ជាតិ
មហាសន្និបាតតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ជាឱកាសផ្គូរផ្គងអ្នកជំនួញក្នុងនិងក្រៅប្រទេស
02, Jan 2024 , 10:19 am        
រូបភាព
ភ្នំពេញ៖ សភាយុវពាណិជ្ជករអ​ន្តរជាតិកម្ពុជា នឹងផ្គូរផ្គងអ្នកជំនួញក្នុងប្រទេស ជាមួយអ្នកជំនួយក្រៅប្រទេស នៅថ្ងៃមហាសន្និបាតតំបន់អាស៊ីនិងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤​។ នេះជាឱកាសដ៏សំខាន់មួយ ក្នុងការភ្ជាប់ទំនាក់ទំនងរវាងអ្នកជំនួញបរទេស ជាមួយអ្នកជំនួញក្នុងស្រុក ជាពិសេសជាឱកាសសម្រាប់អ្នកជំនួញវ័យក្មេង។



សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) នឹងរៀបចំមហាសន្និបាតតំបន់អាស៊ីនិងប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ នៅលើទឹកដីអង្គរខេត្តសៀមរាប ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។ 



ប្រធានគណៈកម្មាធិការរៀបចំមហាសន្និបាត កញ្ញា ដែក ដារី បានលើកឡើងថា អ្នកចូលរួមភាគច្រើន ជាអ្នកធ្វើការ និងជាអ្នកជំនួញ ដោយភាគច្រើន មានអាយុចាប់ពី១៨ឆ្នាំទៅ៤០ឆ្នាំ មកពីតំបន់ស្នូលសំខាន់ៗជាង១០ប្រទេស ក្នុងអាស៊ីប៉ាស៊ីហ្វិក។ ចំណែកភ្ញៀវដែលមកពីតំបន់ផ្សេងៗ ​ដូចជាពីតំបន់អាស៊ីអឺរ៉ុប និងអាហ្វឹកខ្លះផង អាចមកចូលរួមប្រហែល៥០ទៅ ៦០ ប្រទេស ដោយប្រទេសខ្លះមកចូលរួមពី២ទៅ៣នាក់។ 
 
«JCI មានរៀបចំព្រឹត្តិការណ៍អន្តរជាតិ នៅជុំវិញពិភពលោក ដូច្នេះសមាជិកបានទៅចូលរួមព្រឹត្តិការណ៍ទាំងនោះ។ ពួកគេភាគច្រើនគឺជាអ្នកដឹកនាំក្រុមហ៊ុន ឬអាជីវកម្ម»។ នេះជាការបញ្ជាក់ពីកញ្ញា ដារី។ 
 
ក្នុងរយៈពេល៤យប់និង៤ថ្ងៃ នៃការរៀបចំមហាសន្និបាតតំបន់អាស៊ីនិងប៉ាស៊ីហ្វិកនេះ មានកម្មវិធីគោលជាច្រើន ដូចជាការប្រជុំសភាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ការបណ្ដុះបណ្ដាល ភាពជាអ្នកដឹកនាំដល់សមាជិករបស់ JCI ដូចជាការទំនាក់ទំនង និងជំនាញជជែកវែកញែក​។ ការប្រកួតសហគ្រិនវ័យក្មេង ការប្រកួតតស៊ូមតិ និងការតាំងពិព័រណ៍ពេលរាត្រីជាដើម។ ក៏មានដែរកម្មវិធីសមាធិ ដែលកម្មវិធីនេះ មានតែនៅកម្ពុជាប៉ុណ្ណោះ។ កញ្ញា ដារី អះអាងថា មានប្រទេសមួយចំនួន ដែលមិនធ្លាប់ចាប់អារម្មណ៍ អំពីកម្មវិធីJCIកាលកន្លង ប៉ុន្តែនៅ​ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពួកគេចាប់អារម្មណ៍ចង់មកចូលរួមដែរ។



កញ្ញា ដារី បន្ថែម៖«យើងមានការអញ្ជើញ អ្នកធ្វើម្ហូបឆ្ងាញ់ៗ តាមតំបន់នីមួយៗ មកដាក់ស្ដង់ពិព័រណ៍រាត្រី​ ដែលភ្ញៀវអន្តរជាតិ អាចភ្លក់រសជាតិម្ហូបអាហារខ្មែរទាំងនោះបាន។ ក្រៅពីនោះមាន ស្ដង់របស់បរទេសប្រមាណ១០ប្រទេសទៀត ដែលមានម៉ុងហ្គោលី ជប៉ុន សិង្ហបុរី និងកូរ៉េ ជាដើម ក៏គេមានបង្ហាញពីម្ហូបរបស់គេ ការរាំ និងល្បែងកម្សាន្តជាដើម ដើម្បីបង្ហាញពីវប្បធម៌របស់ប្រទេសគេ។ កម្មវិធីសមាធិ ​យើងមានគ្រូបង្វឹក។ អ្នកចូលរួមនឹងដើរជុំវិញតំបន់អង្គរ។ ហើយពេលដើរនោះ គេមិនឱ្យនិយាយទេ ព្រោះដើម្បីធ្វើសមាធិ»។ 
 
បន្ថែមពីនោះក៏មានកម្មវិធី ចុះជួបប្រជាជនក្នុងភូមិបាគង ដើម្បីឱ្យសមាជិកJCI បានជួបសួរប្រជាជនក្នុងតំបន់ ពីកង្វល់ឬការចង់បានរបស់ពួកគេ ដែលអាចឱ្យអ្នកចូលរួមរកដំណោះស្រាយ ឬផ្ដល់គំនិតដល់អ្នកភូមិ ក្នុងការបង្កើតមុខរបរផ្ទាល់ខ្លួនដែរ។ កញ្ញា ដានី ថា​នេះជាការបង្កើតឱកាស ឱ្យអ្នកជំនួញក្រៅប្រទេស បានជួបជាមួយអ្នកភូមិផ្ទាល់។



អ្វីដែលប្រធានគណៈកម្មាធិការរៀបចំមហាសន្និបាត សង្កត់ធ្ងន់គឺកម្មវិធី ផ្គូរផ្គងពាណិជ្ជកម្ម រវាងកម្ពុជានិងអន្តរជាតិ។ កញ្ញាថា អ្នកជំនួញក្រៅប្រទេស ​ប្រមាណ៣០០នាក់ និងអ្នកជំនួញក្នុងប្រទេស ប្រមាណ២០០នាក់ នឹងបានស្គាល់គ្នា រួមទាំងស្វែងយល់ ពីសក្ដានុពលគ្នាទៅវិញទៅមក ដែលអាចឈានដល់ការចាប់ដៃគូគ្នា។ ជាមួយគ្នានេះ ប្រធានគណៈកម្មាធិការ រំពឹងទទួលបានចំណូល ប្រមាណ៣ទៅ៤លានដុល្លារ ពីមហាសន្និបាតនេះ។
 
កញ្ញា ដារី ពន្យល់៖«ប្រសិនមនុស្សម្នាក់ មកកម្មវិធីនេះ ចំណាយ១ពាន់ដុល្លារ សម្រាប់រយៈពេល៤យប់៤ថ្ងៃ យើងសង្ឃឹមថាកម្ពុជា នឹងទទួលបានចំណូលពី៣ ទៅ៤លានដុល្លារ។ ជាទូទៅពួកគាត់ចាយច្រើន យើងគិតថា យើងអាចទទួលចំណូលច្រើនជាងនេះផង។ នេះជាផ្នែកមួយ ទាក់ទាញភ្ញៀវទេសចរមកកម្ពុជាទាំងអំឡុងពេលធ្វើកម្មវិធី និងឆ្នាំក្រោយៗទៀត។ យើងក៏សង្ឃឹមថាកម្មវិធីនេះ អ្នកជំនួញវ័យក្មេងនឹងមានការអភិឌ្ឍខ្លួនឯងច្រើនដែរ»។ 
 
អ្វីដែលវិសេសមួយទៀត ដែលមហាសន្និបាតតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០២៤នឹងធ្វើ គឺការអញ្ជើញអ្នកមានបទពិសោធក្នុងវិស័យជំនួញ ទាំងជនជាតិខ្មែរ និងបរទេស មកចែករំលែកអំពីភាពជោគជ័យរបស់ពួកគេ ក្នុងការធ្វើជំនួញនៅកម្ពុជាផងដែរ។
 
សូមបញ្ជាក់ថា JCI ​មានសមាជិកប្រមាណ១៥ម៉ឺននាក់ មកពី១០៩ប្រទេស នៅជុំវិញពិភពលោក៕

Tag:
 អាជីវកម្ម
  ពាណិជ្ជកម្ម
  ពាណិជ្ជករ
  អន្តរជាតិ
  ជំនួញ
 សភាពាណិជ្ជករ
 
© រក្សាសិទ្ធិដោយ thmeythmey.com