ជាតិ
ដ្បិតពិការដៃទាំងសងខាង តែកញ្ញា អុន កុសល់ មានក្ដីស្រមៃចង់ក្លាយជាអ្នកជំនាញសរសេរកូដ
30, Dec 2023 , 3:49 pm        
រូបភាព
កញ្ញា អុន កុសល ជានិស្សិតឆ្នាទី៣ នៃសាកលវិទ្យាល័យកម្ពុជា
កញ្ញា អុន កុសល ជានិស្សិតឆ្នាទី៣ នៃសាកលវិទ្យាល័យកម្ពុជា
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ កញ្ញា អុន កុសល់ ជានិស្សិតនៅសាកលវិទ្យាល័យកម្ពុជា ដែលកំពុងសិក្សាជំនាញព័ត៌មានវិទ្យា។ ទោះមានពិការភាពដៃទាំងសងខាង ប៉ុន្តែ កញ្ញា អុន កុសល់  តស៊ូរៀនសូត្រ ដើម្បីយកចំណេះវិជ្ជា មកកែប្រែវាសនាខ្លួន ឱ្យល្អប្រសើរនាពេលអនាគត។ កុសល់ មានក្តីស្រមៃចង់ក្លាយជាអ្នកជំនាញសរសេរកូដ នៅក្នុងវិស័យព័ត៌មានវិទ្យានេះ។

«ពិការកាយសម្បទា តែមិនពិការចិត្ត»!​ កញ្ញា អុន កុសល់ មានពិការភាពដៃទាំងសងខាងពីកំណើតមកម្ល៉េះ។ យុវតីរូបនេះ បានចាកចេញពីស្រុកកំណើត មកប្រើជីវិតរស់នៅក្នុងទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០១៩  ​ដើម្បីបន្តការសិក្សាបរិញ្ញាបត្រជំនាញព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យកម្ពុជា។  
 
វាពិតជារឿងដ៏លំបាកសម្រាប់ក្មេងស្រីមានពិការភាពដៃទាំងសងខាង ដែលត្រូវចាកឆ្ងាយពីផ្ទះ ដើម្បីបន្តការរៀនសូត្រនៅរាជធានីភ្នំពេញ។ ជាអ្នកខេត្តកំពង់ធំ កញ្ញា កុសល់  ត្រូវរកកន្លែងស្នាក់នៅជិតសាលារៀន ដើម្បីងាយស្រួលដើរទៅសាលា ព្រោះនាងមិនអាចជិះ ម៉ូតូ ឬកង់ដោយខ្លួនឯងបានឡើយ។ 
 
ទោះយ៉ាងណា កញ្ញា កុសល់ ​តែងតែ​មានគ្រួសារ ចាំ​ផ្គត់ផ្គង់ និង​ផ្ដល់​កម្លាំងចិត្ត​។ កញ្ញា អុន កុសល់ រាប់រៀបបែបនេះថា ៖ «ក្រោកពីព្រលឹមរៀបចំខ្លួនទៅធ្វើការតាំងពីម៉ោង៦ព្រឹក និងត្រឡប់មកវិញម៉ោង៤រសៀល ដើម្បីរកលុយសិក្សា។ កើតក្នុងត្រកូលអ្នកមិនសូវជាធូរធារ មិនមែនជាកំហុសនោះទេ អ្វីដែលសំខាន់ គឺត្រូវតែខិតខំស្វែងរកចំណេះដឹង និងឱកាស ដើម្បីជួយខ្លួនឯងពីភាពលំបាកមួយនេះ»។ 
 
«តូចចិត្ត តែមិនបោះបង់»! មែនទែនទៅ កញ្ញា អុន កុសល់ ធ្លាប់រងការប្រមាថមិនតិចទេ។ យុវតីរូបនេះ ក៏មានអារម្មណ៍តូចចិត្តនឹងពិការភាព ថា ហេតុអ្វីបានកើតមកមិនដូចអ្នកដទៃ? ហើយថ្ងៃខ្លះ កុសល់ ក៏លួចយំផងដែរ ព្រោះមានគេមើលងាយ រូបរាងកាយសម្បទារបស់នាង។ 
 
យុវតីមកខេត្តកំពង់ធំរូបនេះ  បាន​រម្លឹក​ពីពាក្យសម្តី ដែល​ដក់​ជាប់​ក្នុង​ចិត្ត​របស់នាងថា មានពិការភាពដៃទាំងសងខាង មករៀនជំនាញព័ត៌មានវិទ្យា ដែលត្រូវការប្រើកាយសម្បទារច្រើន? ពេលនោះ កញ្ញា កុសល់ តូចចិត្តជាខ្លាំង ប៉ុន្តែនាងមិនបោះបង់ក្តីស្រមៃខ្លួនឡើយ។ កុសល់ បានបើកចិត្តទទួលពាក្យសម្ដីអ្នកដទៃ ហើយប្ដេជ្ញាចិត្តបង្ហាញសមត្ថភាពនាងឱ្យគេមើលឃើញវិញ ។
 
ឆ្លងកាត់ជីវិតពិបាកជាច្រើន យុវតីវ័យ២៣ឆ្នាំ មកពីខេត្តកំពង់ធំរូបនេះ តែងតែមានក្ដីស្រមៃចង់ក្លាយជាអ្នកសរសេរកូដកុំព្យូទ័ទៀតផង។ ប៉ុន្តែនៅពេលនាងប្រាប់ពីក្ដីស្រមៃខ្លួន ទៅកាន់អ្នកដទៃ ភាគច្រើនមានគេសើចចំអក ហើយខ្លះទៀតបានលើកទឹកចិត្ត និងសរសើរ កុសល់ ។ ពាក្យសើចចំអក មិនបានបំបាក់ទឹកចិត្ត កុសល់ ឡើយ តែវាជាកម្លាំងចិត្តរឹងមាំថែមទៀត សម្រាប់ កុសល់ ឱ្យដើរតាមក្ដីស្រមៃខ្លួន។ 
 
និស្សិតឆ្នាំទី៣រូបនេះ បន្តថា៖ «​ប្រសិនបើខ្ញុំ​នៅតែគិតរឿងទាំងនោះ ហើយបន្ត​តូចចិត្ត​   និងមិន​ទទួលស្គាល់​ពិការភាព​របស់ខ្លួន​ទេ គឺ​ធ្វើ​ឱ្យ​ខ្ញុំ​កាន់តែ​ធ្លាក់ចុះ និងមិនអាចធ្វើឱ្យខ្លួនឯង ស្គាល់នៅរស់ជាតិជីវិត និងភាពលំបាកនោះទេ។ ដូច្នេះ ​ខ្ញុំត្រូវតែ​ធ្វើ​អ្វីដែល​សប្បាយចិត្ត ហើយ​មាន​ប្រយោជន៍​ទាំង​ខ្លួនឯង និង​សង្គមជាតិ​»​។ 
 
បច្ចុប្បន្ននេះ កុសល់ កំពុងសិក្សាផង និងបម្រើការងារផង ក្នុងវិស័យព័ត៌មានវិទ្យានេះ។ ក្នុងវិស័យនេះ កុសល់ ពិតជាជួបផលលំបាកច្រើន។ នោះក៏ព្រោះតែ កញ្ញា កុសល់ មានពិការភាពដៃ ធ្វើឱ្យនាងបម្រើការងារមិនលឿនដូចគេទូទៅបាន។ ដ្បិតពិការដៃទាំងសងខាង ប៉ុន្តែកញ្ញា កុសល់ មិនចុះចាញ់ជីវិតមួយនេះឡើយ។ នាងបានព្យាយាម សរសេរ និងប្រើកុំព្យូទ័រដោយដៃរបស់នាង ឱ្យបានស្ទាត់ទៅតាមអ្វីដែលអាចធ្វើបាន។ 
  

រូបភាពពី ហ្វេសប៊ុក កញ្ញា អុន កុសល់

យុវសិស្សរូបនេះ បញ្ជាក់ដូច្នេះ៖ «ខ្ញុំសប្បាយចិត្ត ដែលខ្ញុំបានរៀនបន្តនៅរាជធានីភ្នំពេញ ដោយមានការលើកទឹកចិត្តពីលោកគ្រូ អ្នកគ្រូ មិត្តភ័ក្ក និងអាណាព្យាបាល។ ខ្ញុំមិនដែលអស់សង្ឃឹមនោះទេ ព្រោះការសិក្សាជារឿងសំខាន់បំផុត ហើយវាគ្មានឧបសគ្គណាអាចរារាំងនូវឆន្ទៈដែលខ្ញុំចង់រៀនសូត្រនេះបានឡើយ ទោះគ្មានលុយគ្រប់គ្រាន់ និងមានពិការភាពក៏ដោយ »។
  

កញ្ញា អុន កុសល កំពុងសិក្សានៅមហាវិទ្យាល័យ

ស្ថិតក្នុងជីវភាពលំបាក​ កុសល់ ថា ខ្លួនពិតជាមានសំណាងខ្លាំងណាស់ ដែលឪពុកម្ដាយតែងតែជំរុញទឹកចិត្តឱ្យរៀនសូត្រជានិច្ច។ ក្រៅពីនេះ កុសល់ សង្ឃឹមយ៉ាងមុតមាំថា ខ្លួននឹងអាចធ្វើការងារក្នុងវិស័យព័ត៌មានវិទ្យាឱ្យបានល្អ ដូចអ្នកមានកាយសម្បទាទូទៅដែរ។ លើសពីនេះ កញ្ញា កុសល់ ជឿជាក់ថា មានតែ​ការអប់រំ​ទេ ដែល​អាច​ផ្លាស់ប្តូរ​ជិវិត និង​លើក​មុខមាត់​គ្រួសារ​ ។

ដូច្នេះ កុសល់ ផ្ញើសារទៅកាន់អ្នកពិការភាពដទៃទៀត កុំឱ្យបោះបង់ការសិក្សា ព្រោះវាជាផ្លូវតែមួយគត់ ក្នុងការកែប្រែជីវិតមនុស្សគ្រប់រូប៕
 
 
 
 
 

Tag:
 កញ្ញា អុន កុសល់
© រក្សាសិទ្ធិដោយ thmeythmey.com