អន្តរជាតិ
រដ្ឋបាលលោក បៃឌិន ប្រញាប់លក់អាវុធបន្ថែមឱ្យអ៊ីស្រាអែល ដោយមិនឆ្លងសភា
30, Dec 2023 , 7:29 pm        
រូបភាព
អាម៉េរិក បានប្រកាសការយល់ព្រមលក់គ្រាប់កាំភ្លើងធំមានជាតិផ្ទុះខ្ពស់ទំហំ១៥៥មីលីម៉ែត្រក្នុងទំហំទឹកប្រាក់១៤៧,៥លានដុល្លារបន្ថែមទៀតឱ្យអ៊ីស្រាអែល ដោយមិនឆ្លងភ្លើងបៃតៃពីសភាឡើយ។ ការលក់នេះ ធ្វើឡើងក្រោមបញ្ញត្តិបន្ទាន់ដែលបើកផ្លូវដល់ការពន្លឿននីតិវិធី។


ជាលើកទី២ ក្នុងពេលមួយខែ ក្រសួងការបរទេសអាម៉េរិក អនុម័តការលក់អាវុធឱ្យអ៊ីស្រាអែលដោយឆ្លងកាត់ការត្រួតពិនិត្យពីសភាឡើយ។ តាមច្បាប់អាម៉េរិក ក្រសួងការបរទេស ជាស្ថាប័នមានសិទ្ធិយល់ព្រមលើសំណើទិញអាវុធពីបរទេស ឯសភាជាអ្នកត្រួតពិនិត្យ។
 
នៅដើមខែធ្នូ ក្រសួងការបរទេសអាម៉េរិក បានអនុម័តការលក់ការលក់គ្រាប់ជិត១៤,០០០គ្រាប់សម្រាប់រថក្រោះកាណុង១២០មីលីម៉ែត្រទៅឱ្យអ៊ីស្រាអែល ដែលកំពុងប្រយុទ្ធជាមួយក្រុមហាម៉ាសនៅតំបន់កាហ្សា ដែលចាប់ផ្តើមក្នុងខែតុលា ក្រោយក្រុមនេះវាយប្រហារអ៊ីស្រាអែល។
 
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី២៩ ខែធ្នូ ថា អ៊ីស្រាអែលបានស្នើសុំឱ្យបញ្ចូលកញ្ចប់ចុងក្រោយដែលមានគ្រាប់កាំភ្លើងទំហំ១៥៥មីលីម៉ែត្រ និងគ្រឿងបរិក្ខារមួយចំនួនទៀតទៅក្នុងសំណើលើកមុន ដែលធ្វើឱ្យសំណើចុងក្រោយកើនពី៩៦,៥១លានដុល្លារដល់១៤៧,៥លានដុល្លារ។ គម្រោងទិញនេះ ត្រូវការជូនដំណឹងថ្មីទៅសភា។
 
យ៉ាងណាមិញ ទីភ្នាក់ងារដដែលអះអាងថា រដ្ឋមន្រ្តីការបរទេសបានកំណត់ពីគ្រាអាសន្នដែលតម្រូវឱ្យលក់សព្វាវុធជាបន្ទាន់ទៅឱ្យរដ្ឋាភិបាលអ៊ីស្រាអែល ដោយមិនបាច់អនុវត្តតាមនីតិវិធីតម្រូវជាធម្មតាសម្រាប់ការត្រួតពិនិត្យដោយសភាឡើយ។ 
 
«អ៊ីស្រាអែលនឹងប្រើប្រាស់សមត្ថភាពដែលត្រូវបានពង្រឹង ជាការរារាំងការគំរាមកំហែងក្នុងតំបន់ និងដើម្បីពង្រឹងការការពាររបស់ខ្លួន»។ ទីភ្នាក់ងារដដែលបន្តបែបនេះ មុនលើកឡើងថា វាជាតួនាទីសម្រាប់ប្រទេសទាំងអស់ក្នុងការប្រើអាវុធយុទ្ធភ័ណ្ឌស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
 
បន្ទាប់ពីការវាយប្រហារលើអ៊ីស្រាអែលពីសំណាក់ក្រុមហាម៉ាស អាម៉េរិកបានប្រញាប់ប្រញាល់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែលដែលវាយប្រហារកាហ្សាមិនឈប់ឈរ។ បើតាមក្រសួងសុខាភិបាលកាហ្សា មនុស្សយ៉ាងហោចណាស់២១,៥០៧នាក់បានបង់ជីវិតដែលភាគច្រើនជាស្ត្រី និងកុមារ៕
 

Tag:
 អាម៉េរិក
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com