អន្តរជាតិ
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល៖ ការប្រយយុទ្ធនៅកាហ្សា នឹងបន្តរាប់ខែទៀត
31, Dec 2023 , 10:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ អះអាងជាថ្មីថា សង្រ្គាមនៅកាហ្សា នឹងបន្តរាប់ខែទៀតរហូតទាល់តែងការគំរាមទៅលើអ៊ីស្រាអែលត្រូវបញ្ចប់ បើទោះជាមហន្តរាយលើជនស៊ីវិលនៅកាហ្សាកើតមានឥតឈប់ឈរក្ដី។

 
ការប្រយុទ្ធរវាងយោធាអ៊ីស្រាអែល និងក្រុមសកម្មជននៅតំបន់កាហ្សានៅតែកើតឡើងនៅថ្ងៃទី៣០ ខែធ្នូ) ស្របពេលដែលយុទ្ធនាការរបស់អ៊ីស្រាអែលឈានដល់សប្តាហ៍ទី១៣ទៅហើយ។ ផ្សែងបានហុយពេញទីក្រុង Khan Younis ភាគខាងត្បូងនៃតំបន់កាហ្សា និងនៅតំបន់កណ្ដាលផងដែរ។
 
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ និយាយក្នុងសន្និសីទសារព័ត៌មានថា សង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនឹងមានរយៈពេលជាច្រើនខែរហូតដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ ត្រូវបានកម្ចាត់។ 
 
«យើងនឹងធានាថា តំបន់ហ្គាហ្សានឹងមិនបង្កការគំរាមកំហែងដល់អ៊ីស្រាអែលទៀតទេ។» មេដឹកនាំអ៊ីស្រាអែលនិយាយបែបនេះ រួចបន្ថែមថាយោធាអ៊ីស្រាអែលបានចូលរួមក្នុងការប្រយុទ្ធដ៏ស្មុគស្មាញ ហើយត្រូវការពេលវេលាដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន។
 
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល ក៏បានគុណរដ្ឋបាលប្រធានាធិបតី ចូ បៃឌិន សម្រាប់ការបន្តគាំទ្ររបស់ខ្លួន រួមមានការយល់ព្រមសម្រាប់ការលក់អាវុធបន្ទាន់ថ្មីលើកទីពីរក្នុងខែនេះ និងការទប់ស្កាត់ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលស្វែងរកបទឈប់បាញ់ជាបន្ទាន់។ បើតាមអ៊ីស្រាអែល ការបញ្ចប់សង្រ្គាមនៅពេលនេះមានន័យថា ជាជ័យជម្នះសម្រាប់ក្រុមហាម៉ាស់។
 
សូមរំឭកថា ការប្រយុទ្ធបានចាប់ផ្តើមជាមួយនឹងការវាយប្រហារដ៏បង្ហូរឈាមរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ដែលបានបណ្តាលឱ្យមនុស្សប្រហែល១ពាន់នាក់បានស្លាប់នៅក្នុងអ៊ីស្រាអែល ដែលភាគច្រើនជាជនស៊ីវិល។ ក្រុមសកម្មប្រយុទ្ធក៏បានចាប់មនុស្សប្រហែល២៥០នាក់ជាចំណាប់ខ្មាំង។ អ៊ីស្រាអែលអះអាថាមនុស្ស១២៩នាក់ នៅតែជាប់ឃុំនៅឡើយ។
 
យ៉ាងណាមិញ ការសងសឹករបស់អ៊ីស្រាអែលធ្វើឱ្យកាហ្សាខ្ទេចខ្ទាំខ្លាំង។ ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសនិយាយថា យុទ្ធនាការយោធាអ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់២១.៦៧២នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ៕
 

Tag:
 អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com