ជាតិ
សង្គមជាតិ
ជនជាតិចាម្ប៍ បារម្ភបាត់បង់ភាសា«ចា​ម្ប៍» ដោយ​សារតែការ​និយម​ប្រើពាក្យកម្ចីច្រើនពេក
01, Jan 2024 , 8:59 pm        
រូបភាព
ដោយ៖ ញ៉ សុខហឿន​
 
ភ្នំពេញ៖ បច្ចុប្បន្ន អក្សរ«ចាម្ប៍ កៈ ខៈ»​ ហាក់ដូចជាមិនសូវមានអ្នកប្រើប្រាស់នៅក្នុង​សហគមន៍ជនជាតិចាម្ប៍​នៅកម្ពុជាឡើយ ដោយជនជាតិទាំងនោះ បានងាកមមកប្រើអក្សរ ខ្មែរ និង​ អក្សរកម្ចី ពីអារ៉ាប់ជំនួសឱ្យភាសារបស់ខ្លួនវិញ។ ជុំវិញបញ្ហានេះ ក្រុមអ្នកស្រឡាញ់អក្សរចាម្ប៍​ បានបង្ហាញនូវភាពភ័យខ្លាចក្នុងការបាត់បង់ភាសាកំណើនរបស់ខ្លួន នាពេលអនាគត។

 
លោក សឡេះ​ សឡះ ជានិស្សិតកំពុងសិក្សាថ្នាក់បណ្ឌិតមុខវិជ្ជាគ្រប់គ្រងការអប់រំ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញនូវក្ដីបារម្ភ ដោយខ្លាចបាត់បង់នូវអក្សរកំណើតរបស់ខ្លួន ដែលជា«អក្សរចាម្ប៍»នាពេលអនាគត។ លោក បានកត់សម្គាល់ឃើញថា  ប្រហែលជា១៥ឆ្នាំមុន នៅតាមវិហារឥស្លាមនីមួយៗ នៅរាជធានីភ្នំពេញ រាល់ការនិយាយស្តី​ ការអប់រំ ការទូន្មាន​នានា គឺមានការប្រើប្រាស់ភាសាចាម្ប៍។ ប៉ុន្តែបច្ចុប្បន្ន សកម្មភាពទាំងនោះត្រូវបានជំនួសដោយភាសាខ្មែរ ខណៈ អក្សរចាម្ប៍ និងភាសាចាម្ប៍ មិនសូវទទួលការអភិរក្ស និងការសិក្សា ពីជនជាតិចាមផ្ទាល់ឡើយ។ 
 
នាឱកាសចូលរួមប្រារព្ធទិវានំប្រពៃណីចាម្ប៍នៅមជ្ឈមណ្ឌលបុប្ផាណា នាថ្ងៃទី១០ធ្នូ បុរសជនជាតិចាម្ប៍រូបនេះបានរៀបរាប់មកកាន់សារព័ត៌មានថ្មីៗ​យ៉ាងដូច្នេះ៖ «​មិនយូរមិនឆាប់អក្សរចាម្ប៍អាចនឹងត្រូវបាត់បង់ចេញពីពិភពលោកនេះ ​បើសិនគ្មានការថែរក្សា ពីព្រោះការថែរក្សាភាសាមួយ ឬអក្សរមួយ មិនមែនតាមការនិយាយតែមួយមុខទេ គឺត្រូវតាមរយៈការសិក្សា និង​ការអភិរក្ស»។ លោក សឡះ មិនចង់ឃើញអក្សរដែលជាកេរិ៍្តដំណែលបន្សល់ពីដូនតារបស់ខ្លួនរាប់ពាន់ឆ្នាំមុនបាត់បង់ពីពិភពលោកឡើយ។
 
ចំណែកលោក ឡឹប កើ ដែលជាអ្នកតស៊ូមតិ និងអ្នកជំនាញវប្បធម៌ចាម្ប៍ ក៏មានក្តីបារម្ភមិនខុសពីយុវជនខាងលើប៉ុន្មានដែរ។ លោក បានបញ្ចប់និក្ខេបបទថ្នាក់អនុបណ្ឌិតផ្នែកសូរសព្ទ និងសូរសព្ទ នៃភាសាចាម្ប៍នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។  និស្សិតដែលបន្តកំពុងសិក្សាថ្នាក់បណ្ឌិតនៅឯប្រទេសបារាំង​ បានមើលឃើញ ពីនិន្នាការបោះបង់ការនិយាយភាសាចាម្ប៍ នាពេលសព្វថ្ងៃ មានការកើនឡើងឱ្យកត់សម្គាល់។ 
 
លោក ឡឹប កើ ដែលជាអ្នកតស៊ូមតិ និងអ្នកជំនាញវប្បធម៌ចាម្ប៍ 

​លោក ឡឹប កើ បានបញ្ជាក់ថា អក្សរចាម្ប៍ គឺអក្សរ កៈ ខៈ ហើយបច្ចុប្បន្ន​នៅក្នុងការអប់រំ ការបង្ហាត់បង្រៀនភាសាដល់កូនសិស្សចាម្ប៍​ គឺត្រូវបានប្រើប្រាស់អក្សរអារ៉ាប់ ជាមួយអក្សរម៉ាឡេស៊ីទៅជាសំនៀងអក្សរចាម្ប៍​ និង ប្រើប្រាស់ភាសាខ្មែរ។​ 
 
«សព្វថ្ងៃនេះ មានអ្នកនិយាយភាសាចាម្ប៍ ដែលនិយមប្រើពាក្យកម្ចីច្រើនណាស់។ យើងពិបាករកអ្នកដែលនិយាយចាម្ប៍បែបជាចាម្ប៍សឹងតែលែងបានហើយ»។ នេះជាការលើកឡើងរបស់លោក ឡឹប កើ ដោយបានបន្ថែមថា៖ « បើនិយាយអំពីអ្នកប្រើអក្សរចាម្ប៍ទៀត គឺយើងអាចនិយាយបានថា វាស្ថិតក្នុងស្ថានភាពមិនល្អទេ។ ព្រោះក្នុងអំឡុង ឆ្នាំ២០១១ យើងមានកម្មវិធីសម្រាប់ជួយក្មេងៗចាម្ប៍ ឱ្យរៀនអាននិងសរសេរអក្សរចាម្ប៍។ តែស្ដាយណាស់កម្មវិធីនោះត្រូវបានបិទទៅហើយ»។
 
ដ្បិតថា មិនមានការសិក្សាស្រាវជ្រាវណាមួយជាក់លាក់ដែលបង្ហាញពីធា្លក់ចុះនូវអ្នកប្រើប្រាស់ភាសាចាម្ប៍ក៏ពិតមែន ក៏ប៉ុន្តែ លោក ឡឹប កើ អាចវាយតម្លៃថា​ ការធា្លក់ចុះនេះអាចបណ្តាលមកពី អ្នកដែលរៀនភាសាចាម្ប៍ពិបាករកការងារធ្វើ និងខ្វះគ្រូឯកទេសផ្នែកភាសាចាម្ប៍ រួមទាំងបញ្ហាប្រឈម នានា។ 
 
ជាមួយគ្នានេះ កញ្ញា ម៉ាត់ ម៉ៃសំ អ្នកតំណាងឱ្យយុវជនចាម្ប៍នៅកម្ពុជា មើលឃើញថា អ្នកដែលរៀនភាសាចាម្ប៍នាពេលបច្ចុប្បន្ន គឺសម្រាប់យកនៅក្នុងសហគមន៍ពួកគេប៉ុណ្ណោះ ហើយការរៀននោះក៏មិនមានឆ្លងកាត់នូវការបណ្តុះបណ្តាលពីគ្រូបង្រៀនជំនាញត្រឹមត្រូវ ឡើយ។ ទាំងនេះ ជាបញ្ហាដែលយុវជនខាងលើមានការព្រួយបារម្ភ ដែលទាមទារឱ្យជនជាតិចាម្ប៍គ្រប់រូប ចូលរួមថែរក្សា​ និងអភិរក្សភាសាកំណើតរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។ 
 


« អនាគតរបស់ភាសាចាម្ប៍ គឺស្ថិតក្នុងដៃរបស់ជនជាតិចាម្ប៍គ្រប់ៗរូប មិនមែនស្ថិតក្នុងដៃរបស់បុគ្គលណាឬក្រុមណាមួយផ្ដាច់មុខនោះទេ។ ភាសាចាម្ប៍ គួរប្រើអក្សរចាម្ប៍ មិនគួរប្រើអក្សរអារ៉ាប់ ឬអក្សរឡាតាំងមកជំនួសនោះទេ។  បើជនជាតិចាម្ប៍លែងត្រូវការវាប្រាកដណាស់ វានឹងរលាយ»។  លោក ឡឹប កើ បានលើកឡើងបែបនេះ។
 
លោក សុះ រ៉ហាន មន្រ្តីគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានកត់សម្គាល់​ឃើញ​ផងដែរថា ការ​ប្រើ​ប្រាស់​ភាសាចាម្ប៍ បាន​បាត់បង់​កាន់តែច្រើនទាំងការ​សរសេរ និង​ការនិយាយ សូម្បីតែការបង្ហោះនៅ​លើ​បណ្តាញសង្គម ៩០​ភាគរយប្រើ​ប្រាស់​ភាសាខ្មែរ។
 
លោកបន្ថែម៖« បច្ចុប្បន្ននេះ គឺមានតែចាស់ៗទេដែលនៅចាំភាសាចាម្ប៍ ប៉ុន្តែក្មេងៗ កុំ​ថាឡើយ​សរសេរ សូម្បីតែស្តាប់ក៏អត់បានដែរ។ ការ​រៀន​ដូចជា​មិនលំបាក​ឡើយ ប៉ុន្តែដោយសារតែតាម​តំបន់គេអត់​សូវប្រើ យូរៗអាចធ្វើឱ្យ​បាត់បង់»។
 
សូមបញ្ជាក់ថា ខ្មែរ-ឥស្លាម មិនមែនសុទ្ធតែជាជនជាតិចាម្ប៍ទាំងអស់ទេ។ ក្នុងពាក្យ ខ្មែរឥស្លាមនោះ គឺសំដៅដល់អ្នកកាន់សាសនាឥស្លាមនៅកម្ពុជា ដែលភាសាអារ៉ាប់ គេថា «មូស្លីម» ដែលក្នុងនោះមាន ជនជាតិចាម្ប៍ កូនចៅជ្វា កូនចៅម៉ាឡេស៊ី កូនចៅអារ៉ាប់ និងខ្មែរចូលសាសន៍ឥស្លាម។

© រក្សាសិទ្ធិដោយ thmeythmey.com