សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ម្ចាស់ក្សត្រីដាណឺម៉ាក Margrethe II ស្ដេចស្រីតែមួយគត់លើលោក ប្រកាសដាក់រាជ្យ
01, Jan 2024 , 2:39 pm        
រូបភាព
រូបភាព ៖  AFP
រូបភាព ៖ AFP
ម្ចាស់ក្សត្រីដាណឺម៉ាក Margrethe ទី២ដែលជាស្តេចសោយរាជ្យយូរជាងគេនៅអឺរ៉ុបបានប្រកាសដាក់រាជ្យនៅថ្ងៃទី១៤ ខែមករាខាងមុខ ហើយប្រគល់រាជបល្ល័ង្កបន្តទៅរជ្ជទាយាទព្រះអង្គម្ចាស់ Frederik ។

 
ម្ចាស់ក្សត្រី Margrethe ទី២ បានប្រកាសដាក់រាជ្យភ្លាមៗនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយនៅថ្ងៃទី៣១ ខែធ្នូ ដោយលើកឡើងពីបញ្ហាព្រះជន្ម និងសុខភាព។
 
ម្ចាស់ក្សត្រីដែលមានព្រះជន្ម៨៣ វស្សា មានព្រះបន្ទូលថា ៖« ក្នុងរយៈពេលពីរសប្តាហ៍ទៀត នឹងគម្រប់ខួប ៥២ឆ្នាំចាប់តាំងពីខ្ញុំបានកាន់តំណែងជាព្រះមហាក្សត្រិយានីនៃប្រទេសដាណឺម៉ាក ។ ផ្អែកតាមពេលវេលា មនុស្សមិនអាចទទួលយកការងារដូចពីមុនបានទេ។ នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤  គឺ ៥២ឆ្នាំបន្ទាប់ពីការឡើងសោយរាជ្យពីបិតាជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំនឹងដាក់រាជ្យ ហើយប្រគល់រាជបល្ល័ង្កដល់កូនប្រុសរបស់ខ្ញុំ គឺព្រះអង្គម្ចាស់ Frederik»។
 
បន្ទាប់ពីម្ចាស់ក្សត្រី Elizabeth ទី២ បានទទួលមរណភាពនៅឆ្នាំ២០២២ ម្ចាស់ក្សត្រី Margrethe ទី២ជាមហាក្សត្រីតែមួយគត់នៅអឺរ៉ុប និងលើពិភពលោក។ ព្រះអង្គ
ត្រូវគេបានសរសើរចំពោះការធ្វើទំនើបកម្មគ្រួសាររាជវង្សដាណឺម៉ាក។
 
កន្លងមក ម្ចាស់ក្សត្រី Margrethe ទី២បានបញ្ជាក់ម្តងហើយម្តងទៀតថា ទ្រង់នឹងមិនដាក់រាជ្យឡើយ។ ប៉ុន្តែបន្ទាប់ការវះកាត់កាលពីខែកុម្ភៈកន្លងទៅ បានធ្វើឱ្យព្រះអង្គពិចារណាអំពីអនាគត។ ព្រះមហាក្សត្រិយានី​បាន​មាន​បន្ទូល​ថា ​៖ «បច្ចុប្បន្ននេះ​ជា​ពេល​ត្រឹមត្រូវ​ហើយ​ឬ​នៅ​ក្នុង​ការ​ប្រគល់​ការ​ទទួល​ខុសត្រូវ​ដល់​មនុស្ស​ជំនាន់​ក្រោយ​»។ 
 
ម្ចាស់ក្សត្រី Margrethe ទី២ដែលល្បីល្បាញដោយសារទេពកោសល្យសិល្បៈទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីប្រជាជន។ ។ ជាមួយនឹងភ្នែកពណ៌ខៀវភ្លឺចែងចាំង ស្នាមញញឹមដ៏ភ្លឺស្វាង និងបុគ្គលិកលក្ខណៈរួសរាយ និងកំប្លែង ម្ចាស់ក្សត្រី Margretheទី២ បានបន្សល់ទុកនូវសញ្ញាណជាច្រើនចំពោះវប្បធម៌ដាណឺម៉ាក។ ក្នុងនាមជាវិចិត្រករ និងអ្នករចនា ទ្រង់បានធ្វើការជាច្រើនដងជាមួយ Royal Danish Ballet និង Royal Danish Theatre។
 
ព្រះអង្គធ្លាប់បានសិក្សានៅសាកលវិទ្យាល័យ Cambridge របស់អង់គ្លេស និងសាកលវិទ្យាល័យ Sorbonne នៅបារាំង ហើយមានជំនាញភាសាអង់គ្លេស បារាំង អាល្លឺម៉ង់ និងស៊ុយអែត។ 
 
ចំណែកព្រះអង្គម្ចាស់ Frederik ដែលនឹងត្រូវស្នងរាជ្យមានព្រះជន្ម ៥៥ឆ្នាំដែលជាតំណាងនៃរបបរាជានិយមដាណឺម៉ាកទំនើប និងសេរីនិយម ។ ព្រះអង្គយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបរិស្ថាន និងធ្វើការដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិអាកាសធាតុ៕ 

Tag:
 ម្ចាស់ក្សត្រី
  ដាណឺម៉ាក
© រក្សាសិទ្ធិដោយ thmeythmey.com