​ចាប់ពី​ថ្ងៃអង្គារ៍ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៨ និង៣០នាទីព្រឹក ដល់ម៉ោង៤ និង​៣០​នាទីរសៀល។ ចំពោះតម្លៃសំបុត្រ គឺមានតម្លៃ១ពាន់រៀល សម្រាប់ភ្ញៀវជាជនជាតិខ្មែរ និង​តម្លៃ ៣ដុល្លារ​សម្រាប់ភ្ញៀវបរទេស។ 
 
ជាមួយគ្នានេះ សម្រាប់កុមារអាយុក្រោម១២ឆ្នាំ ព្រះសង្ឈ និងកងកម្លាំងប្រដាប់អាវុធ ការចូលទស្សនាសារមន្ទីរ មិនត្រូវបានគិតថ្លៃនោះឡើយ និងមិនគិតថ្លៃសម្រាប់ភ្ញៀវខ្មែរ នៅរៀងរាល់ថ្ងៃសៅរ៍ នៃដើមខែនីមួយៗ។ 
 
សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី (MGC Asian Traditional Textiles Museum)

សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី។ 

សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី ជាសារមន្ទីរមួយ ដែលដាក់បង្ហាញនូវសម្លៀកបំពាក់ប្រពៃណី កម្ពុជា ឥណ្ឌា ថៃ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ សារមន្ទីរនេះ មានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប ស្ថិតតាមបណ្ដោយវិថីវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ)។ 
 
ក្រៅពីសម្លៀកបំពាក់ ទេសចរក៏នឹងបានឃើញ និងឈ្វេងយល់ពីប្រវត្តិនៃសម្លៀកបំពាក់នៅតំបន់អាស៊ី, ឧបករណ៍កីតម្បាញ, វត្ថុធាតុដើម, វិធីសាស្ត្រផលិត ក្រោមការពន្យល់ពីអ្នកជំនាញរបស់សារមន្ទីរ។ 
 
សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី បើកឱ្យសាធារណជនចូលទស្សនា នៅរៀងរាល់ថ្ងៃចន្ទ រហូតដល់ថ្ងៃពុធ ចាប់ពីម៉ោង៨និង៣០នាទី ដល់ម៉ោង៤ល្ងាច។
 
ផាប់ស្ទ្រីត (Pub Street) 

ផាប់ស្ទ្រីត។ 

នារាត្រីឆ្លងឆ្នាំសកល ផាប់ស្ទ្រីត ជាទីតាំងដ៏មមាញឹកជាគេ។ នៅទីនេះទេសចរតែងនាំគ្នាមកអង្គុយទទួលទានអាហារ និងសុរានៅតាមបណ្ដាហាងនានា ឯខ្លះក៏ឈរនៅតាមផ្លូវក្នុងតំបន់នេះ ដើម្បីរាំកម្សាន្ត ស្ដាប់ភ្លេង និងពិសេសគឺការទន្ទឹមរង់ចាំរាប់ថយក្រោយ ឆ្លងឆ្នាំចាស់ ចូលឆ្នាំថ្មី។
 
ក្រៅពីទីតាំងទេសចរដែលសារព័ត៌មានថ្មីៗបានរៀបរាប់ខាងលើ ទេសចរក៏អាចទៅទស្សនាតំបន់ប្រាសាទនានា, ហាងកាហ្វេ, ទស្សនាល្ខោនសៀកហ្វារ និងអតីតភូមិវប្បធម៌ ស្ថិតក្នុងក្រុង ឬអាចធ្វើដំណើរឆ្ងាយជាងនេះ ទៅកាន់ទីតាំងទេសចរណ៍ធម្មជាតិ និងបប្រវត្តិសាស្ត្រដូជជា សហគមន៍កំពង់ភ្លុក, ភ្នំក្រោម, កំពង់ឃ្លាំង, ភ្នំគូលែន, ភូមិព្រះដាក់ ជាដើម។ 
  

ទីតាំងទេសចរណ៍ដទៃទៀត ក្នុងខេត្តសៀមរាប។ 

គួរជម្រាបផងដែរថា ឆ្លងឆ្នាំសកលឆ្នាំ២០២៣កន្លងទៅ មានភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ជាង ២លាន​នាក់ បាន​ធ្វើ​ដំណើរក​ម្សាន្ត​តាម​តំបន់ទេសចរណ៍​ នៅ​ខេត្តនានា​ទូទាំង​ប្រទេស​។ ឆ្នាំ២០២៣ ខេត្តសៀមរាបជាប់លំដាប់ទី៣ ដែលមានទេសចរដើរមាន​ទេសចរ​សរុបចំនួន ៣៣៧ ៧៦៩នាក់ បន្ទាប់ពីព្រះសីហនុ ជាប់លំដាប់ទី២ មានទេសចរសរុបចំនួន៣៣៨ ៥៥២នាក់ និងរាជធានីភ្នំពេញលំដាប់ទី១ មានទេសចរសរុបចំនួន ៤៥៥ ៨៣២នាក់៕ 
 
 

Tag:
 ThmeyThmey
  ឆ្លងឆ្នាំ២០២៤
 ចូលឆ្នាំសកល
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com