ជាតិ
ឆ្លងឆ្នាំសកលនៅសៀមរាប៖ មានកន្លែងកម្សាន្តធំ ៣កន្លែង
30, Dec 2023 , 6:31 pm        
រូបភាព
ដោយ៖ លុយ សិរីរក្សា 
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយរដ្ឋបាលក្រុងសៀមរាប និងវិស័យឯកជន កំពុងរៀបចំពិធីបុណ្យឆ្លងឆ្នាំសាកល ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤។

 
ពលរដ្ឋអ្នកសៀមរាប រួមទាំងទេសចរក្នុងស្រុក និងទេសចរអន្តរជាតិ អាចចូលរួមកម្សាន្តក្នុងពិធីឆ្លងឆ្នាំសកលនៅក្នុងទីតាំង៣កន្លែងនៅក្នុងក្រុងសៀមរាប។ ទី១ គឺការប្រគំតន្ត្រីនៅលើបរិវេណខាងមុខសួនព្រះរាជដំណាក់។ ទី២ ការប្រគំតន្ត្រីលើបរិវេណផ្លូវអាចារ្យស្វា ចាប់ពីចំណុចរង្វង់មូលវត្តដំណាក់ ដល់ស្ពានវត្តព្រហ្មរ័ត្ន (ផ្លូវប៉ែកខាងកើតស្ទឹង) និងទី៣ គឺនៅតំបន់ផាប់ស្ទ្រីត។ ការបាញ់កាំជ្រួចអបអរឆ្នាំសកល ក៏ត្រូវបានគ្រោងផងដែរ។
 


លោក ឡុង ម៉េន សុយ៉ាលី ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ខេត្តសៀមរាប បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានរៀបចំកងកម្លាំងសមត្ថកិច្ចរួចរាល់ហើយ ដើម្បីការពារ និងសម្រួលចរាចរណ៍នៅក្នុងក្រុងសៀមរាប សម្រាប់រយៈពេល៣ថ្ងៃនេះនៃការរៀបចំពិធីឆ្លងឆ្នាំសកលនេះ។ លោកស្នងការរងបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖«ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំកម្លាំងនគរបាលចូលរួមការពារចំនួនសរុប ៥៤២ នាក់ ក្រោមកិច្ចសហការជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ កងរាជអាវុធហត្ថខេត្ត រដ្ឋបាលខេត្តសៀមរាប មន្ទីរសុខាភិបាល អគ្គិសនីសៀមរាប និងប្រជាការពារ។»។
 


ជាមួយគ្នានោះដែរ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរក្នុងពិធីបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ រដ្ឋបាលខេត្តសៀមរាបបានគ្រោងផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ននៅតាមកំណាត់ផ្លូវមួយចំនួន និងរៀបចំទីតាំងចំណតយានយន្តគ្រប់ប្រភេទ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ឡុង ម៉េន សុយ៉ាលី។ 
 
ទន្ទឹមនឹងនេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបក៏សូមអំពាវនាវដល់ការយោគយល់ និងអធ្យាស្រ័យពីសំណាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលអញ្ជើញមកកម្សាន្ត និងម្ចាស់អាជីវកម្មគ្រប់ប្រភេទនៅតាមគោលដៅសំខាន់ទាំង៣នេះ ចូលរួមសហការក្នុងការរៀបចំសណ្តាប់ធ្នាប់នេះអោយបានល្អប្រសើរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com