អន្តរជាតិ
អាស៊ាន បង្ហាញក្ដីបារម្ភជុំវិញភាពតានតឹងចុងក្រោយនៅសមុទ្រចិនខាងត្បូង
31, Dec 2023 , 2:59 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី៣០ ខែធ្នូ បានសម្តែងការព្រួយបារម្ភចំពោះភាពតានតឹងដែលកំពុងកើនឡើងនៅក្នុងសមុទ្រចិនខាងត្បូង។ ប្រ​មុខការទូតសមាជិកអាស៊ានបារម្ភថា ស្ថានភាពនេះអាចគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ និងបានជំរុញឱ្យមានការសន្ទនាដោយសន្តិវិធីក្នុងចំណោមភាគីនានា។

 
«យើងតាមដានយ៉ាងជិតស្និទ្ធជាមួយនឹងការព្រួយបារម្ភអំពីការវិវត្តថ្មីៗនៅសមុទ្រចិនខាងត្បូងដែលអាចបំផ្លាញសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។» សេចក្ដីថ្លែងការណ៍រដ្ឋមន្រ្តីសមាជិកអាស៊ានបញ្ជាក់បែបនេះ។
 
ស្ថានភាពនៅសមុទ្រចិនខាងត្បូង ឡើងកម្ដៅខ្លាំងរវាងចិន និងហ្វីលីពីនដែលបានចោទគ្នាទៅវិញទៅមកជុំវិញការប៉ះទង្គិចក្នុងដែនសមុទ្រប្រទាញប្រទង់គ្នា។ ទីក្រុងម៉ានីលដែលហាក់ចេញមុខតទល់ចិនដោយមិនរអា ក៏បានលើកឡើងពីតម្រូវការក្នុងការផ្លាស់ប្តូរវិធីសាស្រ្តព្រោះកិច្ចខិតខំប្រឹងប្រែងការទូតតមានទិសដៅមិនល្អឡើយ។
 
ចិនវិញ ក៏មិនសំចៃមាត់ដែរ ដោយបានផ្ញើសារគំរាមហ្វីលីពីនញឹកញយដែរ។ ចុងក្រោយនេះ ចិនថែមទាំងបោះសម្ដីថា នឹងមិននៅស្ងៀមចំពោះការញុះញង់ និងការយាយីម្តងហើយម្តងទៀតរបស់ហ្វីលីពីនឡើយ។
 
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន រដ្ឋមន្ត្រីការបរទេសសមាជិកអាស៊ានក៏បានអះអាងសារជាថ្មីពីការរក្សាការអត់ធ្មត់ដើម្បីបញ្ចៀសសកម្មភាពដែលនឹងធ្វើឱ្យមានភាពស្មុគស្មាញ ឬបង្កើនជម្លោះថែមទៀត។
 
«យើងរំលឹកឡើងវិញពីសារសំខាន់នៃការសន្ទនាដោយសន្តិវិធី ដែលរួមចំណែកក្នុងន័យស្ថាបនាដល់ការលើកកម្ពស់ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។» សេចក្ដីថ្លែងការណ៍ដដែលបន្តបែបនេះ។
 
បច្ចុប្បន្ន អាស៊ាន និងចិនកំពុងចរចាដើម្បីឆ្ពោះទៅរកការបង្កើតក្រមសីលធម៌នៅសមុទ្រចិនខាងត្បូង ។ ប៉ុន្តែវឌ្ឍនភាពមានភាពយឺតយ៉ាវ បើទោះបីជាភាគីទាំងអស់មានការប្តេជ្ញាចិត្តក្នុងការជំរុញ និងពន្លឿនដំណើរការនេះក៏ដោយ ដ្បិតថា ក្រមប្រតិបត្តិនេះមានចំណងផ្លូវច្បាប់ដែលចាប់បង្ខំឱ្យភាគីទាំងអស់អនុវត្តតាម៕
 

Tag:
 អាស៊ាន
  សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com