អន្តរជាតិ
តើព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះ បានកើតឡើងនៅក្នុងឆ្នាំ២០២៣?
31, Dec 2023 , 9:59 am        
រូបភាព
នៅក្នុងឆ្នាំ២០២៣ ព្រឹត្តិការណ៍ជាច្រើន បានកើតឡើង ដោយរាប់ចាប់តាំងពីការលាលែងតំណែងរបស់លោក ង្វៀន សួនហ្វ៊ុក ពីប្រធានាធិបតីវៀតណាម ហ្វាំងឡង់ចូលជាសមាជិកអង្គការណាតូ រហូតដល់ជម្លោះអុីស្រាអែល និងហាម៉ាស។ ប្រធានបទទាំងនោះ ត្រូវបានប្រជាជន និងថ្នាក់ដឹកនាំជជែកយ៉ាងខ្លាំង ស្របពេលពិភពលោក កំពុងមានភាពស្មុគស្មាញ។ ខាងក្រោមនេះ ជាព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣។


លោក ង្វៀន សួនហ្វ៊ុក លាលែងពីតំណែងប្រធានាធិបតីវៀតណាម
 
ប្រធានាធិបតីវៀតណាម ង្វៀន សួនហ្វ៊ុក នៅថ្ងៃទី១៧ ខែមករា សម្រេចចិត្តលាលែងពីតំណែងរបស់ខ្លួន និងតំណែងផ្សេងទៀតក្នុងជួរបក្សកុម្មុយនីស្តវៀតណាម ដើម្បីទទួលខុសត្រូវចំពោះបញ្ហាដែលកើតឡើងក្នុងការដឹកនាំរបស់លោកក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩។ បក្សកាន់អំណាចវៀតណាម ក៏យល់ព្រមចំពោះការសុំលាលែងនេះដែរ។
 
អាម៉េរិក បាញ់ទម្លាក់បាឡុងចិន
 
ក្រោយបាឡុងរបស់ចិនហោះចូលដែនអាកាសរបស់ខ្លួន អាម៉េរិកបានសម្រេចបញ្ជូនយន្តហោះចម្បាំង F-22 មួយគ្រឿង ឱ្យបាញ់ទម្លាក់ ដោយខ្លួនចាត់ទុកជាបាឡុងស៊ើបការណ៍ នៅថ្ងៃទី៤ ខែកុម្ភៈ។ ហេតុការណ៍នេះ កាន់តែធ្វើឱ្យទំនាក់ទំនងចិន និងអាម៉េរិកធ្លាក់ចុះមួយកម្រិតទៀត។ បន្ទាប់ពីការបាញ់ទម្លាក់ ចិន ក៏បានដាក់ការតវ៉ាជាមួយអាម៉េរិកផងដែរ។ 
 
លោកស៊ី ជិនភីង ត្រូវសភាគាំទ្រឱ្យបន្តកាន់តំណែងជាប្រធានាធិបតីនៅអាណត្តិទី៣
 
លោក ស៊ី ជិនភីង ត្រូវបានសភាប្រជាជនចិនបោះឆ្នោតឱ្យបន្តកាន់តំណែងប្រធានាធិបតីសម្រាប់អាណត្តិទី៣ នៅកិច្ចប្រជុំពេញអង្គថ្ងៃទី១០ ខែមីនា។ នេះជាមិនមែនជារឿងគួរភ្ញាក់ផ្អើលឡើយ ដោយសារការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំរដ្ឋសំខាន់ៗ ត្រូវបានកំណត់រួចរាល់តាំងពីសមាជបក្សខែតុលា ឆ្នាំ២០២២ មកម្ល៉េះ។
 
លោក ស៊ី ក្លាយជាមេដឹកនាំចិនម្នាក់គត់ដែលអាចកាន់តំណែងប្រធានាធិបតីនេះដល់អាណត្តិទី៣ គិតចាប់តាំងពីសម័យលោកប្រធាន ម៉ៅ សេទុង មក។ លោកក៏កំពុងកាន់តំណែងលេខាបក្សនៅអាណត្តិទី៣ ដែរ ដែលធ្វើឱ្យលោកជាប់ឈ្មោះជាមេដឹកនាំដ៏មានអំណាចបំផុតមួយរបស់ចិន។
 
តុលាការព្រហ្មទណ្ឌអន្តរជាតិ ចេញដីកាចាប់ខ្លួនលោកពូទីន
 
ក្រោយពីមានការស៊ើបអង្កេត និងសង្រ្គាមនៅអ៊ុយក្រែននៅតែបន្ត តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានចេញដីកាចាប់ខ្លួនលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងលោកស្រី Maria Alekseyevna Lvova-Belova ស្នងការទទួលបន្ទុកសិទ្ធិកុមារ ពាក់ព័ន្ធនឹងការនិរទេសកុមារចេញពីអ៊ុយក្រែនដោយបង្ខំ។
 
ដីកាចាប់ខ្លួននេះ ប្រៀបដូចជាការកម្រិតព្រំដែន ឬដែនដី សម្រាប់លោកពូទីនអាចធ្វើដំណើរ។ យ៉ាងណាមិញ លោកពូទីន នៅតែអាចធ្វើដំណើរទៅបណ្តាប្រទេសមួយចំនួន ដែលមានមែនជាប្រទេសហត្ថលេខីនៃតុលាការ ICC ឬប្រទេសហត្ថលេខី ដែលមិនគោរពដីការបស់ ICC។ កន្លងមក ហុងគ្រី និងអាហ្វ្រិកខាងត្បូង ដែលជាប្រទេសហត្ថលេខីតុលាការ ICC ប៉ុន្តែប្រទេសទាំងពីរ បានប្រកាសមិនចាប់ខ្លួនលោកពូទីនឡើយ ប្រសិនមានដំណើរទស្សនកិច្ចផ្លូវការមកប្រទេសខ្លួន។ 
 
ចំនួនប្រជាជនឥណ្ឌាមានច្រើនជាងចិន
 
ជាច្រើនឆ្នាំមកហើយ ចិន ត្រូវបានស្គាល់ថា ជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក និងតាមពីក្រោយដោយឥណ្ឌា។ ប៉ុន្តែចាប់ពីខែមេសា ចិនលែងជាប្រទេសមានប្រជាជនច្រើនជាងគេហើយ ដោយត្រូវជំនួសដោយឥណ្ឌាវិញ។ 
 
តាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ នៅក្នុងខែមេសា ឆ្នាំ២០២៣ ឥណ្ឌាមានប្រជាជនសរុបចំនួន ១,៤២៥ពាន់លាននាក់ ដោយមានច្រើនជាងចិនជាលើកដំបូង។ 
 
ហ្វាំងឡង់ចូលជាសមាជិកអង្គការណាតូ ក្នុងនាមជាសមាជិកទី៣១ 
 
ស្របពេលរុស្ស៊ីនៅតែបន្តឈ្លានពានអ៊ុយក្រែន ​ហ្វាំងឡង់ ដែលជាប្រទេសជិតខាងតែងបារម្ភពីបញ្ហាសង្រ្គាមធ្លាក់លើប្រទេសខ្លួន។ បើទោះប្រកាន់ជំហរអព្យាក្រឹត ហ្វាំងឡង់ បានចាប់ផ្តើមដាក់ពាក្យចូលជាសមាជិកអង្គការណាតូ ចាប់តាំងពីខែឧសភា ឆ្នាំ២០២២។ រហូតដល់៤ ខែមេសា ឆ្នាំ២០២៣ ហ្វាំងឡង់ ដែលមានព្រំដែនប្រវែង១៣៤០គីឡូម៉ែត្រជាមួយរុស្ស៊ី បានក្លាយជាសមាជិកទី៣១ របស់អង្គការណាតូ។ 
 
ការចូលជាសមាជិកណាតូ នឹងធ្វើឱ្យហ្វាំងឡង់ កាន់តែមានសុវត្ថិភាពបន្ថែមទៀត ពីការគំរាមកំហែងរបស់រុស្ស៊ី ដោយសារតែអង្គការណាតូ មានចែងពីសន្តិសុខសមូហភាព។ 
 
ការបោះឆ្នោតនៅថៃ
 
នៅក្នុងខែឧសភា ថៃបានរៀបចំការបោះឆ្នោតសភាជាថ្មី។ នេះការការបោះឆ្នោតដ៏សំខាន់មួយ និងបានផ្លាស់ប្តូរមេដឹកនាំ លោកប្រាយុទ្ធ ចន្ទអូចា ប្រមុខរដ្ឋាភិបាលថៃ ដែលកាន់តំណែងចាប់តាំងពីឆ្នាំ២០១៤ មក។ រហូតដល់ថ្ងៃទី១ ខែកញ្ញា លោកសេដ្ឋា ថាវីស៊ីន បានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថៃថ្មី ក្រោយមានភាពជាប់គាំងនយោបាយជាច្រើនខែ និងការរួមដៃរបស់បក្សភឿថៃ ជាមួយបក្សនយោបាយគាំទ្រដោយយោធា។ 
 
ការវិលត្រលប់របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រាមកប្រទេសវិញ
 
លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្រ្តីថៃ បានត្រលប់មកដល់ថៃវិញ នៅថ្ងៃទី២២ ខែសីហា ក្រោយចាកចេញពីប្រទេស នៅក្នុងឆ្នាំ២០០៨។ មិនតិចដងឡើយ ដែលលោកថាក់ស៊ីន បានសន្យានឹងចូលប្រទេសវិញ ប៉ុន្តែលោកបានប្រកាសពន្យារពេលវិញជារៀងរាល់លើក។ បន្ថែមពីនេះ ការវិលចូលប្រទេសរបស់លោកថាក់ស៊ីនធ្វើឡើង ក្នុងថ្ងៃសភាថៃ បោះឆ្នោតគាំទ្រលោកសេដ្ឋា ថាវីស៊ីន ជានាយករដ្ឋមន្រ្តី។ 
 
យ៉ាងណាមិញ អតីតមេដឹកនាំរូបនេះ មិនទាន់អាចមានសេរីភាពបានទេ និងបន្តជាប់ឃុំនៅឡើយ ដោយសារតែលោកបានរងបទចោទប្រព្រឹត្តអំពើពុករលួយ និងទទួលសំណូក។ ប៉ុន្តែក្រោយមក មហាក្សត្រថៃ បានសម្រេចកាត់បន្ថយទោសជាប់ពន្ធនាគាររបស់លោកថាក់ស៊ីនពី៨ឆ្នាំ មកមួយឆ្នាំ។
 
ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើងនៅរុស្ស៊ី
 
នៅពាក់កណ្តាលខែកញ្ញា លោកគីម ជុងអ៊ុន បានបំពេញទស្សនកិច្ចនៅរុស្ស៊ី ដើម្បីជួបជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ នេះជាជំនួបដ៏សំខាន់មួយ ក្នុងការរឹតចំណងទំនាក់ទំនងទាំងពីរ ហើយដំណើរទស្សនកិច្ចនេះ ក៏ជាការបើកផ្លូវឱ្យកូរ៉េខាងជើង ទទួលបានជោគជ័យលើការបាញ់ផ្កាយរណបចារកិច្ចជាលើកដំបូងផងដែរ ក្រោយបរាជ័យចំនួន ២លើក។ 
 
ក្នុងរយៈទស្សនកិច្ចរយៈពេល ៦ថ្ងៃនេះ ប្រទេសលោកខាងលិច បានបង្ហាញក្តីបារម្ភថា វាអាចមានកិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង ក្នុងការផ្ទេរអាវុធពីក្រុងព្យុងយ៉ាងទៅក្រុងមូស្គូ ដើម្បីបន្តសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន។ 
 
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣
 
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ដោយមេដឹកនាំបណ្តាប្រទេសអាស៊ាន លើកលែងតែមីយ៉ាន់ម៉ា បានជួបជុំគ្នានៅក្រុងហ្សាការតា ដើម្បីជជែកពីបញ្ហាប្រឈមជាច្រើន។ ក្នុងកិច្ចប្រជុំនេះ អាស៊ានបានដាក់ចេញយន្តការ Troika ដើម្បីជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដែលបន្តមានភាពផុយស្រួយ និងមិនទាន់រៀបចំការបោះឆ្នោតឡើងវិញ។ 
 
ជាគោលការណ៍ យន្តការណ៍ Troika នេះ​ ជាកិច្ចពិភាក្សាក្រៅផ្លូវការនៃប្រធានផ្លាស់វេននៅឆ្នាំចាស់, ក្នុងពេលបច្ចុប្បន្ន និងខាងមុខ។ សម្រាប់ឆ្នាំ2024 យន្តការ Troika មានសមាជិកដូចជាឥណ្ឌូណេស៊ី, ឡាវ និងម៉ាឡេស៊ី។ 

ជម្លោះអុីស្រាអែល និងក្រុមហាម៉ាស
 
ពីដើមខែតុលា ក្រុមហាម៉ាស បានលួចវាយប្រហារមកលើអុីស្រាអែល ដែលបង្កឱ្យមនុស្សរាប់រយនាក់ ក្នុងនោះមានជនជាតិខ្មែរម្នាក់ បានស្លាប់។ ហេតុការណ៍នេះ បានធ្វើឱ្យកម្លាំងការពារអុីស្រាអែល ឆ្លើយតបយ៉ាងចាស់ដៃ ដែលធ្វើឱ្យប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ស្លាប់បាត់បង់ជីវិត និងរាប់ម៉ឺននាក់ ត្រូវភៀសខ្លួនរកកន្លែងសុវត្ថិភាព។ 
 
មកទល់ពេលនេះ ជាងរយៈពេល ២ខែហើយ ជម្លោះប្រដាប់អាវុធមួយនេះ នៅតែបន្ត ហើយអុីស្រាអែល ប្រឹងវាយប្រហារលើក្រុមហាម៉ាស មិនសំចៃដៃ ដែលបង្កឱ្យប្រជាជនស៊ីវិលរាប់ម៉ឺននាក់ ក្នុងនោះមានកុមារផងត្រូវស្លាប់បាត់បង់ជីវិត។ 
 
កិច្ចប្រជុំរម្លឹកខួបអាស៊ាន-ជប៉ុនរយៈពេល ៥០ឆ្នាំ
 
កិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន​រយៈពេល៥០ឆ្នាំ បានប្រារព្ធឡើងពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែធ្នូដោយមេដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំង ៩ និងមេដឹកនាំជប៉ុន
បានជជែកគ្នាលើប្រធានបទជាច្រើន នៅក្នុងទីក្រុងតូក្យូ។
 
ចិន ថាមពលស្អាត កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ឧស្សាហកម្មរថយន្ត EV និងបម្រែបម្រួលអាកាសធាតុ បានក្លាយជាប្រធានដ៏សំខាន់នៅក្នុងកិច្ចប្រជុំនេះ៕
 

Tag:
 ចិន
  អាម៉េរិក
  វៀតណាម
  រុស្ស៊ី្
  ណាតូ
  ហ្វាំងឡង់
© រក្សាសិទ្ធិដោយ thmeythmey.com