ជាតិ
សង្ខេបខ្លីពីមរតកមនុស្សរស់នៃកម្ពុជា ទាំង២៦អង្គ/នាក់
31, Dec 2023 , 5:29 pm        
រូបភាព
ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជ្រើសរើសមរតកមនុស្សចំនួន ២លើកហើយ។ លើកទី១ ជ្រើសរើសបានចំនួន១៧រូប ស្រី៣ ហើយបច្ចុប្បន្ននៅមានជន្មាយុ តែ៨រូបប៉ុណ្ណោះ ប្រុសទាំងអស់។ ចំណែកលើកទី២ ជ្រើសរើសបានចំនួន៩រូប ស្រី៣។   

មរតកមនុស្សរស់ បានជ្រើសរើសលើកទី១ ដែលនៅមានជន្មាយុ រួមមាន ព្រឹទ្ធាចារ្យ គង់ ណៃ មានគោរមងារ កោសល្យវោហារ។ លោកចាប់កំណើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៤ នៅភូមិដូង ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកមានជំនាញផ្នែកចាប៉ីដងវែង។


ព្រឹទ្ធាចារ្យ ចាន់ ស៊ឹម មានគោរមងារ វឌ្ឍកីទេពនិម្មិត។ លោកចាប់កំណើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៣៨នៅភូមិព្រៃព្រីង ឃុំចោមចៅ ស្រុកដង្កោ ខេត្តកណ្ដាល។ លោកមានជំនាញចម្លាក់ឈើ-ស៊ីម៉ង់ត៍ និងខ្នាតក្បាច់ខ្មែរ។


ព្រឹទ្ធាចារ្យ ជា ហ៊ា មានគោរមងារជា នាដកោសល្យវិជ្ជា។ លោកចាប់កំណើតនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ១៩២៩ នៅភូមិក្ដុល​ ឃុំក្ដុល ស្រុកក្ដុលដូនទាវ ខេត្តបាត់ដំបង។ លោកមានជំនាញ ល្ខោនខោល។ 


ព្រឹទ្ធាចារ្យ ជិត ជន មានគោរមងារជា គរុពហុស្សូត។ លោកចាប់កំណើតនៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៣៤ នៅឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ​។ លោកមានជំនាញ អក្សរសាស្រ្ត (បា​លី-សំស្រឹ្កត)។


ព្រឹទ្ធាចារ្យ ជេត ចន មានគោរមងារ ទេពនិម្មិតវិចិត្រ។ លោកចាប់កំណើតនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៤៦ នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ លោកមានជំនាញ គំនូរបុរាណ។


ព្រឹទ្ធាចារ្យ ទា វ៉ាន មានគោរមងារ បញ្ញាកោសល្យវិជ្ជា។ លោកចាប់កំណើតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៣៨ នៅភូមិលេខ៣​ ឃុំជ្រោយតាកែវ  ស្រុកកោះធំ ខេត្តកណ្ដាល។ លោកមានជំនាញ អក្សរសាស្រ្ត (បា​លី-សំស្រឹ្កត)។


ព្រឹទ្ធាចារ្យ ពៀក ចាប៉ិច មានគោរមងារ វោហារកោសល្យវដ្តី។ លោកចាប់កំណើតនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៥៣ នៅភូមិត្រពាំងជ្រៃ​ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។ លោកមានជំនាញ និទានរឿងបែបល្ខោនបាសាក់ទោល។


ព្រឹទ្ធាចារ្យ ម៉ែន ប្រាង្គ មានគោរមងារ កោសល្យវិជ្ជាគរុ។ លោកចាប់កំណើតនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៤៥ នៅភូមិត្រាច​ ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ លោកមានជំនាញ អក្សរសាស្រ្ត (​បា​លី​-សំស្រ្កឹត)។


ចំណែកមរតកមនុស្សរស់ ដែលបានជ្រើសរើសលើកទី២ រួមមាន ព្រឹទ្ធាចារ្យ គិន យិន មានគោរមងារ គរុនាដកា។ លោកចាប់កំណើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៣២ នៅភូមិទួ​ល​ក្របៅ​ ឃុំគគីរ ស្រុក​កៀ​ន​​ស្វាយ ខេត្តកណ្ដាល។ លោកមានជំនាញ គ្រូបង្ហាត់ល្ខោនបុរាណស្រី វត្តកៀនស្វាយក្រៅ ខេត្តកណ្ដាល។


ព្រឹទ្ធាចារ្យ ជា យុទ្ធា មានគោរមងារ ទេពហត្ថកោសល្យ។ លោកចាប់កំណើតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៥៤ នៅភូមិសាលាកាត់សក់ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល។ លោកមានជំនាញ ជាជាងចម្លាក់ស្ពាន់និងប្រាក់កំពង់ហ្លួង ខេត្តកណ្ដាល។


ព្រឹទ្ធាចារ្យ ជៀន សុផាន មានគោរមងារ ចម្មការភិរក្ស។ លោកចាប់កំណើត នៅថ្ងៃទី​១០ ខែសីហា ឆ្នាំ ១៩៧៩ នៅភូមិសាលាកន្សែង ឃុំស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ លោកមានជំនាញ ជាគ្រូបង្ហាត់សម្តែង ពំនោលល្ខោនស្បែកធំ និងចម្លាក់ស្បែក នៃក្រុមស្បែកធំលោកតា ទី ជៀន ខេត្តសៀមរាប។


ព្រឹទ្ធាចារ្យ ញុច ហឿន មានគោរមងារ ពិភត្តិតន្តី។ លោកចាប់កំណើតនៅថ្ងៃទី​៣ ខែធ្នូ ឆ្នាំ១៩៥៥ នៅភូមិ​តងប្លេង ឃុំ​អូ​រជុំ ស្រុក​អូរជុំ ខេត្ត​រតនគិរី។ លោកមានជំនាញ ​តន្ត្រីឧបករណ៍ម៉ឹម ប្រក គង៥ផ្លែ-១២ផ្លែ (ឧ​បករណ៍ទាំង​​នេះ​​ភាគច្រើ​នគឺលោក​ធ្វើដោយខ្លួនឯង)។ លោកចេះត្បាញកាផា ត្បាញត្រទៀវ​ ត្បាញចង្អេរ ត្បាញកញ្ចែ្រង ត្បាញកាដឹង ត្បាញ​ខកចៀ ត្បាញសេង ត្បាញហ្មប្រក ត្បាញប៉ាម ត្បាញកាណរ ត្បាញចាន់ និងត្បាញកន្ទេល។


ព្រឹទ្ធាចារ្យ ណាន សាម័យ មានគោរមងារ នាដកីនិម្មិត។ លោកចាប់កំណើតនៅថ្ងៃទី​៥ ខែឧសភា ឆ្នាំ១៩៦៣ ​នៅ​​ភូមិ​ពូ​តាំង ឃុំ​រមនា ស្រុកសែន​មនោរម្យ ខេត្ត​មណ្ឌលគិរី។ លោកមានជំនាញ ​ច្រៀងនិងបង្កើ​ត​ទំនុក​ច្រៀង បង្កើ​ត​ក្បាច់និង​ទម្រ​ង់​​របាំ​ តា​ម​បែ​ប​ផែ​ន​របស់​ជន​ជាតិព្នង។​ ក្រៅ​ពី​នេះលោក​ចេះ​ជំនាញ  លេង​ឧ​បករណ៍​ភ្លេង​ឃ្មោះ​៦ តម្បាញក្រមា រៀបចំការសែ​ន​ព្រេ​នក្នុង​ពិធី​បុណ្យ និងអា​ពាហ៍​ពិ​ពា​ហ៍តា​មបែ​បជន​ជាតិ​ព្នង។ 


ព្រឹទ្ធាចារ្យ ប៊ិន វិន មានគោរមងារ បោរាណាចារ្យ។ លោកចាប់កំណើតនៅថ្ងៃទី​១០ ខែសីហា ឆ្នាំ១៩៣៥ នៅភូមិ​ចាន់ ឃុំ​តាំង​ក្រសាំង ស្រុក​បាធាយ ខេត្ត​កំពង់​ចាម។ លោកមានជំនាញ ​​ភ្លេងអា​រក្ស យី​កេ ល្ខោន អា​យ៉ៃ​ អាចារ្យកិច្ចពិធី​ចូលម្លប់និងចេញ​ម្លប់ អាចារ្យពេលាការ អាចារ្យ​មង្គល​ការ និង​​ចៅ​មហា​។


ព្រឹទ្ធាចារ្យ ម៉ក់ ជាង មានគោរមងារ ទេពសោភ័ណ។ លោកចាប់កំណើតនៅថ្ងៃទី​១០ ខែមេសា ឆ្នាំ១៩៥១ ​នៅ​​ភូមិ​ក្ប៉ម ឃុំ​ក្ដាញ់ ស្រុក​ព្រៃ​កប្បាស​ ខេត្ត​តា​កែ​វ។ លោកមានជំនាញ ​​ត្បាញហូ​ល​ពិ​តា​ន​ សំពត់សូត្រ និង​ចងគាត​។


ព្រឹទ្ធាចារ្យ ឯល ពេជ (ហៅ កំពូលពេជ) មានគោរមងារ ទេពវោហារ។ លោកចាប់កំណើតនៅថ្ងៃទី​១០ ខែ មិថុនា ឆ្នាំ១៩៣៩ ​​នៅភូមិព្រៃ​សំណា​ង ឃុំ​ខ្ជាយ ស្រុកទូកមាស ខេត្ត​កំពត។ លោកមានជំនាញ ​​ចាប៉ីដងវែង ខេត្តពោធិ៍សាត់។


ព្រឹទ្ធាចារ្យ អ៊ឹម ស្រួន មានគោរមងារ មហានាដកគរុវិជ្ជា។ លោកចាប់កំណើតនៅថ្ងៃទី​១ ខែមិថុនា ឆ្នាំ១៩៤៣ នៅភូមិ​តាស្គរ ឃុំ​សារិកា​កែវ ស្រុក​ល្វា​ឯម​ ខេត្ត​កណ្ដាល។ លោកមានជំនាញ ជា​​គ្រូយក្សល្ខោនខោលវត្តស្វាយអណ្ដែត។


ចំពោះមរតកមនុស្សរស់ បានជ្រើសរើសលើកទី១ ដែលបានទទួលមរណភាព រួមមាន ព្រទ្ធាចារ្យ ឯម ធាយ មានគោរមងារទេវនាដនិម្មិត។ លោកចាប់កំណើតនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ១៩៣៥ នៅសង្កាត់លេខ៤ ក្រុងភ្នំពេញ។ ព្រឹទ្ធាចារ្យមានជំនាញ របាំបុរាណខ្មែរ។ លោកទទួលមរណភាព នៅម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលឆ្នាំទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៨៨ឆ្នាំ។ 


ព្រឹទ្ធាចារ្យ នាដកោសល្យវដ្ដី ព្រីង សាឃន។ លោកចាប់កំណើតនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ១៩៤៥ នៅភូមិតាម៉ុល ឃុំព្រែកតំបូល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ព្រឹទ្ធាចារ្យមានជំនាញល្ខោននាដកម្ម។ លោកបានទទួលមរណភាព នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ៨៣ឆ្នាំ។ 


សម្ដេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គោរមងារជាទេពនាដវដ្ដីឯក។ ព្រះអង្គប្រសូតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤៣ នៅក្រុងភ្នំពេញ។ ព្រឹទ្ធាចារ្យមានជំនាញ របាំបុរាណខ្មែរ(របាំព្រះរាជទ្រព្យ)។ ទ្រង់បានសុគតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្ម៧៧ព្រះវស្សា។


ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គោរមងារភិរម្យវោហារ។ លោកចាប់កំណើតនៅឆ្នាំ១៩៣៦ នៅភូមិសម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។ ព្រឹទ្ធាចារ្យមានជំនាញដេញនិងច្រៀងចាប៉ីដងវែង។ លោករៀនចាប៉ីតាំងពីអាយុ១៣ឆ្នាំ ជាមួយលោកគ្រូ ប៉ែន ឌុក ហៅ (ចង្កូម៨)។ លោកក៏មានជំនាញ លេងឧបករណ៍ទ្រ ស្គរ បង់ហ្សូ និងម៉ង់ដូលីនដែរ។ ព្រឹទ្ធាចារ្យ បានទទួលមរណភាពនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយរោគាពាធ ក្នុងជន្មាយុ៨២ឆ្នាំ។


ព្រឹទ្ធាចារ្យ រស់ គង់ គោរមងារវិសេសនាដកាវិជ្ជា។ លោកចាប់កំណើតនៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៣៤ នៅភូមិកោះរះ ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្ដាល។ ព្រឹទ្ធាចារ្យមានជំនាញរបាំបុរាណខ្មែរ ដែលសម្ដែងតួនាង ​និងតួនាយរោង។ ព្រឹទ្ធាចារ្យទទួលមរណភាព នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងជន្មាយុ៨៥ឆ្នាំ ដោយជរាពាធ។


ព្រឹទ្ធាចារ្យ អ៊ុំ សាមិត្ត គោរមងារនាដភក្ដីនិម្មិត។ លោកចាប់កំណើតនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៤៣ នៅសង្កាត់ទឹកល្អក់ ក្រុងភ្នំពេញ។ ព្រឹទ្ធាចារ្យមានជំនាញល្ខោនបាសាក់។ ព្រឹទ្ធាចារ្យបានទទួលមរណភាព នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងជន្មាយុ៨៣ឆ្នាំ។


ព្រឹទ្ធាចារ្យ សុខ ឌុច គោរមងារកោសល្យតន្ត្រីវិជ្ជាធរ។ លោកចាប់កំណើតនៅឆ្នាំ១៩២៥ នៅភូមិសង្កែទង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។ ព្រឹទ្ធាចារ្យមានជំនាញគ្រូភ្លេងអារក្ខ ពិណពាទ្យ មហោរី ឧបករណ៍ខ្សែ១ និងទ្រខ្មែរ។ លោកក៏ចេះផលិតឧបករណ៍ភ្លេងចាប៉ី ខ្សែ១ ទ្រខ្មែរ ប៉ីអ ប៉ីពក ខ្លុយ តាខេ ឃឹម រនាត ទ្រសោ ទ្រអ៊ូ និងទ្រឆេ។ ព្រឹទ្ធាចារ្យបានទទួលមរណភាពនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ក្នុងជន្មាយុ៩១ឆ្នាំ។


ព្រឹទ្ធាចារ្យ ឆេង ផុន គោរមងារទេពបញ្ញាកោសល្យវិជ្ជា។ លោកចាប់កំណើតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៣០ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ព្រឹទ្ធាចារ្យមានជំនាញសម្ដែង និពន្ធ និងដឹកនាំរឿងល្ខោនលើឆាក ពិសេសស្នាដៃដឹកនាំរឿងចុងក្រោយ ដូចជា”ដំណើរជាតិកម្ពុជា” “ពៀររំងាប់ដោយការមិនចងពៀរ” “ឆ្មាំបាយ័​ន” ព្រះអសោក” “ព្រះអង្គជ័យ” និងរឿង “នាយហ្មដំរី”។ ព្រឹទ្ធាចារ្យបានទទួលមរណភាព នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងជន្មាយុ៨៦ឆ្នាំ។ 


ព្រឹទ្ធាចារ្យ ទេព ផុន គោរមងារវិជ្ជាធម្មគរុ។ លោកចាប់កំណើតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៤១ នៅភូមិដីដុះ ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ព្រឹទ្ធាចារ្យមានជំនាញ មុខវិជ្ជាពុទ្ធសាសនា មានព្រះវិន័យ និងព្រះអភិធម្មពុទ្ធសាសនា ជាពិសេសឯកទេសជំនាញ ខាងការបង្រៀនមានបទពិសោធច្រើន។ លោកក៏មានជំនាញប្រៀបធៀបសាសនា(ទស្សនវិជ្ជា និងពុទ្ធសាសនា) ផងដែរ។ លោកមានជំនាញផលិត និងស្រាវជ្រាវ សរសេរឯកសារផ្សេងៗ មានពុទ្ធវិន័យពុទ្ធសាសនា និងសាសនាប្រៀបធៀបជាដើម។ លោកទទួលមរណៈភាពនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៣និង២០នាទី ក្នុងជន្មាយុ៧៩ឆ្នាំ ដោយជរាពាធ។ 


សូមបញ្ជាក់ថា នៅឆ្នាំ២០២៤ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានគម្រោងជ្រើសរើស មរតកមនុស្សរស់បន្ថែមទៀត ដោយបច្ចុប្បន្នកំពុងរៀបចំឯកសារ ដើម្បីដាក់ជូនគណៈកម្មាធិការ មរតកមនុស្សរស់៕
 

Tag:
 សិល្បៈ
  វប្បធម៌
  មរតកមនុស្សរស់
  មរតក
© រក្សាសិទ្ធិដោយ thmeythmey.com