អន្តរជាតិ
កូរ៉េខាងជើង ដាក់ផែនការបាញ់ផ្កាយរណបចារកម្ម៣ទៀតនៅឆ្នាំ២០២៤
31, Dec 2023 , 7:59 pm        
រូបភាព
កូរ៉េខាងជើងគ្រោងបាញ់បង្ហោះផ្កាយរណបចារកម្មចំនួន៣បន្ថែមទៀតនៅឆ្នាំ២០២៤ ដែលជាផ្នែកនៃកិច្ចខិតខំដើម្បីបង្កើនកម្លាំងយោធារបស់ខ្លួន។ នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃទី៣១ ខែធ្នូ ដែលរាយកាណ៍ពីកិច្ចប្រជុំបក្សពលករកំពុងកាន់អំណាចនៅកូរ៉េខាងជើង។

នៅឆ្នាំ២០២៣ ទីក្រុងព្យុងយ៉ាងបានជោគជ័យក្នុងការដាក់ផ្កាយរណបចារកម្មចូលទៅក្នុងគន្លងតារាវិថីកាលពីខែវិច្ឆិកា។ ចាប់តាំងពីពេលនោះមក កូរ៉េខាងជើងក៏អះអាងថា ខ្លួនកំពុងតាមដានទីតាំងយោធាសំខាន់ៗរបស់អាម៉េរិក និងកូរ៉េខាងត្បូង។ នៅឆ្នាំ២០២៣ កូរ៉េខាងជើង ក៏សាកល្បងអាវុធច្រើនជាងមុន។ នៅឆ្នាំក្រោយ កូរ៉េខាងជើងក៏ដាក់ផែនការបាញ់ផ្កាយរណបថែមទៀត។
 
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) រាយការណ៍ថា ភារកិច្ចនៃការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍បន្ថែមចំនួន៣ នៅឆ្នាំ២០២៤  ត្រូវបានប្រកាសក្នុងកិច្ចប្រជុំគណៈមជ្ឈិមបក្សពលករអំឡុងកិច្ចប្រជុំចុងឆ្នាំ។ កិច្ចប្រជុំដែលបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ក៏មានវត្តមានមេដឹកនាំ គីម ជុងអ៊ុន ដែរ។
 
ពីកិច្ចប្រជុំនេះ លោក គីម ក៏បន្ទោសអាម៉េរិកថា បានបង្កអស្ថិរភាពនយោបាយជាយូរមកហើយនៅឧបទ្វីបកូរ៉េ និងនៅតែបន្តបង្កការគំរាមកំហែងផ្នែកយោធាជាច្រើនទៀតដាក់កូរ៉េខាងជើង។ ប្រមុខដឹកនាំកូរ៉េខាងជើង ក៏ប្រកាសមិនស្វែងរកការផ្សះផ្សា និងការបង្រួបបង្រួមជាមួយកូរ៉េខាងត្បូងទៀតទេ ដោយយោងលើស្ថានភាពវិបត្តិដែលមិនអាចគ្រប់គ្រងបាន។ លោក គីម រុញរឿងនេះឱ្យក្រុងសេអ៊ូល និងវ៉ាស៊ីនតោនទទួលខុសត្រូវ។
 
ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន រួមទាំងតូក្យូផង បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងដោយការបាញ់មីស៊ីលកាន់តែញឹកញាប់ និងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ សម្ព័ន្ធមិត្តទាំង៣  ចែករំលែកទិន្នន័យពេលវេលាជាក់ស្តែងលើការបាញ់មីស៊ីលរបស់កូរ៉េខាងជើងថែមទៀត។ កូរ៉េខាងជើង ពិតជាក្ដៅស្លឹកត្រចៀកខ្លាំងនឹងរឿងនេះ។
 
បើតាម KCNA លោក គីម បានបញ្ជាឱ្យរៀបចំឡើងវិញស្ថាប័នដែលគ្រប់គ្រងព្រំដែន ដើម្បីការផ្លាស់ប្តូរជាមូលដ្ឋានថែមទៀត៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com