អន្តរជាតិ
ចិន៖ ការស៊ើបអង្កេតអំពើពុករលួយក្នុងជួរយោធា រាលដាលដល់សមាជិកសភា
30, Dec 2023 , 5:59 pm        
រូបភាព
សភាចិន បានបណ្តេញឥស្សរជនយោធា៩នាក់ចេញពីតំណែងភ្លាមៗអំឡុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់ខ្លួនដែលទើបបញ្ចប់។ គ្មានមូលហេតុត្រូវបានប្រកាសលើរឿងនេះឡើយ ប៉ុន្តែបុគ្គលមួយចំនួនដែលត្រូវបានបញ្ចប់តំណែងនេះ ជាមន្រ្តីយោធានៃកងកម្លាំងដែលគ្រប់គ្រងនុយក្លេអ៊ែរ ដែលជាមុខសញ្ញាស្ថិតក្រោមការស៊ើបអង្កេតជុំវិញការប្រព្រឹត្តអំពើពុករលួយ។

ការបោសសម្អាតអំពើពុករលួយក្នុងជួរកងកម្លាំងរ៉ុក្កែតដែលបញ្ជាអាវុធនុយក្លេអ៊ែរ និងនាយកដ្ឋានគ្រឿងបរិក្ខារយោធាចំណុះគណៈយោធាមជ្ឈិម ហាក់មិនថមថយឡើយ។ បន្ទាប់ពីរុះរើក្បាលម៉ាស៊ីនកម្លាំងរ៉ុក្កែត និងដកតំណែងរដ្ឋមន្ត្រីការពារជាតិ លី សាងហ្វូ កាលពីខែតុលា អតីតមេបញ្ជាការរបស់អង្គភាពនេះ ក៏ជាមុខសញ្ញាដែរ។
 
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua សមាជិកសភាដែលជាយោធា៩នាក់ ត្រូវបានបណ្ដេញចេញ។ ក្នុងចំណោមនេះ ៥នាក់គឺមកពីកងកម្លាំងរ៉ុក្កែតដែលរួមទាំងអតីតមេបញ្ជាការឧត្តមសេនីយ៍ Li Yuchao ដែលត្រូវបានរាយការណ៍នាពេលកន្លងមកថា ជាកម្មវត្ថុនៃការស៊ើបអង្កេតអំពើពុករលួយ។
 
មន្រ្តី២នាក់ទៀត ធ្លាប់បម្រើការនៅនាយកដ្ឋានអភិវឌ្ឍបរិក្ខារ។ នាយកដ្ឋានេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតដែលចាប់ផ្ដើមកាលពីដើមឆ្នាំនេះ ជុំវិញអំពើពុករលួយលើការទិញគ្រឿងបរិក្ខារតាំងពីឆ្នាំ២០១៧ មក។ កាលនោះ លោក លី សាងហ្វូ ជាប្រធាននាយកដ្ឋាននេះតែម្ដង។ ចំណែកលោក Ding Laihang ដែលជាអតីតមេបញ្ជាការកងទ័ពអាកាស ក៏ត្រូវបានបណ្តេញចេញផងដែរនៅថ្ងៃទី២៩ ខែធ្នូ ខណៈដែលមនុស្សទី៩ មកពីកងទ័ពជើងទឹក។ 
 
ជាមួយការដកតំណែងនេះ ការចាប់ខ្លួនអាចកើតមានមិនខាន ព្រោះអស់អភ័យឯកសិទ្ធិជាសមាជិកសភាទៀតហើយ។
 
យុទ្ធនាការពេលនេះ ក៏បង្ហាញពីការបន្តបោសសម្អាតអំពើពុករលួយក្នុងជួរកងទ័ពរបស់ប្រធានាធិបតី ចិន ស៊ី ជិនភីង ដែលដាក់ចេញនៅឆ្នាំ២០១៤ មក។ យ៉ាងណាមិញ ក្រៅពីការដកតំណែង និងការបាត់ខ្លួនដោយគ្មានដំណឹងរាប់ខែ អាជ្ញាធរមិនបានបង្ហាញលទ្ធផលណាមួយលើការស៊ើបអង្កេតឡើយ ដែលនេះទំនងជាសញ្ញាថា ការស៊ើបអង្កេតកំពុងធ្វើឡើងនៅឡើយ៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com